(ភ្នំពេញ)៖ ទង់ជាតិ គឺជានិម្មិតសញ្ញាតំណាងឱ្យជាតិនីមួយៗ ក្នុងទិដ្ឋភាពជាផ្ទាំងក្រណាត់ ក្រដាស ឬរូបគំនូរដែលមានពណ៌ រូប អក្សរ មានខ្នាតទំហំ ប្រវែង សណ្ឋាន និងបង្កប់អត្ថន័យតាមការកំណត់របស់ជាតិនីមួយៗនោះ ឧទាហរណ៍ដូចជាទង់ជាតិកម្ពុជាគឺមានផ្ទៃឆ្នូតពណ៌ខៀវលើ-ក្រោម ផ្ទៃឆ្នូតពណ៌ក្រហមនៅកណ្ដាល និងមានរូបប្រាសាទត្រីសូល៍ (កំពូលបី) នៅលើផ្ទៃពណ៌ក្រហម។
នៅក្នុងប្រធានបទនេះ Fresh News Plus សូមលើកបង្ហាញអំពីទង់ជាតិដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក ព្រមទាំងដើមកំណើតនៃការប្រើប្រាស់ទង់ និងទង់ជាតិផងដែរ។
បច្ចុប្បន្នបណ្ដាប្រទេសនៅតំបន់អឺរ៉ុបខាងជើង ឬហៅថា Nordic សុទ្ធតែនិយមប្រើរូបឈើឆ្កាងនៅលើទង់ជាតិរបស់ខ្លួន ដូចជា ដាណឺម៉ាក ន័រវេស ហ្វាំងឡង់ ស៊ុយអែត អ៉ីស្លង់ជាដើម។ ការប្រើប្រាស់រូបឈើឆ្កាងសម្រាប់សម្គាល់នៅលើទង់ជាតិទាំងនោះ គឺមានប្រវត្តិតាំងពីសតវត្សទី១៣មកម្ល៉េះ។
យោងតាមរឿងព្រេងបុរាណមួយដែលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ដាណឺម៉ាក បាននិយាយអំពីការប្រើប្រាស់ទង់រូបឈើឆ្កាងនៅក្នុងសមរភូមិលីនដានីស្ស៍ (Battle of Lyndanisse) នាឆ្នាំគ្រិស្ដសករាជ១២១៩។ ទង់នេះមិនទាន់ក្លាយជាទង់ជាតិផ្លូវការរបស់ដាណឺម៉ាកនៅឡើយទេ គឺវាគ្រាន់តែជាទង់ជ័យតំណាងឱ្យកងទ័ពដានីស (Danish) ប៉ុណ្ណោះ។ ចាប់ពីសតវត្សទី១៤មក ស្ដេចគ្រប់អង្គនៃអាណាចក្រដាណឺម៉ាកសុទ្ធតែប្រើទង់ឈើឆ្កាងនេះជាទង់មហារាជ ឬទង់តំណាងព្រះរាជា។ លុះដល់ឆ្នាំ១៦២៥ ទង់ឈើឆ្កាងពណ៌សនៅលើផ្ទៃពណ៌ក្រហមនោះក៏បានក្លាយជាទង់ជាតិផ្លូវការរបស់ប្រទេសដាណឺម៉ាក់ ហើយបន្តប្រើប្រាស់រហូតដល់សព្វថ្ងៃ។
ទោះជាយ៉ាងណា ពិភពលោកបានចាត់ទុកទង់ជាតិដាណឺម៉ាកជាទង់ជាតិដែលមានវ័យចំណាស់ជាងគេបង្អស់ ដោយសារថាទង់នេះត្រូវបានប្រើប្រាស់ជាប់លាប់តាំងពីសតវត្សទី១៣មកម្ល៉េះ ពោលគឺចាប់ពីការប្រើប្រាស់នៅក្នុងសមរភូមិលីនដានីស្ស៍នាឆ្នាំ១២១៩។
គួរជម្រាបថា បើតាមសៀវភៅប្រវត្តិទង់ជាតិរបស់លោក រ័ត្ន សណ្ដាប់ អ្នកជំនាញអារ្យធម៌ខ្មែរ បានឱ្យដឹងថា ជាទូទៅទង់ជាតិត្រូវបានគេប្រើប្រាស់តាំងពីប្រមាណ៥០០០ឆ្នាំមកហើយ (ប្រមាណឆ្នាំ៣០០០មុនគ្រិស្ដសករាជ) តាមរយៈរូបភាពនៅលើកាក់ក្រិកបុរាណ និងចម្លាក់នៅក្នុងផ្នូរបុរាណរបស់ប្រទេសអេហ្ស៉ីប។ លោក រ័ត្ន សណ្ដាប់ បានបញ្ជាក់នៅក្នុងសៀវភៅដដែលនោះទៀតថា ទង់ ដើមឡើយមានឈ្មោះថា Vexilloid ដែលហៅតាមភាសាឡាតាំងហើយប្រែថា «មគ្គុទ្ទេសក៍»៕