(បរទេស)៖ ទីស្នាក់ការរបស់ក្រសួងការពារជាតិអាមេរិកគឺ «មន្ទីរបញ្ចកោណ (Pentagon)» ដែលមានមូលដ្ឋាននៅក្នុងរដ្ឋវើជីនៀ (Virginia)។ ឈ្មោះ Pentagon នេះ គឺដោយសារអគារទីស្នាក់ការរបស់ក្រសួងការពារជាតិអាមេរិក មានរាងជាបញ្ចកោណ៥ជ្រុង។ ជាមួយទីធ្លាការិយាល័យ ទំហំជាង៥៥ហិកតា មន្ទីរបញ្ចកោណបានជាប់ចំណាត់ថ្នាក់ ជាអគាររដ្ឋាភិបាលដ៏ធំ និងមានរូបរាងពិសេសប្លែកបំផុតមួយ នៅលើពិភពលោក។
កំឡុងព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ គឺត្រូវនឹង៦០ឆ្នាំគត់តែម្តង ក្រោយមន្ទីរបញ្ចកោណ ត្រូវបានចាប់ផ្តើមសាងសង់ឡើង វាត្រូវយន្តហោះដឹកអ្នកដំណើរទី៣ ដែលត្រូវក្រុមភេរវករប្លន់បាន បានហោះទៅបំបុក ដែលបណ្តាលឲ្យមនុស្សជាច្រើននាក់ស្លាប់និងរបួស ហើយបង្កការខូចខាតលើជ្រុងម្ខាងរបស់អគារ។ បើនិយាយអំពីប្រវត្តិមន្ទីរបញ្ចកោណ គឺវាបានចាប់ផ្តើមកាលពីសម័យសង្រ្គាមលោកលើកទី២។
* ក្រសួងកិច្ចការសង្រ្គាមអាមេរិក ចង់បានទីស្នាក់ការរួមធំមួយ
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ១៩៤១ គឺបីសប្តាហ៍បន្ទាប់ពីអាល្លឺម៉ង់ធ្វើសកម្មភាពវាយប្រហារទៅលើសហភាពសូវៀត ប្រធានាធិបតីអាមេរិក លោក ហ្វ្រាំងឃ្លីន ឌី រូស្វែល (Franklin D. Roosevelt) ក៏បានប្រកាសអាសន្នថ្នាក់ជាតិ នៅសហរដ្ឋអាមេរិក។ ពេលនោះសង្រ្គាមលោកលើកទី២ កំពុងតែស្ថិតនៅដំណាក់កាលក្តៅគគុក ហើយកងទ័ពអាល្លឺម៉ង់របស់អ៉ីត្លែរ បានកាន់កាប់មួយចំណែកធំនៃទ្វីបអឺរ៉ុប។
ស្របពេលជាមួយគ្នា ទំហំក្រសួងកិច្ចការសង្រ្គាមអាមេរិកបានរីកធំយ៉ាងឆាប់រហ័ស ដោយមានបុគ្គលិកចំនួន២៤,០០០នាក់ ប៉ុន្តែមិននៅប្រមូលផ្តុំក្នុងកន្លែងតែមួយឡើយ គឺនៅរាយប៉ាយតាមអគារសរុប១៧កន្លែង នៅក្នុងរដ្ឋធានីវ៉ាស៉ីនតោន ហើយចំនួនបុគ្គលិកនេះ ត្រូវគេរំពឹងថា នឹងកើនដល់៣០,០០០នាក់ នៅឆ្នាំ១៩៤២។
លោក Roosevelt បានផ្តល់ការអនុញ្ញាតដោយផ្ទាល់ ចំពោះការសាងសង់ទីស្នាក់ការសម្រាប់ ក្រសួងកិច្ចការសង្រ្គាមអាមេរិក នៅជាប់ផ្លូវលេខ២១ ក្នុងតំបន់ ហ្វូហ្គី បូថុម (Foggy Bottom) នៃរដ្ឋធានីវ៉ាស៉ីនតោន។ យ៉ាងណាមិញ ក្នុងកំឡុងការសាងសង់ អគារនេះត្រូវគេមើលឃើញថា មានទំហំហាក់តូចខ្លាំងពេក។ អគារដែលត្រូវបានសាងសង់ឡើងដំបូង ក្រោមគោលបំណង សម្រាប់បម្រើជាទីស្នាក់ការរបស់ក្រសួងកិច្ចការសង្រ្គាម ក៏បានក្លាយទៅជាទីស្នាក់ការរបស់ក្រសួងការបរទេសអាមេរិកវិញ នៅឆ្នាំ១៩៤៧។
បន្ទាប់មកប្រមុខកងទ័ពជើងគោកអាមេរិក លោក ចច ស៉ី ម៉ាសល (George C. Marshall) ក៏បានពឹងលោក ប្រេហូន ប៊ី សុំមើវែល (Brehon B. Somervell) ប្រធានអង្គភាពវិស្វកម្មរបស់កងទ័ពជើងគោកអាមេរិក ឲ្យជួយស្វែងរកដំណោះស្រាយ។ លោក Somervell បានដាក់សំណើថា វានឹងជាទីស្នាក់ការដែលធំអាចផ្ទុកមនុស្សបានរហូតដល់ ៤០,០០០នាក់។ អគារធំបែបនេះ មិនអាចសាងសង់ក្នុងទីក្រុងវ៉ាស៉ីនតោនបានទេ ហេតុដូច្នេះលោក Somervell បានជ្រើសរើសយកទីតាំងមួយ នៅជាយទីក្រុងវ៉ាស៉ីនតោន ក្បែរទន្លេ ប៉ូតូម៉ាក (Potomac) ក្នុងរដ្ឋ Virginia ហៅថា អាលីងតោន ហ្វាម (Arlington Farm)។
* ការរចនារូបរាង
នៅពេលប្រធានស្ថាបត្យកររបស់លោក Somervell គឺលោក ជី អេដវីន បឺហ្គស្ទោម (G. Edwin Bergstrom) រចនារូបរាងអគារទីស្នាក់ការនោះ គឺលោកត្រូវបានបង្ខំឲ្យប្រើរូបរាងបញ្ចកោណ (៥ជ្រុង) ប៉ុន្តែជ្រុងម្ខាងៗមានប្រវែងមិនស្មើគ្នាទេ។ ដោយសារតែទីតាំងនៃដងវិថី ដែលនៅជុំវិញទីនោះស្រាប់ ទើបលោកត្រូវប្រើរូបរាងប្លែកបែបនេះ។ ម៉្យាងវិញទៀតលោក Somervell ក៏បានកំណត់ដែរថា អគារនោះមិនអាចមានកម្ពស់លើស៥ជាន់ឡើយ គឺដើម្បីសន្សំសំចៃដែកថែប ដែលមានសារៈសំខាន់ជាខ្លាំង ក្នុងសម័យសង្រ្គាម និងដើម្បីកុំឲ្យវាខ្ពស់ពេក ដែលប៉ះពាល់ដល់ទិដ្ឋភាពនៃទីក្រុងវ៉ាស៉ីនតោន ព្រោះរដ្ឋធានីអាមេរិក មិនមានអគារខ្ពស់ៗខ្លាំងឡើយ។
ខណៈសភាតំណាងរាស្រ្ត និងព្រឹទ្ធសភាអាមេរិក បានអនុម័តយល់ព្រមចំពោះគម្រោងសាងសង់នេះ ភាពចម្រូងចម្រាស់ក៏បានកើតឡើង ជុំវិញទំហំដ៏ធំរបស់អគារព្រមទាំងទីតាំងរបស់វា ដែលស្ថិតនៅកៀកនឹងទីលានបញ្ចុះសព អាលីងតោន ណាសិនណាល់ ស៉ីម៉េថឺរី (Arlington National Cemetery)។ ដោយសារតែមានការតវ៉ាខ្លាំង ប្រធានាធិបតី Roosevelt បានប្រកាសផ្លាស់ប្តូរកន្លែងសាងសង់ ចេញទៅចម្ងាយជាងមួយគីឡូម៉ែត្រ ភាគខាងត្បូងទីតាំង Arlington Farm វិញ ជាប់អតីតព្រលានយន្តហោះ វ៉ាស៉ីនតោន-ហ៊ូវើ (Washington-Hoover)។ លោក Roosevelt ក៏បានបង្គាប់ឲ្យលោក Somervell បន្ថយទំហំអគារផងដែរ។
ទោះបីជាទីតាំងថ្មីដែលហៅថា ហ៊ែល បូថុម (Hell's Bottom) លែងតម្រូវឲ្យសង់ក្នុងរូបរាងបញ្ចកោណទៀតក៏ដោយក្តី ព្រោះតែពេលវេលាខើចខ្លី អ្វីៗក៏បានបន្តទៅមុខតាមការគ្រោងទុកដដែល តែក្រុមស្ថាបត្យករដឹកនាំដោយលោក Bergstrom បានកែសម្រួលជ្រុងទាំង៥របស់អគារឲ្យមានប្រវែងស្មើៗគ្នា។ រាងបញ្ចកោណនេះ ក៏ផ្តល់អត្ថប្រយោជន៍មួយចំនួនដែរ គឺវាជួយឲ្យការធ្វើដំណើរទៅមកក្នុងអគារប្រើពេលតិច ជាងអគាររាងចតុកោណកែង ហើយងាយស្រួលសង់ជាងអគាររាងរង្វង់។ រូបរាងបញ្ចកោណនេះ ក៏រំលឹកពីរូបរាងបន្ទាយទ័ពកាលពីសម័យមុនៗ ដូចជាជំនាន់សង្រ្គាមស៉ីវិលអាមេរិកថែមទៀតផង។
* ការចាប់ផ្តើមសាងសង់មន្ទីរបញ្ចកោណ
ដំណើរការសាងសង់មន្ទីរបញ្ចកោណ ដែលមានឈ្មោះតាមរូបរាងរបស់វា បានចាប់ផ្តើមឡើងនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ១៩៤១។ នៅខែធ្នូ ឆ្នាំ១៩៤១ មានកម្មករសរុប ៣,០០០នាក់ ធ្វើការនៅការដ្ឋានសាងសង់ ប៉ុន្តែអ្វីៗគឺនៅតែយឺតមិនទាន់កាលវិភាគដដែល។ នៅពេលជប៉ុនវាយប្រហារកំពង់ផែ ភើល ហាបឺ (Pearl Harbor) នាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ១៩៤១ លោក Somervell ក៏ទទួលបានសិទ្ធិទូលំទូលាយខ្លាំងជាងមុន ដើម្បីពន្លឿនគម្រោងរបស់លោក ដោយមានកម្មករធ្វើការរហូតដល់ខ្ទង់ម៉ឺននាក់។
ក្រុមបុគ្គលិកដំបូងបានផ្លាស់ចូលទៅកាន់មន្ទីរបញ្ចកោណ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤២ ហើយអគារនេះ ត្រូវបានសម្ពោធបើកជាផ្លូវការនៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៤៣។ ទំហំកញ្ចប់ថវិកាសម្រាប់ការសាងសង់ ដែលលោក Somervell បានស្នើពីដំបូងត្រឹម៣៥លានដុល្លារ បានកើនដល់ខ្ទង់៨០លានដុល្លារ ខណៈមានការអះអាងថា វាអាចខ្ពស់ជាងនេះទៅទៀត។
* មន្ទីរបញ្ចកោណក្រោយសង្រ្គាមលោក
បន្ទាប់ពីសង្រ្គាមលោកលើកទីពីរបានបញ្ចប់ទៅ ក្រសួងកិច្ចការសង្រ្គាមអាមេរិក បានប្រែទៅជាក្រសួងការពារជាតិ ដោយមានលោក ជែម ហ្វ័ររ៉េសស្តាល់ (James Forrestal) ជារដ្ឋមន្រ្តីការពារជាតិដំបូងបំផុតរបស់អាមេរិក ក្រោមរដ្ឋបាលប្រធានាធិបតី ហារី ទ្រូម៉ាន់ (Harry Truman)។ មកដល់ឆ្នាំ១៩៩៤ សភាអាមេរិកបានអនុម័តកញ្ចប់ថវិកាទំហំជាង ១ពាន់លានដុល្លារ សម្រាប់ការកែកុនមន្ទីរបញ្ចកោណឲ្យថ្មីឡើងវិញ ហើយរហូតដល់ឆ្នាំ២០០១ ទើបកិច្ចការងារនេះ បានឈានដល់ដំណាក់កាលចុងក្រោយ។
នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ មិនយូរប៉ុន្មានក្រោយអគារភ្លោះ វើលត្រេដ សិនធើ (World Trade Center) នៅទីក្រុងញូយ៉កស៉ីធី (New York) ត្រូវយន្តហោះបុក ជើងហោះហើរលេខ៧៧ របស់អាកាសចរណ៍ American Airlines ក៏បានហោះទៅបំបុក ជ្រុងម្ខាងរបស់មន្ទីរបញ្ចកោណ។ ហេតុការណ៍នោះបានបង្កជាគ្រោះអគ្គីភ័យ ដែលឆាបឆេះរយៈពេល ៣៦ម៉ោង ហើយមនុស្សសរុប ១៨៩នាក់បានបាត់បង់ជីវិត ក្នុងនោះ ១៣៥នាក់ជាបុគ្គលិករបស់មន្ទីរបញ្ចកោណផ្ទាល់ និង ៦៤នាក់ជាមនុស្សនៅលើយន្តហោះ រួមមានទាំងក្រុមភេរវករ៥នាក់ ដែលជាអ្នកប្លន់យន្តហោះផងដែរ។
គួរជម្រាបថា គម្រោងជួសជុលនិងកែកុនហៅថា ហ្វីនិច ប្រូជិច (Phoenix Project) ដែលមានទំហំថវិកាចាប់ផ្តើម៥០០លានដុល្លារ បានប្រព្រឹត្តទៅនៅដើមខែតុលា ឆ្នាំ២០០១ ហើយបញ្ចប់រួចរាល់ជាស្ថាពរនៅខែកុម្ភៈ ឆ្នាំ២០០៣ ជាមួយការចំណាយសរុបកើនឡើងរហូតដល់ប្រមាណ ៥ពាន់លានដុល្លារ។ កំឡុងការជួសជុលកែកុននោះ កន្លែងទីបញ្ជាការរបស់មន្ទីរបញ្ចកោណ ត្រូវបានផ្លាស់ទៅនៅជាន់ក្រោមដី៕