(ភ្នំពេញ)៖ ក្នុងចំណោមទឹកលើភពផែនដី មានតែ៣ភាគរយប៉ុណ្ណោះដែលជាទឹកសាប ហើយក្នុងនោះមានត្រឹម០.៥ភាគរយប៉ុណ្ណោះដែលអាចប្រើប្រាស់បាន។ ប្រភពចម្បងនៃវត្តមានទឹកសាបនៅលើផែនដី គឺការធ្លាក់ទឹកសន្សើម ការធ្លាក់ភ្លៀង និងការធ្លាក់ព្រិលពីបរិយាកាស។

ខាងក្រោមនេះជាប្រទេសទាំង៥ដែលមានទឹកសាបច្រើនជាងគេបំផុត៖

៥៖ ប្រទេសចិន
ចិនស្ថិតក្នុងចំណាត់ថ្នាក់ទី៥នៃប្រទេសដែលមានបរិមាណទឹកសាបច្រើនជាងគេបំផុត ដោយប្រមាណទឹកសាបមានជាង២,៨៤០គីឡូម៉ែត្រគូប។ បឹងប៉យ៉ាង (Poyang Lake) ដែលមានទីតាំងស្ថិតនៅក្នុងខេត្តជាំងស៊ី (Jiangxi) គឺជាបឹងទឹកសាបដែលមានទំហំធំជាងគេបំផុតនៅក្នុងប្រទេសចិន។ ទន្លេស៊ីន (Xin River) ទន្លេស៊ីវ (Xiao River) និងទន្លេកាន (Gan River) សុទ្ធតែត្រូវបញ្ចេញទឹកចូលទៅក្នុងបឹងនេះ។ បរិមាណទឹកបឹងប៉យ៉ាងតែងប្រែប្រួលមិនទៀតទាត់ឡើយ ដោយអាស្រ័យទៅតាមរដូវកាល។

៤៖ ប្រទេសកាណាដា
បរិមាណទឹកសាបដែលអាចប្រើប្រាស់ឡើងវិញនៅក្នុងប្រទេសកាណាដាមានប្រហែលជាង២,៩០២គីឡូម៉ែត្រគូប។ ភាគច្រើនទឹកសាបនៅកាណាដាមានវត្តមាននៅតាមបណ្ដាញទន្លេ និងបឹងផ្សេងៗជាច្រើន។ ទឹកសាបនៅកាណាដាបានផ្តល់ជាប្រភពទឹកសម្រាប់ប្រើប្រាស់ទៅដល់ប្រជាជនប្រមាណជាង៨,០០០,០០០នាក់ និងចូលរួមជាចំណែកទ្រទ្រង់ដល់វិស័យកសិកម្មប្រមាណ១/៤នៅក្នុងប្រទេស។

៣៖ សហរដ្ឋអាមេរិក
ធនធានទឹកសាបអាចប្រើប្រាស់បានឡើងវិញនៅក្នុងសហរដ្ឋអាមេរិកមានបរិមាណប្រហែល៣,០៦៩គីឡូម៉ែត្រគូប។ ទឹកសាបភាគច្រើនរបស់សហរដ្ឋអាមេរិកគឺជាទឹកនៅផ្ទៃខាងលើដែលមានបរិមាណ៧០ភាគរយ និងទឹកដែលនៅក្រោមដីមាន៣០ភាគរយ។ សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលសម្បូរទៅដោយបឹងជាច្រើនកន្លែង បូករួមជាមួយនឹងបឹងយក្ស Great Lakes ដែលជាបឹងមួយមានឈ្មោះល្បីល្បាញជាងគេនៅលើពិភពលោកនេះ។

២៖ ប្រទេសរុស្ស៉ី
ប្រភពទឹកសាបនៅក្នុងប្រទេសរុស្ស៉ី រួមមាន ទន្លេ បឹង និងអាងស្តុកទឹកសិប្បនិម្មិតដែលសាងសង់ដោយមនុស្ស។ នៅប្រទេសរុស្ស៉ីមានបឹងបៃកាល់ (Baikal Lake) ដែលជាបឹងទឹកសាបមានទំហំធំ និងមានជម្រៅជ្រៅជាងគេបំផុតលើពិភពលោក។ បរិមាណទឹកសាបនៅក្នុងបឹងនោះមានអត្រាស្មើនឹង១/៥នៃបរិមាណទឹកសាបទាំងអស់នៅលើពិភពលោក។ សរុបមក ធនធានទឹកសាបទាំងអស់នៅក្នុងប្រទេសរុស្ស៉ីមានបរិមាណ៤,៥០៨គីឡូម៉ែត្រគូប។

១៖ ប្រទេសប្រស៉ីល
ប្រេស៉ីលគឺជាប្រទេសដែលមានបរិមាណទឹកសាបដែលអាចប្រើប្រាស់ឡើងវិញខ្ពស់ជាងគេបំផុត គឺមានបរិមាណសរុបជាង៨,២៣៣គីឡូម៉ែតគូបឯណោះ។ បរិមាណទឹកសាបនៃប្រទេសប្រេស៊ីលគឺមានអត្រាស្មើនឹង១២ភាគរយនៃធនធានទឹកសាបទាំងអស់នៅទូទាំងពិភពលោក។

នៅតំបន់ព្រៃអាម៉ាហ្សូនរបស់ប្រេស៉ីលមានទឹកសាប៧០ភាគរយនៃបរិមាណទឹកសាបទាំងអស់ដែលមានក្នុងប្រទេសនេះ។ បើទោះបីជាប្រទេសនេះសម្បូរទៅដោយធនធានទឹកសាបច្រើនយ៉ាងណាក្ដី ក៏នៅតែមានតំបន់មួយចំនួនត្រូវប្រឈមមុខនឹងបញ្ហាគ្រោះរាំងស្ងួត ជាក់ស្ដែងដូចជាតំបន់សៅភូឡូ (Sao Paulo) ដែលមានប្រជាជនប្រេស៉ីលរស់នៅច្រើនបំផុត។ រីឯនៅតាមបណ្តាទីក្រុងមួយចំនួនក៏នៅតែបន្តជួបប្រទះវិបត្តិកង្វះទឹកសាបផងដែរ។

គួរបញ្ជាក់ថា ប្រទេសដែលមានធនធានទឹកសាបច្រើន ក៏អាចទទួលបានអត្ថប្រយោជន៍សម្បូរបែបតាមនោះដែរ តួយ៉ាងវាមានសារសំខាន់ក្នុងការទ្រទ្រង់នូវជីវិតប្រព័ន្ធជីវចម្រុះ ការផលិតស្បៀងអាហារ និងការផលិតថាមពលវារីអគ្គិសនីជាដើម។

ទោះជាយ៉ាងណា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ អ្នកវិទ្យាសាស្រ្តបានសង្កេតឃើញថាបរិមាណធនធានទឹកសាបមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ បញ្ហាបម្រែបម្រួលអាកាសធាតុពិភពលោកជាហេតុដ៏ចម្បងមួយដែលធ្វើឱ្យបរិមាណធនធានទឹកសាបលើផែនដីមានការថយចុះ៕