(បរទេស)៖ ឧបទ្ទវហេតុយន្តហោះប៉ះទង្គិចគ្នានៅកណ្តាលផ្ទៃអាកាស ដែលបានឆក់យកជីវិតមនុស្សច្រើនបំផុតលើពិភពលោក គឺបានកើតឡើងរវាងយន្តហោះដឹកអ្នកដំណើរពីរគ្រឿង ដែលមួយគ្រឿងជារបស់អារ៉ាប៊ីសាអូឌីត និងមួយគ្រឿងទៀតជារបស់កាហ្សាក់ស្ថាន នៅលើទីក្រុង ឆាឃី ដាឌ្រី (Charkhi Dadri) ភាគខាងជើងប្រទេសឥណ្ឌា កាលពីឆ្នាំ១៩៩៦។
យន្ដហោះជើងហោះហើរលេខ៧៦៣ របស់អារ៉ាប៊ីសាអូឌីត ដែលជាធុន Boeing 747 មានគោលដៅចេញពីទីក្រុងដេលីរបស់ឥណ្ឌា ឆ្ពោះទៅកាន់ទីក្រុង ដារ៉ាន (Dhahran) នៅអារ៉ាប៊ីសាអូឌីត ខណៈយន្តហោះជើងហោះហើរលេខ១៩០៧ របស់អាកាសចរណ៍កាហ្សាក់ស្ថាន ដែលជាធុន អ៉ីលយូស៉ីន អ៉ីល-៧៦ (Ilyushin II-76) មានគោលដៅមកពីទីក្រុង ស្ស៉ីមខិន (Shymkent) នៃប្រទេសកាហ្សាក់ស្ថាន ឆ្ពោះទៅអាកាសយានដ្ឋាន អ៉ីនឌីរ៉ា (Indira) នៅឯទីក្រុងដេលី។
ហេតុការណ៌ប៉ះទង្គិចគ្នា បានកើតឡើងបន្ទាប់ពីយន្ដហោះ Ilyushin ត្រូវបានអនុញ្ញាតឲ្យបន្ទាបខ្លួនមកនៅ រយៈកម្ពស់ជាង ៤,៥០០ម៉ែត្រ ប៉ុន្តែបានចុះជ្រុលដល់ជាង៤,២០០ម៉ែត្រទៅវិញ ស្របពេលដែលយន្តហោះ Boeing បានហោះឡើងមកកម្ពស់នេះ ដែរក្នុងទិសដៅផ្ទុយគ្នា។ ទម្រាំតែក្រុមអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (ATC) អាចផ្ដល់សញ្ញាព្រមានពីគម្លាតរវាង យន្តហោះទាំងពីរបាននោះ គឺវាហួសពេលបាត់ទៅហើយ។
គួរជម្រាបថា ពេលនោះកន្ទុយចង្កូតរបស់យន្តហោះកាហ្សាក់ស្ថាន បានប៉ះនឹងស្លាបរបស់យន្តហោះអារ៉ាប៊ីសាអូឌីត រួចធ្វើឲ្យយន្តហោះអារ៉ាប៊ីសាអូឌីត មុជក្បាលសំដៅធ្លាក់ចុះទៅក្រោមយ៉ាងលឿន ខណៈយន្តហោះកាហ្សាក់ស្ថានផ្ទាល់ ក៏បានធ្លាក់ឆ្ពោះទៅរកដីដូចគ្នា។ ជាលទ្ធផលមនុស្សទាំង៣១២នាក់នៅលើយន្តហោះ Boeing របស់អារ៉ាប៊ីសាអូឌីត និងមនុស្សទាំង៣៧នាក់នៅលើយន្តហោះ Ilyushin របស់កាហ្សាក់ស្ថាន សុទ្ធតែបានបាត់បង់ជីវិតទាំងអស់៕