(បរទេស)៖ អ្នកប្រាជ្ញ ឬទស្សនវិទូ មិនមែនជាក្រុមមនុស្សធម្មតា ដូចមនុស្សដែលនៅជុំវិញយើងឡើយ និយាយដោយឡែកទស្សនវិទូមួយចំនួនមានទម្លាប់ចម្លែកៗ ទៅតាមធម្មជាតិរបស់ពួកគេ។ មានការលើកឡើងថា ទម្លាប់ចម្លែកៗនោះធ្វើឲ្យពួគគេធ្វើការងារបានល្អ និងរកឃើញអ្វីៗដែលពិសេសជាដើម។
Fresh News Plus សូមចែករំលែកពីអ្នកប្រាជ្ញមួយចំនួន ដែលមានទម្លាប់ខុសពីមនុស្សធម្មតា ត្រូវបានគេចារទុកក្នុងប្រវត្តិសាស្ត្រ ដូចខាងក្រោម៖
១៖ ស៉ីហ្គម៉ុន ហ្វ្រូដ (Sigmund Freud)
លោក ស៉ីហ្គម៉ុន ហ្វ្រូដ គឺជាអ្នកប្រាជ្ញជនជាតិអូស្ត្រាលី កើតនៅឆ្នាំ១៨៥៦ និងស្លាប់ទៅវិញនៅឆ្នាំ១៩៣៩។ ស្របពេលដែលមនុស្សជាច្រើនស្គាល់ថា ហ្វូដ ជាបិតាផ្នែកវិភាគពីគំនិតមនុស្ស (មនោវិទូ), លោកក៏ជាអ្នកប្រាជ្ញ ដែលបានសរសេរសៀវភៅ ស្តីពីការងារទស្សនវិជ្ជាផងដែរ។ លោកគិតថា ពេលវេលាពិតជាមានតម្លៃណាស់ រហូតដល់ថ្នាក់គាត់មិនចង់ចំណាយពេលដុសធ្មេញ ហើយប្រការនេះធ្វើឲ្យប្រពន្ធរបស់លោក ជាអ្នកច្របាច់ថ្នាំដុសធ្មេញដាក់លើច្រាសដុសធ្មេញឲ្យលោកជារៀងរាល់ព្រឹក។ នេះបង្ហាញថា លោកមិនបានចំណាយពេលវេលាចោល ដោយឥតប្រយោជន៍បានមួយផ្នែកដែរ។
២៖ អេម៉ាញូអែល ខេន (Emmanuel Kant)
លោក អេម៉ាញូអែល ខេន គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៧២៤ និងស្លាប់ទៅវិញនៅឆ្នាំ១៨០៤។ ខេន មានទម្លាប់ចម្លែកពេញមួយជីវិតរបស់លោកតែម្តង។ លោក ក្រោកពីដំណេកនៅវេលាម៉ោង៥ព្រឹករួចហូបតែនិងជក់ខ្សៀ។ បន្ទាប់មកលោកធ្វើការរហូតដល់ម៉ោង៧ព្រឹក រួចទៅបង្រៀនសិស្សរហូតដល់ម៉ោង១១ព្រឹក និងសរសេរសៀវភៅ ហើយហូបអាហារថ្ងៃត្រង់នៅវេលាម៉ោង ១រសៀល។ ជារៀងរាល់ថ្ងៃបន្ទាប់ពីអាហារថ្ងៃត្រង់ លោកចំណាយពេល១ម៉ោង ដើររហូតមិនឈប់ឡើយ។ ក្រោយមកទៀត លោកអានសៀវភៅ រហូតដល់ម៉ោង១០យប់ ទើបលោកចូលដំណេក។ នេះជាជីវិតរបស់អ្នកប្រាជ្ញរូបនេះ អំឡុងរយៈពេល២០ឆ្នាំចុងក្រោយ នៃជីវិតរបស់លោក។
៣៖ ហ្វ្រីឌ្រីច នីតឆឹះ (Friedrich Nietzsche)
លោក ហ្វ្រីឌ្រីច នីតឆឹះ គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៨៤៤ និងស្លាប់ទៅវិញនៅឆ្នាំ១៩០០។ ក្នុងជីវប្រវត្តិរបស់ នីតឆឹះ បានកត់ត្រាទុកថា លោកជាមនុស្សម្នាក់ ដែលរៀបចំកាលវិភាគសម្រាប់ខ្លួនឯង ដោយតឹងតែងបំផុត ប៉ុន្តែឯកជនភាពគឺជាអាទិភាពសម្រាប់ជីវិតលោក។ និយាយដោយឡែករឿងផ្ទាល់ខ្លួនលោក មិនសូវឲ្យនរណាដឹងឡើយ។ បន្ថែមលើនេះជាទូទៅលោកហូបផ្លែឈើច្រើនណាស់ នៅពេលលោកហូបអាហារថ្ងៃត្រង់ ដែលនេះធ្វើឲ្យគាត់មានបញ្ហាក្រពះពេញមួយជីវិតតែម្តង។
៤៖ ហ្វ្រីឌ្រីច ស្គីលឡឺ (Friedrich Schiller)
លោក ហ្វ្រីឌ្រីច ស្គីលឡឺ គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៧៥៩ និងស្លាប់ទៅវិញនៅឆ្នាំ១៨០៥។ ស្គីលឡឺ គឺជាកវីខាងកំណាព្យមួយរូប ដែលចូលចិត្តហិតក្លិនផ្លែប៉ោមស្អុយ។ លោកគឺសហកាលិករបស់លោក ចូហាន់ វុលហ្គាំង វ៉ុន ហ្គូតថេ (Johann Wolfgang von Geothe) ដែលជាអ្នកតែងកំណាព្យដូចគ្នា និងជាទស្សនវិទូផង។ ថ្ងៃមួយ ហ្គូតថេ ទៅលេងផ្ទះ ស្គីលឡឺ ដោយរកមិនឃើញគាត់ក៏អង្គុយហើយសរសេរកំណាព្យ។ ប៉ុន្តែមានក្លិនស្អុយយ៉ាងខ្លាំងនៅក្នុងបន្ទប់របស់ ស្គីលឡឺ ដែលធ្វើឲ្យហ្គូតថេ មិនអាចទ្រាំបាននឹងក្លិន ស្អុយនេះឡើយ។ ហ្គូតថេ ឃើញគំនរផ្លែប៉ោមស្អុយរលួយជាច្រើននៅក្នុងថតតុ ហើយគាត់បានឃើញស្គីលឡឺ ដើរចូលមកនឹងសួរពីមូលហេតុ ដែលមានផ្លែប៉ោមស្អុយរលួយ ជាច្រើនបែបនេះ។ ស្គីលឡឺ ឆ្លើយថា នោះជាគំនរផ្លែប៉ោមស្អុយ ដែលលោករៀបចំឲ្យមានបែបនោះ ព្រោះពេលលោកធុំក្លិនផ្លែប៉ោមស្អុយ ធ្វើឲ្យគាត់សរសេរកំណាព្យបានល្អ។
៥៖ កាល់ ម៉ាក្ស (Karl Marx)
លោក កាល់ ម៉ាក្ស គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៨១៨ និងស្លាប់ទៅវិញនៅឆ្នាំ១៨៨៣។ បញ្ហាដ៏ធំបំផុតរបស់លោក កាល់ ម៉ាក្ស គឺថាលោកតែងតែបណ្តោយខ្លួនឲ្យខកការងារជាច្រើន នៅពេលលោកកំពុងសរសេរពីអ្វីមួយ។ ជំនួសពីការអង្គុយ និងសរសេរនោះ, កាល់ ម៉ាក្ស តែងតែឈរ និងដើរចុះដើរឡើង យ៉ាងតក់ក្រហល់បំផុត រហូតដល់លោករកគំនិតថ្មីដើម្បីបន្តការសរសេរ។ ពេលរកឃើញគំនិតថ្មីនោះ លោកអង្គុយចុះហើយបន្តការសរសេរពីគំនិតនោះដោយសង្ខេបៗ បន្ទាប់មកលោកលោតកញ្ឆក់កញ្ឆេង និងដើរសារជាថ្មីទៀត ដើម្បីរកគំនិតក្នុងការសរសេរ។
៦៖ វ៉ុលទែរ (Voltaire)
លោក វ៉ុលទែរ គឺជាអ្នកប្រាជ្ញជនជាតិបារាំង កើតនៅឆ្នាំ១៦៩៤ និងស្លាប់ទៅវិញនៅឆ្នាំ១៧៧៨។ វ៉ុលទែរ មានទម្លាប់ម្យ៉ាង គឺចូលចិត្តហូបកាហ្វេណាស់។ ប៉ុន្តែការហូបកាហ្វេរបស់លោក ខុសប្លែកពីមនុស្សម្នាយើងកាន់តែឆ្ងាយទៅទៀត និយាយឲ្យងាយយល់ លោកហូបកាហ្វេ រវាង២០ ទៅ៤០ពែងឯណោះក្នុងមួយថ្ងៃៗ។
៧៖ ចច វីលហេម ហ្វ្រីឌ្រីច ហេហ្គល (Georg Wilhelm Friedrich Hegel)
លោក ចច វីលហេម ហ្វ្រីឌ្រីច ហេហ្គល គឺជាអ្នកប្រាជ្ញជនជាតិអាល្លឺម៉ង់ កើតនៅឆ្នាំ១៧៧០ និងស្លាប់ទៅវិញនៅឆ្នាំ១៨៣១។ ហេហ្គល អាចធ្វើការងារ ការសរសេរតែងនិពន្ធបាននៅពេលណា ដែលមានស្ថានភាពល្អតែប៉ុណ្ណោះ។ នៅពេលលោកតែងនិពន្ធអ្វីមួយនៅផ្ទះ លោកតែងតែពាក់អាវសម្រាប់គេង និងមួកកន្តឹបប៉េរ៉េពណ៌ខ្មៅ។ ជាការពិតណាស់ លោកតែងតែធ្វើបែបនេះ ហើយលោកនឹងមិនសរសេរអ្វីទាំងអស់ បើលោកមិនបានធ្វើតាមទម្លាប់ចម្លែកមួយនេះ។
៨៖ អាតសឺ សូផេនហោវអឺ (Arthur Schopenhauer)
លោក អាតសឺ សូផេនហោវអឺ គឺជាអ្នកប្រាជ្ញជនជាតិអាឡឺម៉ង់ កើតនៅឆ្នាំ១៧៨៨ និងស្លាប់ទៅវិញនៅឆ្នាំ១៨៦០។ ជីវិតរបស់អ្នកប្រាជ្ញ សូផេនហោវអឺ ពិតជាពិបាកយល់ណាស់។ លោកចូលចិត្តធ្វើជាមនុស្ស ដែលអត់មានផ្ទះនៅ (Homeless) និងមិនចូលចិត្តមានទំនាក់ទំនងជាមួយអ្នកផ្សេងឡើយ។ លោកចូលចិត្តបង្កើតមិត្តភាពជាមួយសត្វឆ្កែ ឬនិយាយដោយងាយយល់លោកចូលចិត្តចិញ្ចឹមសត្វឆ្កែ ដើម្បីយកមករាប់អានធ្វើជាមិត្តសម្លាញ់។ ឆ្កែមួយក្បាលងាប់លោកចិញ្ចឹមឆ្កែមួយក្បាលទៀត គឺលោកតែងតែបំពេញចិត្តខ្លួនឯង ដោយតម្រូវឲ្យមានឆ្កែមួយក្បាលនៅក្បែរខ្លួនជានិច្ច។ គ្រប់ឆ្កែទាំងអស់ ដែលលោកចិញ្ចឹមតែងតែដាក់ឈ្មោះថា Atma (មានន័យថា ដួងព្រលឹង)។
៩៖ ឡេអូ ណាដូ ដា វីនស៉ី (Leonardo Da Vinci)
លោក ឡេអូ ណាដូ ដា វីនស៉ី គឺជាអ្នកប្រាជ្ញជនជាតិអ៉ីតាលី កើតនៅឆ្នាំ១៤៥២ និងស្លាប់ទៅវិញនៅឆ្នាំ១៥១៩។ បើតាមប្រវត្តិសាស្ត្របានកត់ត្រាថា លោកមិនត្រឹមតែជាទស្សនវិទូទេ តែលោកក៏ជាអ្នកនិពន្ធ និងអ្នកច្នៃប្រឌិតផងដែរ។ អ្នកប្រាជ្ញរូបនេះមិនទទួលទានដំណេកយប់ឡើយ ប៉ុន្តែបែរជាគេងម្តងត្រឹមតែ២០នាទីប៉ុណ្ណោះរៀងរាល់៤ម៉ោងម្តង។ ការទទួលទានដំណេកបែបនេះ ត្រូវបានគេឲ្យឈ្មោះថា វដ្តនៃការទទួលទានដំណេកបែប Polyphasic (Polyphasic sleep cycle)។
១០៖ អារីស្តូត (Aristotle)
លោក អារីស្តូត គឺជាអ្នកប្រាជ្ញជនជាតិក្រិក កើតនៅឆ្នាំ៣៨៤ និងស្លាប់ទៅវិញនៅឆ្នាំ៣២២ មុនគ្រិស្តសករាជ។ លោកគឺជាគ្រូរបស់ព្រះចៅអាឡិចសង់ ដែលធ្វើសង្គ្រាមឈ្នះសឹងគ្រប់សមរភូមិ កាលពីអតីតកាល។ ទម្លាប់របស់ អារីស្តូត គឺចូលចិត្តកាត់បន្ថយម៉ោងសម្រាក និងអានសៀវភៅដល់ពាក់កណ្តាលអាធ្រាត្រ។ នៅពេលលោកអានសៀវភៅដល់ពាក់កណ្តាលអាធ្រាត្រ លោកមានវិធីសម្រាប់ដាស់ខ្លួនឯងឲ្យក្រោក ដោយលោកកាន់កាក់មួយនៅក្នុងដៃ។ ពេលលោកងងុយដេក កាក់នោះនឹងធ្លាក់ពីដៃរបស់លោក និងបានធ្វើឲ្យលោកភ្ញាក់ពីដំណេកវិញ ហើយបន្តការអានសៀវភៅ រហូតដល់ទ្រាំលែងបានទើបចូលដំណេក។ មានការកត់ត្រាថា ទម្លាប់បែបនេះធ្វើឲ្យអារីស្តូតមានជំងឺក្រពះជាប្រចាំ ហើយលោកស្លាប់ក៏ដោយសារជំងឺក្រពះនេះឯង៕