(បរទេស)៖ ទន្លេយ៉ាងសេ (Yangtze) ដែលមានទីតាំងស្ថិតនៅប្រទេសចិនគឺជា ទន្លេដែលមានប្រវែងវែងជាងគេបំផុតប្រចាំទ្វីបអាស៊ី ហើយជាប់លេខចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក។ រីឯបើនិយាយពី ទន្លេដែលហូរនៅក្នុងប្រទេសតែមួយប៉ុណ្ណោះវិញនោះ ពោលគឺមិនហូរកាត់ប្រទេសច្រើនផ្សេងគ្នា គឺទន្លេ Yangtze នេះហើយ វែងជាងគេបង្អស់លើលោក។
ទន្លេនេះមានប្រភពហូរចេញមកពី ទឹកកកនៅភ្នំតាំងហ្គូឡា (Tanggula) ក្នុងតំបន់ទីបេ ហើយធ្វើដំណើរប្រហែល៦,៣០០គីឡូម៉ែត្រ រហូតហូរចេញទៅក្នុងសមុទ្រខាងកើត ក្បែរទីក្រុងសៀងហៃ។ ទន្លេយ៉ាងសេ ហូរឆ្លងកាត់ព្រំប្រទល់ខេត្តរបស់ចិនសរុបចំនួន១០។ ឈ្មោះ Yangtze នេះ ជាទូទៅត្រូវបានហៅដោយប្រទេសដទៃប៉ុណ្ណោះ ខណៈនៅក្នុងប្រទេសចិនផ្ទាល់ គេនិយមហៅថា «ទន្លេឆាងជាំង» ដែលមានអត្ថន័យថា «ដងទន្លេដ៏វែង»។
ទឹកទន្លេនេះហូរកាត់តំបន់ ដែលមានសណ្ឋានដីខុសៗគ្នា រួមមានទាំងតំបន់ខ្ពង់រាប ព្រមទាំងតំបន់វាលទំនាប ក៏ប៉ុន្តែភាគច្រើន គឺប្រមាណបីភាគបួននៃការធ្វើដំណើររបស់វា ទន្លេយ៉ាងសេ ហូរឆ្លងកាត់តាមតំបន់ភ្នំ ដែលកន្លែងខ្លះ មានទេសភាពជ្រលងភ្នំជ្រៅៗ យ៉ាងស្រស់ស្អាត នៅអមដងទន្លេ។ ទន្លេយ៉ាងសេមានដៃទន្លេសរុបប្រហែល៧០០ ក្នុងនោះមានដៃទន្លេធំៗចំនួន៨។
គួរជម្រាបថា ទន្លេយ៉ាងសេដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម និងការធ្វើដំណើរនៅក្នុងប្រទេសចិន។ វាជាផ្លូវទឹកស្នូលរបស់ចិន ហើយជិតមួយភាគបីនៃប្រជាជនចិនសរុប រស់នៅក្នុងតំបន់អាងទន្លេនេះ ដែលជាទីតាំងគ្របដណ្តប់លើផ្ទៃដី ប្រមាណជាង១៨០លានហិកតា។ ពីដើមមកទន្លេយ៉ាងសេ ត្រូវបានគេចាត់ទុកជា ខ្សែបន្ទាត់ខណ្ឌចែករវាងភាគខាងជើង និងនិងភាគខាងត្បូងប្រទេសចិន ប៉ុន្តែក្រុមអ្នកជំនាញតំបន់ភូមិសាស្រ្ត ចាត់ទុកខ្សែបន្ទាត់ពិតប្រាកដ គឺជាទន្លេឈីងលីង-ហ័រអាយ (Qinling-Huai) ឯណោះវិញទេ៕