(បរទេស)៖ ហ្គាំ (Guam) ដែលជាកូនកោះតូចមួយ នៅភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក បានក្លាយជាដែនដីរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ហើយវាត្រូវគេចាត់ទុកជាចំណុចតភ្ជាប់ ដែលផ្តល់លក្ខណៈយុទ្ធសាស្រ្តយ៉ាងសំខាន់រវាងអាមេរិកនិងអាស៉ី។
ហេតុផលតែមួយគត់ដែលអាមេរិកមកដណ្តើមយកកោះហ្គាំ ដែលនៅចម្ងាយជិត១០,០០០គីឡូម៉ែត្រពីប្រទេសរបស់ខ្លួន គឺដោយសារកាលនោះ អាមេរិកស្ថិតក្នុងសង្រ្គាមជាមួយអេស៉្បាញ។ នៅពេលសង្រ្គាមអាមេរិក-អេស៉្បាញផ្ទុះឡើងកាលពីខែមេសា ឆ្នាំ១៨៩៨ កោះហ្គាំស្ថិតក្រោមការត្រួតត្រារបស់អេស៉្បាញ គឺចាប់តាំងតែពីទសវត្សរ៍ឆ្នាំ១៦០០ មកម្ល៉េះ។
តាមពិតទៅអាមេរិកចង់បានហ្វីលីពីនរបស់អេស៉្បាញឯណោះទេ ប៉ុន្តែអាមេរិកយល់ថា ខ្លួនត្រូវតែកាន់កាប់កោះហ្គាំជាមុនសិន ដើម្បីអាចបន្តទៅឈោងចាប់ហ្វីលីពីន។ ចម្ងាយរវាងហ្វីលីពីននិងហ្គាំគឺត្រឹមជាង២ពាន់គីឡូម៉ែត្រប៉ុណ្ណោះ។ នៅខែមិថុនា ឆ្នាំ១៨៩៨ សហរដ្ឋអាមេរិកបានបញ្ជូននាវាចម្បាំងឈ្មោះ យូអេសអេស ឆាលីស្តុន (USS Charleston) ឲ្យទៅដណ្តើមយកកោះហ្គាំ។
ពេលដែលនាវា Charleston ទៅដល់កោះហ្គាំ កងទ័ពអាមេរិកនៅលើនាវា បានបញ្ជូនសញ្ញាដើម្បីឲ្យខាងអេស៉្បាញ ដឹងអំពីវត្តមានពួកគេ។ ខាងអាមេរិករំពឹងថាពួកអេស៉្បាញនឹងឆ្លើយតបមកវិញ តាមរយៈការចេញមកការពារកោះរបស់ពួកគេ ពីការឈ្លានពានរបស់ខ្លួន។ ប៉ុន្តែពេលនោះមិនមានការឆ្លើយតបអ្វីទាំងអស់។
ប៉ុន្មានម៉ោងកន្លងផុតទៅ អាជ្ញាធរអេស៉្បាញក៏បានជិះទូកមួយមករកនាវា Charleston ដើម្បីជជែកជាមួយកងទ័ពអាមេរិកទៅវិញ។ ការពិតអេស៉្បាញយល់ច្រឡំថា សញ្ញារបស់នាវាអាមេរិកគឺជាការគោរពរាក់ទាក់ ឬការស្វាគមន៍។ និយាយរួមគឺ អាជ្ញាធរអេស៉្បាញ ដែលស្ថិតនៅលើកោះហ្គាំ មិនបានដឹងថាអេស៉្បាញនិងអាមេរិក បានផ្ទុះសង្រ្គាមជាមួយគ្នាអស់ពីរខែមកហើយទេ។
ទីបំផុតនៅពេលភាគីទាំងសងខាងច្បាស់ហើយថា ពួកគេជាសត្រូវនឹងគ្នានោះ ខាងអាមេរិកបានស្នើឲ្យ អភិបាលអេស៉្បាញប្រចាំកោះហ្គាំ ប្រកាសចុះចាញ់ដោយទុកពេលឲ្យ៣០នាទី។ អភិបាលអេស៉្បាញក៏បានយល់ព្រម ហើយហ្គាំបានក្លាយជាកម្មសិទ្ធិរបស់អាមេរិក។ កងទ័ពអាមេរិកបានស្ថិតនៅទីនោះតែជាងមួយថ្ងៃប៉ុណ្ណោះ ហើយពួកគេមិនបានទុកនរណាម្នាក់ ឲ្យនៅមើលខុសត្រូវលើកោះហ្គាំឡើយ និងថែមទាំងបានយកទង់ជាតិត្រឡប់ទៅវិញទៀត។
វាគឺជាព្រឹត្តិការណ៍ដំបូងនិងចុងក្រោយបំផុត រវាងភាគីទាំងពីរក្នុងអំឡុងសង្រ្គាមអាមេរិក-អេស៉្បាញ ដែលបានកើតឡើងនៅលើកោះហ្គាំ ហើយមិនមានការបង្ហូរឈាមគ្នាអ្វីទាំងអស់។ នៅពេលឈ្នះសង្រ្គាម អាមេរិកបានប្រែក្លាយហ្គាំ ទៅជាដែនដីផ្លូវការរបស់ខ្លួន ហើយជនជាតិនៅលើកោះនេះ ដែលរដ្ឋាភិបាលអាមេរិកហៅថា ហ្គាំម៉ានៀន ឥឡូវគឺជាពលរដ្ឋអាមេរិកតាំងពីកំណើតតែម្តង។
យ៉ាងណាក្តី មិនដូចពលរដ្ឋអាមេរិកនៅរដ្ឋទាំង៥០ របស់សហរដ្ឋអាមេរិកទៀតឡើយ គឺអ្នករស់នៅលើកោះហ្គាំ ពុំមានសិទ្ធិបោះឆ្នោតប្រធានាធិបតីទេ។ ហើយដូចទៅនឹងពលរដ្ឋអាមេរិក ដែលនៅរដ្ឋធានីវ៉ាស៉ីនតោន និងដែនដីរដ្ឋបាលអាមេរិកដទៃៗទៀត រួមមាន ផឺតូរីកូ (Puerto Rico), ប្រជុំកោះម៉ារីយ៉ាណាខាងជើង (Northern Mariana Islands) ដែលនៅក្បែរកោះហ្គាំ, ប្រជុំកោះវើជីនអាមេរិក (US Virgin Islands) និងកោះសាម៉ូអាមេរិក (American Samoa) គឺប្រជាជនប្រមាណជាង ១៦០,០០០នាក់នៅលើកោះហ្គាំ ពុំមានតំណាងបោះឆ្នោតនៅក្នុងសភាជាតិអាមេរិកឡើយ៕