(បរទេស)៖ នៅក្នុងប្រវត្តិសាស្រ្តអាមេរិក ប្រធានាធិបតី៤នាក់ ក្នុងចំណោមប្រធានាធិបតីទាំង៤៦រូប ត្រូវបានគេធ្វើឃាតបានសម្រេច និងជាច្រើនរូបទៀត បានគេចផុតពីការប៉ងធ្វើឃាត។ បច្ចុប្បន្នប្រធានាធិបតីទី៤៦របស់ប្រទេសមហាអំណាចមួយនេះ គឺលោក ចូ បៃដិន។ ខាងក្រោម គឺជាការរៀបរាប់ត្រួសអំពីប្រធានាធិបតីអាមេរិកទាំង៤រូប ដែលត្រូវបានគេធ្វើឃាត ពេលកំពុងកាន់អំណាច។
១៖ អាប្រាហាំ លីនខុន (Abraham Lincoln)
លោក Abraham Lincoln គឺជាប្រធានាធិបតីទី១៦ របស់សហរដ្ឋអាមេរិក អំលុងសម័យសង្រ្គាមស៊ីវិលរវាងសហរដ្ឋអាមេរិកភាគខាងជើង ហៅថា ដឹ ញូញៀន (The Union) និងសហរដ្ឋអាមេរិកភាគខាងត្បូង ហៅថា ដឹ ខុនហ្វេដឺរែត (The Confederate) ដែលដឹកនាំដោយឧត្ដមសេនីយ៍ រ៉ូបឺត អ៉ី លី (Robert E. Lee)។ លោក Abraham Lincoln ត្រូវបានធ្វើឃាត ដោយអ្នកគាំទ្ររដ្ឋាភិបាលសហរដ្ឋអាមេរិកភាគខាងត្បូងម្នាក់ នៅឯរោងល្ខោន ហ្វត សៀតធើ (Ford’s Theatre) ក្នុងរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី តែ៥ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិកភាគខាងត្បូងចុះចាញ់សង្រ្គាម ហើយសង្រ្គាមស៉ីវិល ដែលអូសបន្លាយពេល៤ឆ្នាំ (១៨៦១-១៨៦៥) ត្រូវបានបិទបញ្ចប់។
២៖ ជែម អេ ហ្កាហ្វៀល (James A. Garfield)
លោក James A. Garfield ជាប្រធានាធិបតីអាមេរិកទី២០។ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ១៨៨១ លោកត្រូវបានបុរសម្នាក់ បាញ់ប្រហារចំនួន២គ្រាប់ ចំដៃនិងខ្នង ពេលដើរចូលក្នុងស្ថានីយរថភ្លើង បាល់ទីម័រ-ប៉ូតូម៉ាក់ (Baltimore & Potomac Railroad Station) នៅរដ្ឋធានីវ៉ាស៉ីនតោនឌីស៉ី ក្នុងគោលដៅធ្វើដំណើរទៅកាន់ រដ្ឋ ម៉ាសាឈូសេត (Massachusetts) ដើម្បីថ្លែងសុន្ទរកថា នាឱកាសបុណ្យឯករាជ្យជាតិអាមេរិក។ លោក Garfield ទើបឡើងកាន់អំណាចបានត្រឹមតែ៤ខែ ប៉ុណ្ណោះ។ យ៉ាងណាមិញលោក Garfield មិនទាន់ស្លាប់ភ្លាមៗនៅពេលនោះទេ គឺ២ខែក្រោយការបាញ់ប្រហារ ទើបលោកទទួលមរណភាព ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ ដែលទំនងជាបណ្ដាលមកពីការធ្វេសប្រហែសរបស់គ្រូពេទ្យ ពេលព្យាយាមវះកាត់យកគ្រាប់កាំភ្លើង ចេញពីខ្នងលោក។
៣៖ វីលៀលម ម៉ាក់ឃីនលី (William McKinley)
លោក William McKinley ជាប្រធានាធិបតីទី២៥ របស់សហរដ្ឋអាមេរិក។ លោកត្រូវបានគេបាញ់ប្រហារចំពោះចំនួន២គ្រាប់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ១៩០១ ពេលចូលរួមក្នុងពិធីតាំងពិព័រណ៍ ភែនអាមេរិកាំង អិចស្ពោស៉ីសិន (Pan-American Exposition) ក្នុងទីក្រុងបឺហ្វាឡូ (Buffalo) នៃរដ្ឋញូយ៉ក (New York)។ លោក McKinley បានទទួលមរណភាពដោយសារ រងរបួសធ្ងន់ធ្ងរ នៅ៨ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៤ ខែកញ្ញា។
៤៖ ចន អេហ្វ ខិនណេឌី (John F. Kennedy)
លោក John F. Kennedy ជាប្រធានាធិបតីអាមេរិកទី៣៥ ដែលត្រូវបានគេធ្វើឃាតនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៦៣។ លោកត្រូវបានខ្មាន់កាំភ្លើងម្នាក់ បាញ់ប្រហារពេលជិះក្នុងរថយន្ដបើកដំបូលមួយគ្រឿងជាមួយភរិយា និងអភិបាលរដ្ឋតិចសាស់ (Texas) លោក ចន ខុនណាលី (John Connally) ក្នុងទីក្រុងដាឡាស់ (Dallas) នៃរដ្ឋតិចសាស់។ ខ្មាន់កាំភ្លើងបានបាញ់ប្រហារចំនួន ៣គ្រាប់ ចេញពីបង្អួចនៅជាន់ទី៦ នៃអគារមួយស្ថិតនៅក្បែរនោះ។ គ្រាប់កាំភ្លើង២គ្រាប់ ត្រូវចំក្បាលលោក Kennedy ធ្វើឱ្យលោកស្លាប់ភ្លាមៗ និងមួយគ្រាប់ទៀតត្រូវចំលោក Connally ប៉ុន្តែអភិបាលរដ្ឋតិចសាស់រូបនេះ បានរួចរស់ជីវិត៕