(អ៉ីតាលី)៖ ប្រសិនបើអ្នកស្គាល់តារាវិទូ កាលីឡេអូ កាលីឡេ អ្នកប្រាកដជាស្គាល់ឈ្មោះសាធារណរដ្ឋវេនិស (Republic of Venice) ជាក់ជាមិនខាន ព្រោះជាស្រុកកំណើតរបស់លោកផ្ទាល់ ខណៈប្រទេសមួយនេះបានរលុបចេញពីផែនទីពិភពលោកបាត់ទៅហើយ ប៉ុន្តែបានបន្សល់ទុកកេរដំណែលដ៏អស្ចារ្យជាច្រើនរហូតដល់ពេលបច្ចុប្បន្ន នោះគឺទីក្រុងវេនិស (Venice) ដ៏ល្បីល្បាញ។

ទីក្រុងវេនិស គឺជារដ្ឋធានីនៃអតីតសាធារណរដ្ឋវេនិស ឬហៅតាមភាសាអ៉ីតាលីថា សាធារណរដ្ឋវេណេហ្សា (Repubblica di Venezia) ដែលមានប្រវត្តិកកើតឡើងតាំងពីគ្រិស្ដសករាជ៤២១មកម្ល៉េះ។ ទីក្រុងដ៏ចម្លែកនេះមានសណ្ឋានជាបណ្ដុំកោះតូចៗជាច្រើន តភ្ជាប់គ្នាគួរជាទីគយគន់ក្នុងបរិវេណច្រាំងភាគពាយព្យនៃសមុទ្រអាឌ្រីយ៉ាទិក (Adriatic)។

បច្ចុប្បន្ន ទីក្រុងដ៏ស្រស់ស្អាតមួយនេះមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសអ៉ីតាលី បន្ទាប់ពីទឹកដីមួយចំណែកធំរបស់សាធារណរដ្ឋវេណេហ្សាធ្លាក់មកក្នុងកណ្ដាប់ដៃព្រះរាជាណាចក្រអ៉ីតាលី (Kingdom of Italy) កាលពីគ្រិស្ដសករាជ១៨៦៦។

ទីក្រុងវេនិសទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងចំពោះមនុស្សម្នាលើសកលលោក ដែលជាទីក្រុងកំពង់ផែបុរាណដ៏សំខាន់បំផុតមួយ មានស្ទឹង ប្រឡាយ ព្រែកយ៉ាងច្រើនខ្វាត់ខ្វែង ចំណែកឯអគារបែបបុរាណខ្ពស់ៗក៏ត្រូវបានសាងសង់ឡើងនៅជាប់នឹងទឹកស្ទឹងទាំងនោះផងដែរ។

ក្រុងវេនិសទទួលបានរហស្សនាមថ្មីថា រាជិនីសមុទ្រអាឌ្រីយ៉ាទិក (Queen of the Adriatic) ឬជាបុរីគង្គា (City of Water) ឬជាបុរីរង្សី (City of Light) ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យទៅទស្សនាយ៉ាងច្រើនកុះករ។

ដោយសារផ្ទះសម្បែងភាគច្រើនស្ថិតនៅតាមមាត់ស្ទឹង ទើបចាំបាច់តម្រូវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរត្រូវប្រើទូកសម្រាប់ធ្វើដំណើរទៅកាន់កន្លែងផ្សេងៗ ម៉្លោះហើយទើបនិម្មិតសញ្ញាប្រចាំទីនោះ គឺជាទូកចែវកុងដូឡា (Gondola)។ ទូកចែកុងដូឡាបានប្រើជាសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរទស្សនាទីក្រុងតាមដងស្ទឹងក្នុងក្រុងវេនិស។

ទីក្រុងវេនិសត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៅគ្រិស្ដសករាជ១៩៨៧៕