(តួកគីយេ)៖ ប្រទេសតួកគីយេ ដែលមួយចំណែកស្ថិតនៅខាងទ្វីបអឺរ៉ុប និងមួយចំណែកទៀតនៅខាងទ្វីបអាស៉ីផងនោះ បានដើរតួយ៉ាងសំខាន់ក្នុងការតភ្ជាប់ទ្វីបធំៗចំនួនពីរ។ កេរដំណែលដ៏មានតម្លៃដែលសល់ពីចក្រភពអូតូម៉ង់នោះ គឺទីក្រុងអ៉ីស្ដង់ប៊ុល (Istanbul)។
ទីក្រុងអ៉ីស្តង់ប៊ុល គឺជាទីក្រុងធំបំផុតរបស់តួកគី និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ប្រទេសមួយនេះ។ មិនខុសពីផ្ទៃប្រទេសទាំងមូលនោះឡើយ ទីក្រុងនេះគឺស្ថិតនៅសងខាងច្រកសមុទ្របូសហ្វូរូស (Bosphorus) ដោយម្ខាងនៅទ្វីបអឺរ៉ុប និងម្ខាងទៀតនៅទ្វីបអាស៉ី។
ពីដើមឡើយ ទីប្រជុំជននេះត្រូវបានបង្កើតដោយក្រុមនិគមជនក្រិកបុរាណមានឈ្មោះថា មេហ្ការ៉ា (Megara) ចាប់ពីអំលុងឆ្នាំ៦៥៧មុនគ្រិស្តសករាជ ដោយពួកគេបានដាក់ឈ្មោះទីក្រុងនេះថា ប៊ីហ្សង់ទ្យាម (Byzantium) ក្រោយមកតំបន់នេះក៏ធ្លាក់ក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូមវិញ។ រហូតដល់ឆ្នាំ៣៣០មុនគ្រិស្តសករាជ ពោលគឺក្នុងរជ្ជកាលព្រះចៅអធិរាជកុងស្ដង់ទីន (Constantine the Great) នៃចក្រភពរ៉ូម៉ាំងប៊ីហ្សង់ទីន (Roman/Byzantine) ព្រះអង្គបានប្តូរឈ្មោះទីក្រុងនេះទៅជាទីក្រុងណូវ៉ារ៉ូម៉ា (Nova Roma) ដែលមានន័យថាទីក្រុងរ៉ូមថ្មី (New Rome) ដោយព្រះអង្គបានប្រកាសយកទីក្រុងនេះធ្វើជារាជធានីថ្មីរបស់ចក្រភពរបស់ព្រះអង្គ។ មិនយូរប៉ុន្មាន អធិរាជកុងស្ដង់ទីនក៏បានប្តូរឈ្មោះទីក្រុងនេះទៅជាទីក្រុងកុងស្ដង់ទីណូប៉ូលី (Constantinople) តាមព្រះនាមទ្រង់វិញ។
ក្នុងសម័យរ៉ូម៉ាំងប៊ីហ្សង់ទីន ទីក្រុងកុងស្ដង់ទីណូប៉ូលីបានរីកធំឡើងៗ ទាំងទំហំ និងឥទ្ធិពល រហូតក្លាយជាមជ្ឈមណ្ឌលដ៏លេចធ្លោរបស់ផ្លូវសូត្របុរាណ (Silk Road) ដែលតភ្ជាប់បណ្ដាញពាណិជ្ជកម្មពីអាស៉ីទៅអឺរ៉ុប។
កុងស្ដង់ទីណូប៉ូលីបានដើរតួជារាជធានីរបស់ចក្រភពផ្សេងៗអស់រយៈពេលជិត១៦សតវត្សរ៍ រួមមាន៖
* ចាប់ពីឆ្នាំ៣៣០-១២០៤នៃគ្រិស្តសករាជ ជារាជធានីរបស់ចក្រភពរ៉ូម៉ាំងប៊ីហ្សាន់ទីន (Roman/Byzantine Empire)។
* ចាប់ពីឆ្នាំ១២០៤-១២៦១នៃគ្រិស្តសករាជ ជារាជធានីរបស់ចក្រភពឡាតាំង (Latin Empire)។
* ចាប់ពីឆ្នាំ១២៦១-១៤៥៣នៃគ្រិស្តសករាជ ជារាជធានីរបស់ចក្រភពប៊ីហ្សាន់ទីន (Byzantine Empire)។
* ចាប់ពីឆ្នាំ១៤៥៣-១៩២២នៃគ្រិស្ដសករាជ ជារាជធានីរបស់ចក្រភពអូតូម៉ង់ (Ottoman Empire)។
នៅអំលុងសម័យរ៉ូម៉ាំង និងប៊ីហ្សង់ទីន ទីក្រុងកុងស្ដង់ទីណូប៉ូលីបានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រីកការផ្សព្វផ្សាយគ្រិស្តសាសនា មុនពេលធ្លាក់ក្រោមការគ្រប់គ្រងរបស់ពួកអូតូម៉ង់ ដែលកាន់សាសនាឥស្លាម។
បន្ទាប់ពីសង្រ្គាមដើម្បីឯករាជ្យតួកគី ពោលគឺនៅថ្ងៃទី២៤ ខែមិថុនា គ្រិស្ដសករាជ១៩២៣ ទីក្រុងកុងស្ដង់ទីណូប៉ូលីក៏បានក្លាយរដ្ឋធានីរបស់សាធារណរដ្ឋតួកគីដែលទើបបង្កើតថ្មី ប៉ុន្តែរហូតដល់ខែតុលា ១៩២៣ ដដែល រដ្ឋាភិបាលសាធារណរដ្ឋតួកគីក៏បានប្ដូររដ្ឋធានីរបស់ខ្លួនពីទីក្រុងកុងស្ដង់ទីណូប៉ូលីទៅកាន់ទីក្រុងអង់ការ៉ា (Ankara) ដែលនៅខាងទ្វីបអាស៉ីវិញ។ នៅគ្រិស្ដសករាជ១៩៣០ ឈ្មោះកុងស្ដង់ទីនូសក៏ត្រូវបានប្តូរមកជា «អ៉ីស្តង់ប៊ុល» វិញជាផ្លូវការ។ តាមពិត ឈ្មោះអ៉ីស្ដង់ប៊ុលនេះគឺជាសំនៀងនិយាយភាសាក្រិក ដែលក៏ធ្លាប់បានប្រើរួចមកហើយតាំងសតវត្សទី១១។
បច្ចុប្បន្ន ទីក្រុងអ៉ីស្ដង់ប៊ុលមានមនុស្សរស់នៅប្រមាណជាង១៥លាននាក់ ឬស្មើនឹង១៩ភាគរយនៃចំនួនប្រជាជនសរុបរបស់ប្រទេសតួកគីយេទាំងមូល ហើយជាប់ឈ្មោះជាទីក្រុងដែលមានមនុស្សរស់នៅច្រើនជាងគេប្រចាំអឺរ៉ុប និងច្រើនលំដាប់ទី១៥នៅលើពិភពលោក៕