(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចផ្តាច់មុខ ហៅកាត់ថា EEZ គឺជាតំបន់ផ្ទៃសមុទ្រដែលប្រទេសនីមួយៗមានសិទ្ធិពិសេសក្នុងការរុករក និងប្រើប្រាស់ធនធានទាំងឡាយនៅទីនោះ ខណៈតំបន់នេះលាតសន្ធឹងមិនលើសពី៣៧០គីឡូម៉ែត្រពីខ្សែបន្ទាត់មូលដ្ឋាន (Baseline) នៃប្រទេសនីមួយៗឡើយ។ តើអ្នកដឹងទេថា ប្រទេសណាខ្លះដែលមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនេះច្រើនជាងគេបំផុតលើលោក?
យោងតាមទិន្នន័យរបស់គេហទំព័រ World Alas បានបង្ហាញថា សាធារណរដ្ឋបារាំងដែលមានដែនដីគ្រប់គ្រងនៅឯនាយសមុទ្រជាច្រើនកន្លែងនោះ គឺជាប្រទេសដែលមានតំបន់សេដ្ឋកិច្ចផ្តាច់មុខច្រើនជាងគេបំផុតនៅលើពិភពលោក បន្ទាប់មកគឺមានសហរដ្ឋអាមេរិក និងប្រទេសអូស្ត្រាលី។
* ប្រទេសបារាំង
ការដែលបារាំងមានតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ ធំជាងគេយ៉ាងដូច្នេះ គឺដោយសារតែតំបន់រដ្ឋបាលគ្រប់គ្រងដែនដីនៅឯនាយសមុទ្ររបស់អតីតមហាអំណាចអាណានិគមមួយនេះ មានច្រើនរាយប៉ាយពាសពេញមហាសមុទ្រ និងនៅតាមទ្វីបមួយចំនួនផងដែរ។
ក្នុងចំណោមតំបន់រដ្ឋបាល និងដែនដីនៅក្រៅប្រទេសទាំងនោះបានផ្ដល់មកឱ្យបារាំងនូវទំហំតំបន់សេដ្ឋកិច្ចផ្ដាច់មុខដល់ទៅជាង១១,៦៩០,០០០គីឡូម៉ែត្រក្រឡា ដែលស្មើនឹងប្រមាណ៨%នៃតំបន់សេដ្ឋកិច្ចផ្តាច់មុខសរុបរបស់ពិភពលោក ខណៈដែលផ្ទៃដីសរុបរបស់ប្រទេសនេះមានត្រឹមតែ០.៤៥%នៃផ្ទៃដីពិភពលោកប៉ុណ្ណោះ។
* សហរដ្ឋអាមេរិក
សហរដ្ឋអាមេរិកមានតំបន់សេដ្ឋកិច្ចផ្តាច់មុខធំជាងគេទីពីរលើពិភពលោក ដែលរួមមានតំបន់នៅសមុទ្រការីបង់ ឈូងសមុទ្រម៉ិកស៊ិក និងមហាសមុទ្រចំនួន៣ទៀត គឺមានមហាសមុទ្រប៉ាស៉ីហ្វិក មហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រអាក់ទិក។
ទំហំតំបន់សេដ្ឋកិច្ចផ្ដាច់មុខដែលសហរដ្ឋអាមេរិកបានកាន់កាប់មានជាង១១,៣៥០,០០០គីឡូម៉ែត្រក្រឡា ដែលស្មើនឹងប្រមាណ៧.៧៧%នៃតំបន់សេដ្ឋកិច្ចផ្ដាច់មុខសរុបនៅលើពិភពលោក ក្នុងនោះរដ្ឋអាឡាស្កាបង្កើតបានតំបន់សេដ្ឋកិច្ចផ្ដាច់មុខធំបំផុតរបស់សហរដ្ឋអាមេរិក បន្ទាប់មកគឺរដ្ឋហាវ៉ៃ។
* ប្រទេសអូស្ត្រាលី
ប្រទេសអូស្រ្តាលីបានប្រកាសប្រើប្រាស់តំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួននៅថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ ខណៈទំហំតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេសនេះមានប្រមាណ៨,៥០០,០០០គីឡូម៉ែត្រក្រឡា៕