(ពិភពលោក)៖ អាកាសយានដ្ឋានអន្តរជាតិ គឺជាទីបម្រើដល់មធ្យោបាយធ្វើដំណើរតាមយន្តហោះរបស់អ្នកដំណើរអន្តរជាតិ។ គេអាចផ្តល់ចំណាត់ថ្នាក់ព្រលានយន្តហោះបានតាមរយៈទំហំផ្ទៃដី ឬក៏ភាពមមាញឹករបស់វា ពិសេសគឺតាមរយៈការមកដល់ ការចាកចេញ និងការឆ្លងកាត់ដើម្បីផ្លាស់ប្តូរជើងហោះហើរថ្មី (ក្នុងមួយឆ្នាំៗ)។
ខាងក្រោមនេះ គឺជាអាកាសយានដ្ឋានអន្តរជាតិទាំង១០ ដែលមានលាតសន្ធឹងលើផ្ទៃដីធំជាងគេបង្អស់៖
១០៖ អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ (Suvarnabhumi Airport)
អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ គឺស្ថិតនៅខេត្តសមុទ្រព្រះខ័ន (Samut Prakan) ដែលជាខេត្តមួយជាប់រាជធានីបាងកក នៃប្រទេសថៃ។ អាកាសយានដ្ឋាននេះ ត្រូវបានគេចាត់ទុកជាអាកាសយានដ្ឋានអន្តរជាតិធំជាងគេនៅតំបន់អាស៉ីអាគ្នេយ៍ ជាមួយនឹងទំហំផ្ទៃដីសរុប៣២.៤គីឡូម៉ែត្រក្រឡា។ វាត្រូវបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០០៦ ក្រោយចំណាយថវិកាសាងសង់ប្រមាណ៥ពាន់លានដុល្លារ។
៩៖ អាកាសយានដ្ឋានអន្តរជាតិគែរ (Cairo International Airport)
អាកាសយានដ្ឋានអន្តរជាតិគែរ ស្ថិតនៅភាគខាងកើតរដ្ឋធានីគែរ នៃប្រទេសអេហ្ស៉ីប ដោយលាតសន្ធឹងលើផ្ទៃដី៣៧គីឡូម៉ែត្រក្រឡា។
៨៖ អាកាសយានដ្ឋានអន្តរជាតិសៀងហៃភ័រទុង (Shanghai Pudong International Airport)
ព្រលានយន្តហោះអន្តរជាតិសៀងហៃភូទុង ជាអាកាសយានដ្ឋានស្ថិតក្នុងចំណោមព្រលានយន្តហោះធំៗទាំងពីរនៅក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន ហើយជាចម្បងវាបម្រើអ្នកដំណើរអន្តរជាតិ។ ព្រលានយន្តហោះនេះបានចាប់ផ្តើមដំណើរការកាលពីឆ្នាំ១៩៩៩ វាមានផ្ទៃដីទំហំ៣៩.៩គីឡូម៉ែត្រក្រឡា។
៧៖ អាកាសយានដ្ឋានអន្តរទ្វីបចចប៊ូស (George Bush Intercontinental Airport)
ព្រលានយន្តហោះអន្តរទ្វីបចចប៊ូស លាតសន្ធឹងលើផ្ទៃដីទំហំ៤៤.៥គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទីក្រុងហ៊ូស្តុន (Houston) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ព្រលានយន្តហោះនេះត្រូវបានបើកដំណើរការកាលពីឆ្នាំ១៩៦៩។
៦៖ អាកាសយានដ្ឋានអន្តរជាតិប៉ីជីងតាស្ស៉ីង (Beijing Daxing International Airport)
ព្រលានយន្តហោះអន្តរជាតិប៉ីជីងតាស៉ីង ស្ថិតនៅចំព្រំប្រទល់រវាងទីក្រុងប៉េកាំង និងទីក្រុងឡាងហ្វាង (Langfang) នៃប្រទេសចិន ចម្ងាយ៦៥គីឡូម៉ែត្រ ភាគខាងត្បូងព្រលានយន្តហោះអន្តរជាតិប៉ីជីង (Beijing Capital International Airport)។ ការសាងសង់របស់វាបានចាប់ផ្តើមកាលពីខែធ្នូ ឆ្នាំ២០១៤ ហើយបញ្ចប់ជាស្ថាពរកាលពីខែមិថុនា ឆ្នាំ២០១៩ ជាមួយការបើកសម្ពោធជាផ្លូវការនៅខែកញ្ញា ឆ្នាំ២០១៩ ក្រោយចំណាយថវិកា១៧ពាន់លានដុល្លារ។
៥៖ អាកាសយានដ្ឋានអន្តរជាតិវ៉ាស៉ីនតោនឌូលែស (Washington Dulles International Airport)
ព្រលានយន្តហោះឌូលែស ស្ថិតនៅក្នុងរដ្ឋវើជីនីញ៉ា (Virginia) ក្បែររដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិក។ ព្រលានយន្តហោះនេះត្រូវបានដាក់ឈ្មោះឱ្យតាមលោក ចូហ៍ ឌូលែស (Joh Dulles) ដែលជារដ្ឋមន្រ្តីការបរទេសអាមេរិកទី៥២ ហើយត្រូវបានបើកដំណើរការជាផ្លូវការកាលពីឆ្នាំ១៩៦២។ ព្រលានយន្តហោះឌូលែសលាតសន្ធឹងលើផ្ទៃដី៥២.៦គីឡូម៉ែត្រក្រឡា។
៤៖ អាកាសយានដ្ឋានអន្តរជាតិអរលែនដូ (Orlando International Airport)
អាកាសយានដ្ឋានអន្តរជាតិអរលែនដូ ស្ថិតនៅក្នុងទីក្រុងអរលែនដូ នៃរដ្ឋផ្លូរីដា (Florida)។ វាគឺជាព្រលានយន្តហោះមមាញឹកបំផុតរបស់រដ្ឋនេះ ដែលបម្រើជើងហោះហើរជាង៨៥០ក្នុងមួយថ្ងៃ ជាមួយគោលដៅធ្វើដំណើរ១៣៥កន្លែង។ ព្រលានយន្តហោះនេះលាតសន្ធឹងលើផ្ទៃដី៥៣.៨គីឡូម៉ែត្រក្រឡា។
៣៖ អាកាសយានដ្ឋានអន្តរជាតិដាឡាស់/ហ្វតវ៉ស្ស (Dallas/Fort Worth International Airport)
ព្រលានយន្តហោះដាឡាស់/ហ្វតវ៉ស្ស គឺជាព្រលានយន្តហោះធំជាងគេលំដាប់ថ្នាក់ទីពីរ ប្រចាំនៅតំបន់អាមេរិកខាងជើង។ វាស្ថិតនៅចន្លោះទីក្រុងហ្វតវ៉ស្ស និងទីក្រុងដាឡាស់ ក្នុងរដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក ហើយលាតសន្ធឹងលើផ្ទៃដីទំហំ៦៩.៦គីឡូម៉ែត្រក្រឡា។ ព្រលានយន្តហោះនេះត្រូវបានបើកដំណើរការកាលពីឆ្នាំ១៩៧៣។
២៖ អាកាសយានដ្ឋានអន្តរជាតិឌែនវើ (Denver International Airport)
ព្រលានយន្តហោះឌែនវើ គឺធំជាងគេប្រចាំនៅតំបន់អាមេរិកខាងជើង ជាមួយទំហំផ្ទៃដីសរុប១៣៥.៧គីឡូម៉ែត្រក្រឡា។ វាបានដំណើរការជាផ្លូវការកាលពីឆ្នាំ១៩៩៥។ ថ្លៃសាងសង់ព្រលានយន្តហោះគឺស្មើនឹង៨.១ពាន់លានដុល្លារនៃតម្លៃហិរញ្ញវត្ថុសព្វថ្ងៃ។
១៖ អាកាសយានដ្ឋានអន្តរជាតិព្រះចៅវ៉ាដ (King Fahd International Airport)
ព្រលានយន្តហោះដែលធំជាងគេបង្អស់ គឺស្ថិតនៅតំបន់អារ៉ាប់។ ព្រលានយន្តហោះព្រះចៅវ៉ាដ ស្ថិតនៅទីក្រុងដាមម៉ាម (Dammam) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ទំហំព្រលានយន្តហោះនេះ គឺដល់ទៅប្រមាណ៧៧៦គីឡូម៉ែត្រក្រឡា រីឯសំណង់ព្រលានយន្តហោះលាតសន្ធឹងលើផ្ទៃដីទំហំតែ៣៦.៨គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ។ ការសាងសង់របស់វាបានចាប់ផ្តើមកាលពីឆ្នាំ១៩៨៣ ហើយបញ្ចប់ជាស្ថាពរនៅឆ្នាំ១៩៩៩៕