(ព្រុយណេ)៖ ស្ពានតឹមប៊ូរ៉ុង (Temburong bridge) នៅឯប្រទេសព្រុយណេដារូសាឡឹម ត្រូវបានមតិភាគច្រើនចាត់ទុកជាស្ពានវែងជាងគេបង្អស់ប្រចាំតំបន់អាស៉ីអាគ្នេយ៍ ដែលមានប្រវែងសរុបជាង៣០គីឡូម៉ែត្រ។
គួរជម្រាបថា ឆកសមុទ្រព្រុយណេគឺជារបាំងធម្មជាតិ ហើយដែនដីម៉ាឡេស៉ីគឺជារបាំងព្រំដែន ដែលបានជ្រៀកប្រទេសព្រុយណេជា២ចំណែក ដូច្នេះហើយទើបចាំបាច់ត្រូវមានស្ពានតភ្ជាប់ការធ្វើដំណើររបស់ប្រជាជនព្រុយណែ ដោយមិនចាំបាច់ឆ្លងកាត់ព្រំដែនគោកជាមួយប្រទេសម៉ាឡេស៉ី។
ដំណើរការសាងសង់ស្ពានតឹមប៊ូរ៉ុងត្រូវបានចាប់ផ្តើមនៅឆ្នាំ២០១៤ ហើយបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែមីនា ឆ្នាំ២០២០។ ស្ពានតឹមប៊ូរ៉ុងត្រូវបានសាងសង់ដោយក្រុមហ៊ុនកូរ៉េខាងត្បូង ដេលីម (Daelim) និងក្រុមហ៊ុនចិន CSCEC។ គម្រោងសាងសង់ស្ពានដ៏វែងមួយនេះចំណាយអស់ថវិកាសរុបខ្ទង់១.៤ពាន់លានដុល្លារអាមេរិក។
ស្ពានខាងលើតភ្ជាប់ស្រុកតឹមប៊ូរ៉ុង (Temburong district) ដែលនៅដាច់ឆ្ងាយពីគេ មកកាន់រាជធានីបង់ដាសេរីបេហ្កាវ៉ាន់ ដោយឆ្លងកាត់ឆកសមុទ្រព្រុយណេ។ វាត្រូវបានសាងសង់ឡើងសម្រាប់ផ្តល់ជាមធ្យោយបាយធ្វើដំណើរងាយស្រួល និងរហ័សជាងមុន។ មុនពេលមិនទាន់មានស្ពាននេះ ប្រជាជនព្រុយណេដែលចង់ធ្វើដំណើរទៅមករវាងស្រុកតឹមប៊ូរ៉ុង និងទីក្រុងបង់ដាសេរីបេហ្កាវ៉ាន់ ត្រូវជិះកាណូត ឬឆ្លងស្រឡាង ដោយប្រើពេលចន្លោះ៤៥នាទីទៅ១ម៉ោង ឬក៏ត្រូវជិះរថយន្តឆ្លងកាត់ប្រទេសម៉ាឡេស៉ី រួមជាមួយប៉ុស្តិ៍ឆែកឆេរអន្តោប្រវេសន៍ចំនួន៤កន្លែង ដែលប្រើពេលដល់ទៅ២ម៉ោងឯណោះ។ ស្ពានតឹមប៊ូរ៉ុងជួយកាត់បន្ថយពេលវេលាធ្វើដំណើរមកនៅត្រឹម៣០នាទីប៉ុណ្ណោះ ហើយក៏មិនចាំបាច់ឆ្លងព្រំដែនបរទេសផងដែរ។
គួរបញ្ជាក់ថា កាលពីខែកក្កដា ឆ្នាំ២០២០ ក្នុងឱកាសចម្រើនព្រះជន្មឈានចូល៧៤ព្រះវស្សារបស់ព្រះចៅស៊ូលតង់ ហាជិ ហាសសាណាល់ ប៊ូគៀស (Haji Hassanal Bolkiah) ស្ពានតឹមប៊ូរ៉ុងត្រូវបានដាក់ឈ្មោះផ្លូវការឱ្យថា ស្ពានស៊ុលតង់ហាជិអូម៉ារអាលីសៃហ្វ៊ូដឌីន (Sultan Haji Omar Ali Saifuddien) ដើម្បីជាការគោរពដល់ព្រះបិតារបស់ទ្រង់ គឺព្រះចៅស៊ូលតង់ ហាជិ អូម៉ារ អាលី សៃហ្វ៊ូដឌីន សាអាឌុល ខៃរី វ៉ាដឌីន (Haji Omar Ali Saifuddien Saadul Khairi Waddien) ដែលត្រូវបានចាត់ទុកជាស្ថាបនិកនៃប្រទេសព្រុយណេសម័យទំនើបសព្វថ្ងៃនេះ៕