(ភ្នំពេញ)៖ សៀវភៅដ៏ល្បីរន្ទឺមួយរបស់អ្នកនិពន្ធជនជាតិអាល្លឺម៉ង់ ណ័រមែន អូល័រ (Norman Ohler) ដែលបានគាស់កកាយឡើងនូវកំណត់ហេតុវេជ្ជបណ្ឌិតផ្ទាល់ខ្លួនរបស់មេដឹកនាំផ្តាច់ការអាល្លឺម៉ង់ អាដូហ្វ អ៉ីត្លែរ (Adolf Hitler) ដោយបានលាតត្រដាងអំពីរឿងរ៉ាវលម្អិតនៃការប្រើប្រាស់ថ្នាំញៀនរបស់កងទ័ពអាល្លឺម៉ង់ កាលពីសម័យសង្រ្គាមលោកលើកទី២។
ជាក់ស្តែងមិនមែនតែអាល្លឺម៉ង់ទេដែលប្រើថ្នាំជំនួយកម្លាំងនាអំឡុងសង្រ្គាមលោកលើកទី២នោះ សូម្បីតែខាងកងទ័ពជប៉ុន អាមេរិក និងអង់គ្លេសក៏សុទ្ធតែប្រើប្រាស់ដូចគ្នាដែរ គឺប្រភេទថ្នាំអំហ្វេតាមីន (Amphetamine) ប៉ុន្តែអាល្លឺម៉ង់ជាអ្នកប្រើប្រាស់យ៉ាងផុសផុលជាងគេ និងមុនគេបង្អស់នៅលើសមរភូមិ ជាពិសេសនៅដំណាក់កាលចាប់ផ្តើមដំបូងនៃសង្រ្គាមនេះ។
តាមពិតទៅពួកណាហ្ស៉ីអាល្លឺម៉ង់ឈរលើគោលការណ៍ប្រឆាំងនឹងថ្នាំញៀនទេ ដោយការប្រើប្រាស់ថ្នាំញៀនក្នុងសង្គមត្រូវបានចាត់ទុកជាសញ្ញានៃភាពកម្សោយរបស់បុគ្គល និងការធ្លាក់ដុនដាបនៃប្រទេសជាតិក្រោយចាញ់សង្រ្គាមលោកលើកទី១។ ខណៈថ្នាំញៀនដទៃទៀតត្រូវបានហាមឃាត់ តែថ្នាំមេតំហ្វេតាមីន (Methamphetamine) បែរជាទទួលការបានកោតសរសើរនិងលើកកម្ពស់ជាថ្នាំអស្ចារ្យមួយ នៅពេលដែលវាបង្ហាញខ្លួនលើទីផ្សារនាចុងទសវត្សឆ្នាំ១៩៣០ ព្រោះវាត្រូវតាមមនោគមន៍វិជ្ជារបស់ពួកណាហ្ស៉ី ដែលចង់បានតែបុគ្គលខ្លាំងៗទាំងផ្នែកស្មារតី និងរូបរាងកាយ។
ថ្នាំមេតំហ្វេតាមីននៅអាល្លឺម៉ង់បានលេចឡើងនៅពេលគីមីវិទូអាល្លឺម៉ង់ម្នាក់ គឺលោក ហ្វ្រីឌ្រីច ហោសឆាល (Friedrich Hauschild) បានធ្វើការពិសោធន៍ដើម្បីផលិតថ្នាំដែលស្រដៀងនឹងថ្នាំអំហ្វេតាមីនឈ្មោះ បេនហ្សេឌ្រីន (Benzedrine)។ គួរជម្រាបថា Benzedrine ជាថ្នាំរបស់សហរដ្ឋអាមេរិក ដែលត្រូវបានប្រើប្រាស់ជាផលិតផលជំនួយកម្លាំងក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងប៊ែរឡាំង ឆ្នាំ១៩៣៦។ លោក ហោសឆាល ក៏សម្រេចបានថ្នាំមេតំហ្វេតាមីនឡើងមក នៅមួយឆ្នាំក្រោយមកនៅពេលធ្វើការឲ្យក្រុមហ៊ុនផលិតឱសថ Temmler Werke ដែលមានមូលដ្ឋាននៅទីក្រុងប៊ែរឡាំង។ ក្រុមហ៊ុននេះបានចាប់ផ្តើមលក់ថ្នាំមេតំហ្វេតាមីនក្នុងទម្រង់ជាថ្នាំគ្រាប់ហៅថា ពើវីទីន (Pervitin) នៅឆ្នាំ១៩៣៨ ហើយត្រូវបានប្រើប្រាស់យ៉ាងផុសផុលក្នុងរយៈពេលត្រឹមប៉ុន្មានខែប៉ុណ្ណោះ។ ក្រោយមក វេជ្ជបណ្ឌិតយោធាម្នាក់របស់អាល្លឺម៉ង់ គឺលោក អូតូ រាំង (Otto Ranke) បានយកថ្នាំពើវីទីនទៅពិសោធន៍លើមនុស្សជាច្រើននាក់ ហើយឃើញថាថ្នាំញៀននេះនឹងមានអត្ថប្រយោជន៍ជាខ្លាំងនៅលើសមរភូមិ ព្រោះវាជួយបំបាត់ភាពនឿយហត់ ឃ្លាន និងងងុយដេក ហើយពង្រឹងស្មារតីសម្រាប់កងទ័ពដែលត្រូវប្រយុទ្ធច្រើនថ្ងៃច្រើនយប់ ដោយមិនចាំបាច់ត្រូវឈប់សម្រាកយកកម្លាំងឡើយ។
ការឈ្លានពានរបស់អាល្លឺម៉ង់លើប៉ូឡូញនៅខែកញ្ញា ឆ្នាំ១៩៣៩ គឺជាការធ្វើតេស្តជាក់ស្តែងលើកដំបូងនៃគុណសម្បត្តិរបស់ថ្នាំពើវីទីននៅលើសមរភូមិ ហើយតែមួយខែក្រោយមក អាល្លឺម៉ង់ក៏ទទួលជោគជ័យក្នុងការឈ្លានពានអ្នកជិតខាងនៅភាគខាងកើតមួយនេះ។ ការឈ្លានពាននេះទៀតសោត ក៏បាននាំមកនូវការធ្វើសង្រ្គាមក្នុងទម្រង់ថ្មីមួយហៅថា សង្រ្គាមផ្លេកបន្ទោរ (ភាសាអាល្លឺម៉ង់ហៅថា Blitzkrieg)។ សង្រ្គាមផ្លេកបន្ទោរនេះសង្កត់ធ្ងន់ជាពិសេសទៅលើល្បឿន គឺដូចទៅនឹងសម្តីនៅក្នុងតម្រាពិជ័យសង្រ្គាម ស៊ុន អ៊ូ (Sun Tzu) ដែលថា «ល្បឿន ជាយុទ្ធសាស្រ្តសំខាន់បំផុតនៅក្នុងសង្រ្គាម» ហើយប្រសិនបើគ្មានថ្នាំពើវីទីនទេ ក៏សង្រ្គាមផ្លេកបន្ទោរនេះមិនអាចប្រព្រឹត្តទៅដោយប្រសិទ្ធភាពនោះដែរ។ ប្រការនេះធ្វើឲ្យអ្នកប្រវត្តិសាស្រ្តសន្និដ្ឋានថា មានថ្នាំពើវីទីនទើបអាចមានសង្រ្គាមផ្លេកបន្ទោររបស់អាល្លឺម៉ង់បាន។
នៅចន្លោះខែមេសា និងខែកក្កដា ឆ្នាំ១៩៤០ កងទ័ពអាល្លឺម៉ង់ប្រើប្រាស់ថ្នាំពើវីទីនសរុបអស់ច្រើនជាង៣៥លានគ្រាប់។ យុទ្ធសាស្រ្តសង្រ្គាមផ្លេកបន្ទោររបស់អាល្លឺម៉ង់ពឹងផ្អែកជាពិសេសទៅលើល្បឿន តាមរយៈការទន្ទ្រានឈ្លានពានទៅមុខឥតឈប់ឥតឈរ ដោយប្រើប្រាស់កងរថក្រោះ និងកងថ្មើរជើងទាំងយប់ទាំងថ្ងៃ។ នៅខែមេសា ឆ្នាំ១៩៤០ តាមរយៈយុទ្ធសាស្រ្តសង្រ្គាមផ្លេកបន្ទោរ អាល្លឺម៉ង់បានចូលគ្រប់គ្រងដាណឺម៉ាក និងន័រវែស។ មួយខែក្រោយមក កងទ័ពអាល្លឺម៉ង់បានបន្តឆ្ពោះទៅដល់ហូឡង់ ប៊ែលហ្ស៉ិក ហើយចុងក្រោយគេគឺបារាំងដែលជាមហាអំណាចដ៏ធំមួយ តែត្រូវអាល្លឺម៉ង់វាយយកបានក្នុងពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។
គួរជម្រាបថា នៅចំពោះមុខក្តីព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពនៃការញៀនងប់ងុល និងផលប៉ះពាល់អវិជ្ជមាននៃការប្រើប្រាស់ហួសកម្រិត យោធាអាល្លឺម៉ង់ក៏បានចាប់ផ្តើមបន្ថយការចែកចាយថ្នាំពើវីទីននៅចុងឆ្នាំ១៩៤០ ហើយការប្រើប្រាស់វាបានថយចុះយ៉ាងគំហុកនៅឆ្នាំ១៩៤១ និងឆ្នាំ១៩៤២។ ទោះជាបែបនេះក៏ដោយ វានៅតែមានការប្រើប្រាស់ក្នុងជួរកងទ័ពអាល្លឺម៉ង់នាសម័យសង្រ្គាមលោកលើកទី២ដដែល៕
ប្រភពវែបសាយ៖ History.com & Time.com