(បរទេស)៖ ដូចទៅនឹងប្រទេសជាច្រើនទៀតដែរ នៅក្នុងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក មានការកំណត់នូវនីតិវិធីនៃការស្នងអំណាច និងកាតព្វកិច្ចរបស់ប្រធានាធិបតី ក្នុងករណីអាសន្នណាមួយ ដែលប្រធានាធិបតីមិនអាចបំពេញភារកិច្ចបាន, បាត់បង់ជីវិត, លាលែងពីតំណែង ឬក៏ត្រូវគេបោះឆ្នោតទម្លាក់ពីអំណាច។ ការកំណត់បែបនេះ គឺជារឿងដ៏ចាំបាច់បំផុតមួយ ដើម្បីធានាថា អាមេរិកនៅតែអាចមានមេដឹកនាំជានិច្ច ទោះក្នុងកាលៈទេសៈណាក៏ដោយ។
យោងតាមច្បាប់ស្តីពីការបន្តវេនប្រធានាធិបតីអាមេរិក បុគ្គលដែលនៅជួរដំបូងគេបង្អស់ប្រាកដណាស់គឺ «អនុប្រធានាធិបតី»។ ក៏ប៉ុន្តែក្នុងករណីដែល ពេលនោះតំណែងអនុប្រធានាធិបតីមិនមានអ្នកកាន់ ឬអនុប្រធានាធិបតីក៏ស្ថិតក្នុងសភាពដូចប្រធានាធិបតីដែរ គឺមិនអាចបំពេញភារកិច្ចបាន, បាត់បង់ជីវិត ឬលាលែងពីតំណែង តំណែងប្រធានាធិបតីអាមេរិក ត្រូវធ្លាក់ទៅដល់បុគ្គលបន្តបន្ទាប់ទៀត រួមមានដូចជា ប្រធានសភាតំណាងរាស្រ្ត, ប្រធានស្តីទីព្រឹទ្ធសភា (ប្រធានព្រឹទ្ធសភា គឺអនុប្រធានាធិបតី) និងបណ្តារដ្ឋមន្រ្តីនៅក្នុងជួរគណៈរដ្ឋមន្រ្តី ដោយរដ្ឋមន្រ្តីការបរទេសនៅលេខរៀងទី១។ យ៉ាងណាក្តី បុគ្គលនៅហួសពីអនុប្រធានាធិបតី មិនអាចក្លាយជាប្រធានាធិបតីតែម្តងឡើយ គឺពួកគេគ្រាន់តែអាចកាន់តំណែងនេះ ជាបណ្តោះអាសន្ន។
ជាទូទៅបុគ្គលដែលមានឈ្មោះក្នុងបញ្ជីបន្តវេននេះ ពុំត្រូវអនុញ្ញាតឲ្យប្រមូលផ្តុំគ្នានៅកន្លែងតែមួយ ក្នុងពេលព្រមគ្នាឡើយ។ តួយ៉ាងកំឡុង ព្រឹត្តិការណ៍រដ្ឋាភិបាលធំៗ ដូចជាការថ្លែងសារក្នុងសភាជាតិ State of the Union Address និងការស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី ជាដើម គឺត្រូវមានយ៉ាងហោចម្នាក់អវត្តមាន។ មួយវិញទៀត ក្នុងករណីដែលមានការវាយប្រហារធ្ងន់ធ្ងរផ្សេងៗ បុគ្គលទាំងនេះសុទ្ធតែត្រូវជម្លៀស ទៅកាន់ទីសុវត្ថិភាពភ្លាមៗ ជាពិសេសគឺអនុប្រធានាធិបតី។
មកទល់ពេលនេះ អំណាចនិងកាតព្វកិច្ចប្រធានាធិបតីអាមេរិក ពុំធ្លាប់ធ្លាក់ហួសពីអនុប្រធានាធិបតីឡើយ។ អនុប្រធានាធិបតីអាមេរិកចំនួន៩នាក់ ធ្លាប់ឡើងបន្តវេនជាប្រធានាធិបតីតាមរបៀបនេះ ក្នុងនោះ៨នាក់រួមមានលោក ចន ថៃឡឺ (John Tyler), លោក មីឡាដ ហ្វៀលម័រ (Millard Fillmore), លោក អាន់ឌ្រូ ចនសុន (Andrew Johnson), លោក ឆេស្ទើ អេ អាតសឺ (Chester A. Arthur), លោក សៀឌ័រ រូស្វ៊ែល (Theodore Roosevelt), លោក ខាន់វីន ឃូលីជ (Calvin Coolidge), ហារី អេស ទ្រូមែន (Harry S. Truman) និងលោក លីនដុន ប៊ី ចនសុន (Lyndon B. Johnson) បានឡើងក្រោយប្រធានាធិបតីទទួលមរណភាព ឬត្រូវគេធ្វើឃាត ខណៈម្នាក់ទៀតគឺលោក ចឺរ៉ាល់ ហ្វដ (Gerald Ford) បានឡើងក្រោយប្រធានាធិបតីលាលែងពីតំណែង៕