(បរទេស)៖ «ខាមីខាស (Kamikaze)» គឺជាក្រុមអាកាសយានិកជប៉ុន ដែលប្តេជ្ញាពលីជីវិតជូនព្រះចៅអធិរាជជប៉ុន តាមរយៈការបញ្ជាយន្តហោះទៅ បំបុកនាវារបស់សហរដ្ឋអាមេរិក កាលពីអំឡុងដំណាក់កាលចុងក្រោយនៃសង្រ្គាមលោកលើកទីពីរ នៅឯខាងតំបន់ប៉ាស៉ីហ្វិក។
ពាក្យ Kamikaze នេះ មានន័យថា «ព្យុះព្រះអាទិទេព»។ វាសំដៅលើព្យុះទីហ្វុង ដែលបានធ្វើឲ្យក្បួនសំពៅរបស់ពួកម៉ុងហ្គោល ដែលឈ្លានពានជប៉ុនកាលពីសតវត្សរ៍ទី១៣ បែកខ្ចាត់ខ្ចាយ។ ដោយឡែក ក្រុមអាកាសយានិក Kamikaze កាលពីសម័យសង្រ្គាមលោកលើកទីពីរ គឺប្រៀបបីដូចជាក្រុមជនបំផ្ទុះគ្រាប់បែកអត្តឃាតយ៉ាងដូច្នោះ។ ដោយផ្ទុយពីការវាយប្រហារតាមលក្ខណៈធម្មតាៗ គឺការបាញ់មីស៉ីលរត់ក្រោមទឹកឬទម្លាក់គ្រាប់បែក ដែលធ្វើឡើងពីចម្ងាយ យន្តហោះ Kamikaze ត្រូវបានពីឡុតជប៉ុនបញ្ជាទៅបំបុកបំផ្ទុះ នាវាសត្រូវផ្ទាល់តែម្តង។
ការវាយប្រហារ Kamikaze តែប្រមាណជិត២០ភាគរយប៉ុណ្ណោះ ដែលសម្រេចបានជោគជ័យ ខណៈ៨០ភាគរយទៀត គឺត្រូវបានបាញ់ធ្លាក់ ចូលក្នុងសមុទ្រខុសគោលដៅទាំងអស់។ វត្ថុបំណងនៃការបំផ្លាញកងនាវារបស់សត្រូវឲ្យបានច្រើន ជាពិសេសពួកនាវាដឹកយន្តហោះចម្បាំង ត្រូវបានព្រះចៅអធិរាជជប៉ុនចាត់ទុកជា ហេតុផលសមស្របមួយ សម្រាប់ការពលីជីវិតអាកាសយានិក និងការលះបង់យន្តហោះបែបនេះ។ ក្រុមអាកាសយានិក Kamikaze យ៉ាងតិចជិត៤,០០០នាក់ ត្រូវគេអះអាងថា បានបាត់បង់ជីវិត ខណៈការវាយប្រហារលក្ខណៈនេះ បានសម្លាប់នាវិកច្រើនជាង៧,០០០នាក់។
ការប្រើយុទ្ធសាស្រ្ត Kamikaze បានចាប់ផ្តើមឡើងដំបូងនៅខែតុលា ឆ្នាំ១៩៤៤ បន្ទាប់ពីជប៉ុនបានទទួលបរាជ័យធំៗជាច្រើន នៅប៉ាស៉ីហ្វិក។ ជប៉ុនបានបាត់បង់អានុភាពនៅលើដែនអាកាស តាំងតែពីពេលដែលយន្តហោះខ្លួន បានចាប់ផ្តើមហួសសម័យ ហើយបាត់បង់អាកាសយានិក ដែលមានបទពិសោធន៍ រហ័សជាងការបង្វឹកអាកាសយានិកថ្មីៗ ដើម្បីយកមកជំនួស។
សមត្ថភាពធ្វើសង្រ្គាម និងវិស័យឧស្សាហកម្មរបស់ជប៉ុន ក៏បានធ្លាក់ចុះខ្លាំងផងដែរ ធៀបជាមួយគូបដិបក្ខរបស់ខ្លួន។ ដោយសារតែកត្តាទាំងអស់នេះ បូករួមជាមួយឆន្ទៈ មិនព្រមប្រកាសចុះចាញ់សង្រ្គាមរបស់ជប៉ុន ទើបបណ្តាលឲ្យមានការប្រើប្រាស់យុទ្ធសាស្រ្ត Kamikaze ស្របពេលអាមេរិកកាន់តែវាទីមករកដែនដីជប៉ុន។
គួរជម្រាបថា ប្រពៃណីនៃការជ្រើសរើសយកសេចក្តីស្លាប់ ជាជាងភាពបរាជ័យ ការចាប់ខ្លួន ឬក្តីអាម៉ាស់ បានចាក់ឬសគល់ តាំងតែពីយូរលង់ណាស់មកហើយ នៅក្នុងវប្បធម៌យោធារបស់ប្រទេសជប៉ុន។ ទោះជាយ៉ាងណាក៏ដោយ Kamikaze មិនអាចជួយជប៉ុនបានដដែល ដោយហ្វីលីពីន ព្រមទាំងកោះអ៉ីវ៉ូជីម៉ា (Iwo Jima) និងកោះអូគីណាវ៉ា (Okinawa) ត្រូវបានធ្លាក់ទៅក្នុងដៃអាមេរិក ហើយនៅឆ្នាំ១៩៤៥ ជប៉ុនបានប្រកាសចាញ់សង្រ្គាម ក្រោយគ្រាប់បែកបរមាណូពីរគ្រាប់ ត្រូវបានទម្លាក់ទៅលើ ទីក្រុងហីរ៉ូស៉ីម៉ា (Hiroshima) និងណាហ្គាសាគី (Nagasaki)៕