(ភ្នំពេញ)៖ ការផុតពូជរបស់សត្វនៅលើផែនដីយើងនេះ អាចកើតឡើងដោយសារកត្តាធម្មជាតិ ដូចជា ការចុះត្រជាក់ ឬឡើងកម្តៅខ្លាំងផែនដី ឬមួយក៏ការប្រែប្រួលកម្រិតនីវ៉ូទឹកសមុទ្រ ហើយសម្រាប់សម័យកាលទំនើបក្រោយៗនេះ សកម្មភាពមនុស្សគឺជាកត្តាចម្បងបំផុតដែលបណ្តាលឱ្យអម្បូរសត្វជាច្រើនត្រូវផុតពូជ ដូចជា ការបំផ្លិចបំផ្លាញជម្រករបស់ពួកវា ការពង្រីកដីធ្វើស្រែចម្ការ ការកាប់ព្រៃឈើ ការបំពុលបរិស្ថាន ការនេសាទ ឬប្រមាញ់ច្រើនលើសកម្រិត។
ខាងក្រោមនេះ គឺជាអម្បូរសត្វ១០ប្រភេទដែលបានស្លាប់ផុតពូជបាត់ទៅហើយ៖
១៖ រមាសខ្មៅអាហ្រ្វិកខាងលិច (West African Black Rhinoceros)
អម្បូរសត្វរមាសអាហ្រ្វិកមួយនេះ ជាទូទៅមានបណ្តោយប្រវែង៣ទៅ៣.៨ម៉ែត្រ កម្ពស់១.៤ទៅ១.៧ម៉ែត្រ និងទម្ងន់៨០០ទៅ១,៣០០គីឡូក្រាម។ វាមានកុយចំនួន២ ដោយមួយមានប្រវែង០.៥ទៅ១.៣ម៉ែត្រ និងមួយទៀតប្រវែងចន្លោះ២ទៅ៥៥សង់ទីម៉ែត្រ។ មានមនុស្សមួយចំនួនជឿថាកុយរបស់វាអាចយកធ្វើជាថ្នាំព្យាបាលជំងឺបាន ដែលជាហេតុនាំឱ្យមានការបរបាញ់វាយ៉ាងសកម្មបំផុត។ នៅអំលុងទសវត្សឆ្នាំ១៩៣០ វិធានការរក្សាការពារសត្វរមាសនេះត្រូវបានធ្វើឡើង ប៉ុន្តែចំនួនវានៅតែបន្តថយចុះរហូតដល់ស្ងាត់វត្តមាន។ គេឃើញវាជាលើកចុងក្រោយនៅប្រទេសកាម៉េរូនក្នុងឆ្នាំ២០០៦ ហើយត្រូវបានបញ្ជាក់ពីការផុតពូជនៅឆ្នាំ២០១១។
២៖ ផ្សោតសប៉ាយជី (Baiji White Dolphin)
សត្វផ្សោតសនេះមានឈ្មោះម៉្យាងទៀតថា ផ្សោតទន្លេចិន (Chinese River Dolphin)។ ពេលមិនទាន់ផុតពូជ ត្រីនេះមានវត្តមានតែនៅក្នុងទន្លេយ៉ាងសេ (Yangtze) នៃប្រទេសចិនប៉ុណ្ណោះ។ វាអាចមានប្រវែងរហូតដល់២.៥ម៉ែត្រ និងទម្ងន់ជាង២០០គីឡូក្រាម។ ផ្សោតសប៉ាយជីបានរស់នៅក្នុងទន្លេយ៉ាងសេអស់រយៈពេលប្រមាណជាង២០លានឆ្នាំមកហើយ តែចំនួនវាបានថយចុះយ៉ាងគំហុកចាប់ពីទសវត្សឆ្នាំ១៩៥០មក។ ការនេសាទត្រី ការដឹកជញ្ជូនតាមផ្លូវទឹក និងប្រព័ន្ធវារីអគ្គិសនី គឺជាកត្តាចម្បងដែលនាំឱ្យពួកវាឈានទៅរកការផុតពូជ។ ត្រឹមឆ្នាំ២០០២ ពុំមាននរណាម្នាក់បានប្រទះឃើញផ្សោតសប៉ាយជីទៀតឡើយ។
៣៖ ពពែភ្នំផាយរេនៀន (Pyrenean Ibex)
អម្បូរពពែនេះរស់នៅតាមតំបន់ភ្នំភាគខាងជើងប្រទេសអេស៉្បាញ និងភាគខាងត្បូងប្រទេសបារាំង។ ជាទូទៅវាមានកម្ពស់៦០-៧៦សង់ទីម៉ែត្រ គិតត្រឹមស្មារបស់វា ហើយមានទម្ងន់២៤-៨០គីឡូក្រាម។ ពពែភ្នំផាយរេនៀនត្រូវគេអះអាងថាធ្លាប់មានចំនួនសរុបប្រហែល៥០,០០០ក្បាល ប៉ុន្តែមកដល់ដើមទសវត្សឆ្នាំ១៩០០ តួលេខនេះបានថយចុះមកនៅក្រោមត្រឹម១០០ក្បាលប៉ុណ្ណោះ។ មូលហេតុជាក់លាក់ដែលបណ្តាលឲ្យអម្បូរសត្វពពែភ្នំនេះផុតពូជ គឺមិនត្រូវបានដឹងច្បាស់ឡើយ ប៉ុន្តែអ្នកវិទ្យាសាស្រ្តជឿថាដោយសារកត្តាមួយចំនួន ដូចជា ការប្រមាញ់ និងកង្វះសមត្ថភាពក្នុងការប្រកួតប្រជែងរកចំណី និងទីជម្រកជាមួយសត្វដទៃទៀត។ សត្វពពែភ្នំផាយរេនៀនចុងក្រោយបានងាប់ក្នុងពេលធ្លាក់ពីលើដើមឈើនៅភាគខាងជើងអេស៉្បាញនាឆ្នាំ២០០០។
៤៖ ព្រាបព្រៃផាសសិនចឺរ (Passenger Pigeon)
សត្វព្រាបព្រៃនេះមានវត្តមាននៅតំបន់អាមេរិកខាងជើង ហើយបានផុតពូជតាំងពីដើមសតវត្សទី២០មក។ យោងតាមការប៉ាន់ស្មាន សត្វព្រាបនេះមានចំនួនចន្លោះ៣-៥ពាន់លានក្បាល បានរស់នៅលើទឹកដីសហរដ្ឋអាមេរិក។ នៅពេលដែលពួកអឺរ៉ុបបានធ្វើដំណើរទៅដល់តំបន់អាមេរិកខាងជើងជាលើកដំបូង ពួកគេបានកាប់ព្រៃឈើលើផ្ទៃដីធំៗ ដែលជាលទ្ធផលធ្វើឱ្យអម្បូរសត្វព្រាបនេះបាត់ទីជម្រក និងថយចុះចំនួន។ នៅសតវត្សទី១៩ សាច់របស់វាបានក្លាយជាអាហារថោកៗសម្រាប់ជនក្រីក្រ ដែលនាំឱ្យមានការប្រមាញ់ក្នុងលក្ខណៈទ្រង់ទ្រាយធំ។ អម្បូរសត្វព្រាបផាសសិនចឺរបានផុតពូជនៅក្នុងព្រៃខ្ទង់ឆ្នាំ១៩០០ ដោយមួយក្បាលចុងក្រោយបានងាប់នៅក្នុងសួនសត្វនាឆ្នាំ១៩១៤។
៥៖ ខ្លាតាសស្មានៀន (Tasmanian Tiger)
តាមពិតសត្វនេះមិនមែនជាសត្វខ្លាឡើយ ហើយក៏មិនមានជាប់ពាក់ព័ន្ធជាមួយអម្បូរសត្វខ្លាដែរ។ វាជាអម្បូរសត្វម៉្យាងហៅថា ម៉ារស៊ូភៀល (Marsupial) ជាអម្បូរជាមួយសត្វកង់ហ្គារូ (Kangaroo) និងសត្វកូអាឡា (Koala) គ្រាន់តែវាស៉ីសាច់ជាអាហារ។ ឈ្មោះជាភាសាអង់គ្លេសរបស់វាមានពាក្យ Tiger ដែលមានន័យថាសត្វខ្លាបែបនេះ គឺដោយសារតែដងខ្លួនវាមានឆ្នូតខ្មៅៗដូចសត្វខ្លាដំបងដែរ។ រូបរាងជាក់ស្តែងរបស់វា គឺប្រហាក់ប្រហែលនឹងសត្វសុនខ ដែលមានទំហំមធ្យម ឬធំ។ ជាទូទៅវាមានទម្ងន់៣០គីឡូក្រាម និងបណ្តោយពីកន្ទុយដល់ច្រមុះប្រវែងជិត២ម៉ែត្រ។ សត្វនេះមានវត្តមាននៅរដ្ឋតាសស្មានី (Tasmania) នៃប្រទេសអូស្រ្តាលី និងកោះញូវហ្គីណេ (New Guinea)។ ការបរបាញ់ជាមូលហេតុចម្បងដែលបណ្តាលឱ្យសត្វនេះផុតពូជ ប៉ុន្តែការទន្ទ្រានរបស់មនុស្សទៅលើជម្រករបស់វា រួមជាមួយវត្តមានសត្វសុនខ និងជំងឺ ក៏ជាកត្តារួមចំណែកធ្វើឱ្យពួកវាផុតពូជផងដែរ។ សត្វខ្លាតាសស្មានៀនចុងក្រោយនៅក្នុងព្រៃ ត្រូវបានគេសម្លាប់នៅចន្លោះឆ្នាំ១៩១០-១៩២០ ហើយមួយក្បាលចុងក្រោយបំផុតបានស្លាប់នៅសួនសត្វក្នុងរដ្ឋតាសស្មានីនៅឆ្នាំ១៩៣៦។
៦៖ សត្វគោសមុទ្រស្ទែលឡឺរ (Steller's Sea Cow)
ឈ្មោះវាគឺត្រូវបានដាក់តាមលោក ចច ស្ទែលឡឺរ (George Steller) ដែលជាអ្នករកឃើញសត្វនេះនៅឆ្នាំ១៧៤១។ ថនិកសត្វស៉ីរុក្ខជាតិជាអាហារនេះ ត្រូវគេជឿថាអាចមានប្រវែងរហូតដល់យ៉ាងហោច៨-៩ម៉ែត្រ និងទម្ងន់ចាប់ពី៨-១០តោន ហើយរស់នៅតាមតំបន់ប្រជុំកោះនៀរ (Near Islands) ភាគនិរតីរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក និងតំបន់ប្រជុំកោះខូមមែនដឺរ (Commander Islands) នៅសមុទ្រប៊ែរីង (Bering Sea)។ សត្វនេះមិនអាចមុជខ្លួនដ៏ធំរបស់វាចូលទៅក្នុងទឹកបានទេ ដែលអាចជាកត្តានាំឲ្យវាងាយរងការប្រមាញ់ពីមនុស្ស។ ក្នុងអំលុងពេល២៧ឆ្នាំក្រោយការរកឃើញដោយពួកអឺរ៉ុប សត្វគោសមុទ្រស្ទែលឡឺរត្រូវបានគេបរបាញ់រហូតដល់ផុតពូជតែម្តង។
៧៖ បក្សីហ្គ្រេតអូក (Great Auk)
វាជាសត្វស្លាបធំ តែមិនអាចហោះបានទេ និងមានវត្តមាននៅតំបន់ភាគខាងជើងមហាសមុទ្រអាត្លង់ទិក តែនៅភាគខាងជើងអេស៉្បាញ ក៏មានសត្វនេះដែរ។ វាមានកម្ពស់ជាមធ្យម ៧៥-៨៥ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ៥ គីឡូក្រាម។ សត្វបក្សីនេះពូកែហែលទឹក ដែលអំណោយផលក្នុងការជួយវាប្រមាញ់អាហារនៅក្រោមផ្ទៃទឹក។ ហ្វូងបក្សីហ្រ្គេតអូកចុងក្រោយ រស់នៅលើកោះអ៊ែលឌី (Eldey) របស់ប្រទេសអ៉ីស្លង់ ហើយមកដល់ឆ្នាំ១៨៣៥ ពួកវាទាំងអស់ត្រូវបានគេសម្លាប់។ បក្សីហ្គ្រេតអូកប៉ុន្មានក្បាលចុងក្រោយបំផុត ត្រូវបានបុរស៣នាក់សម្លាប់ ក្រោយចាប់បានពួកវានៅប្រទេសស្កុតលែន ក្នុងឆ្នាំ១៨៤៤។
៨៖ សត្វបក្សីដូដូ (Dodo)
វាក៏ជាអម្បូរសត្វបក្សីមិនអាចហោះបានដែរ ដែលធ្លាប់រស់នៅប្រទេសដែនកោះម៉ូរីស (Mauritius) ភាគខាងកើតទ្វីបអាហ្រ្វិក។ កម្ពស់វាប្រហែលជា១ម៉ែត្រ និងទម្ងន់១០-១៨គីឡូក្រាម។ ភស្តុតាងតែមួយគត់នៃរូបរាងរបស់សត្វបក្សី Dodo ដែលយើងមាន គឺតាមរយៈគំនូរ និងសំណេរផ្សេងៗគ្នាតាំងពីសតវត្សទី១៧មកម្ល៉េះ ដូច្នេះហើយរូបរាងពិតប្រាកដរបស់វា នៅតែមិនទាន់អាចកំណត់ ឱ្យប្រាកដនៅឡើយទេ។ យោងតាមការសន្និដ្ឋាន សត្វស្លាបនេះលែងមានសមត្ថភាពហោះហើរ ដោយសារការសម្បូរហូរហៀរនៃប្រភពចំណីរបស់វា និងការដែលមិនមានសត្វប្រមាញ់វា។ ក្នុងកំណត់ហេតុរបស់ក្រុមអ្នកដើរសមុទ្រហូឡង់ (នែតដឺឡង់) មានការលើកឡើងដំបូងនូវឈ្មោះបក្សីដូដូកាលពីឆ្នាំ១៥៩៨។ សត្វស្លាបនេះបានផុតពូជដោយសារការបរបាញ់របស់មនុស្ស និងសត្វចិញ្ចឹមរបស់ពួកគេ បូករួមជាមួយអម្បូរសត្វឈ្លានពាន។ បើតាមការទទួលស្គាល់តាមមតិភាគច្រើន សត្វបក្សីដូដូចុងក្រោយបង្អស់ត្រូវគេប្រទះឃើញនៅឆ្នាំ១៦៦២។
៩៖ ដំរីវ៉ូល្លីម៉ាម៉ូស (Wolly Mammoth)
ថនិកសត្វដ៏ធំមួយនេះត្រូវអ្នកវិទ្យាសាស្រ្តជឿថាមានជាប់សែស្រឡាយយ៉ាងជិតស្និទ្ធជាមួយនឹងសត្វដំរីយើងសព្វថ្ងៃ។ ពូជអម្បូរសត្វដំរីនេះបានធ្វើបន្លាស់ទីចេញពីទ្វីបអាហ្រ្វិកកាលពីប្រមាណ៣.៥លានឆ្នាំមុន ហើយរីកសាយពេញភាគខាងជើងតំបន់អឺរ៉ាស៉ី (Eurasia គឺអឺរ៉ុប-អាស៉ី) ព្រមទាំងតំបន់អាមេរិកខាងជើង។ សត្វដំរីវ៉ូល្លីម៉ាម៉ូសអាចមានកម្ពស់ជាង៤ម៉ែត្រ និងទម្ងន់ជាង៦តោន។ ខ្លួនវាគ្របដណ្តប់ដោយរោម ហើយភ្លុកយ៉ាងកោងរបស់វាអាចមានប្រវែងរហូតដល់៥ម៉ែត្រ។ អម្បូរសត្វដំរីនេះភាគច្រើនបានផុតពូជកាលពី១០,០០០ឆ្នាំមុន ដោយសារកត្តារួមបញ្ចូលគ្នារវាងការប្រមាញ់របស់មនុស្ស និងការបាត់បង់ទីជម្រកព្រោះតែបម្រែបម្រួលអាកាសធាតុ ប៉ុន្តែក្រុមដំរីវ៉ូល្លីម៉ាម៉ូសចុងក្រោយបំផុត ដែលនៅដាច់ដោយឡែកលើកោះរែនជែល (Wrangel) នៃមហាសមុទ្រអាក់ទិក បានបន្តមានវត្តមានរាប់ពាន់ឆ្នាំទៀតឯណោះ មុនពេលផុតពូជនៅខ្ទង់ឆ្នាំ១,៧០០មុនគ្រិស្តសករាជ។
១០៖ ខ្លាសេបឺធូស (Sabre-toothed Cat/Tiger/Lion)
អម្បូរសត្វមំសាសីមួយនេះធ្លាប់មានវត្តមាននៅលើផែនដីកាលពី១១,៧០០ឆ្នាំមុន។ វាមានឈ្មោះជាភាសាអង់គ្លេសយ៉ាងដូច្នេះ ដោយសារតែចង្កូមយ៉ាងវែងរបស់វា ដែលខ្លះអាចមានប្រវែងរហូតដល់៥០សង់ទីម៉ែត្រ។ ខ្លាសេបឺធូសអាចហាមាត់បានរង្វាស់មុំ១២០ដឺក្រេ បើធៀបជាមួយសត្វតោសព្វថ្ងៃ គឺបានធំជាងជិតពីរដង។ ការផុតពូជរបស់ពួកវាត្រូវគេជឿថាអាចមានពាក់ព័ន្ធជាមួយនឹងការថយចុះក៏ដូចជាផុតពូជនៃពពួកសត្វធំៗ ដែលជាចំណីរបស់ពួកវា ឬដោយសារកត្តាដទៃទៀត រួមមាន បម្រែបម្រួលអាកាសធាតុ និងការប្រកួតប្រជែងជាមួយអម្បូរមនុស្សសម័យនោះជាដើម៕