(បរទេស)៖ ប្រតិបត្តិការរក្សាសន្តិភាពត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ (UN) សម្រាប់ជាមធ្យោបាយមួយ ដើម្បីជួយប្រទេសនានាដែលហែកហួរដោយសារជម្លោះ អាចបង្កើតលក្ខខណ្ឌឆ្ពោះទៅរកសន្តិភាពយូរអង្វែងបាន។
យោងតាមធម្មនុញ្ញរបស់ UN ដើម្បីជួយក្នុងកិច្ចប្រឹងប្រែងរក្សាសន្តិភាពនិងសន្តិសុខនៅជុំវិញពិភពលោក បណ្តារដ្ឋទាំងអស់ដែលជាសមាជិកគួរតែចូលរួមចំណែកផ្តល់កងកម្លាំង ព្រមទាំងធនធានផ្សេងៗ។ បេសកកម្មរក្សាសន្តិភាពដំបូងបំផុតត្រូវបានអនុម័តកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៤៨ នៅពេលក្រុមប្រឹក្សាសន្តិសុខរបស់ UN បានអនុញ្ញាតឱ្យមានការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍យោធាមួយក្រុមតូចទៅកាន់រដ្ឋអ៉ីស្រាអែលដែលទើបនឹងកើតថ្មី ក្រោយជម្លោះជាមួយបណ្តារដ្ឋអារ៉ាប់ សម្រេចបានបទឈប់បាញ់គ្នា។
ចាប់តាំងពីពេលនោះមក មនុស្សជាង១លាននាក់មានទាំងបុរសនិងស្រ្តីមកពីជិត១៣០ប្រទេស បានចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពក្រោមទង់របស់ UN នៅជុំវិញពិភពលោក ខណៈច្រើនជាង៤,០០០នាក់បានបាត់បង់ជីវិត។ បច្ចុប្បន្ន បេសកកម្មអន្តរជាតិទាំងនេះ ភាគច្រើនស្ថិតនៅទ្វីបអាហ្រ្វិក។ សមាសភាពនៃកងកម្លាំងរក្សាសន្តិភាពអាចរួមមានកងទ័ព ប៉ូលិស ហើយនិងបុគ្គលិកស៉ីវិល។
គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២២ ប្រទេសទាំង១០ដែលបានចូលរួមចំណែកផ្តល់កងកម្លាំងច្រើនជាងគេ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពរបស់ UN រួមមាន៖
១៖ បង់ក្លាដែស (៦,៦៩៣នាក់)
២៖ នេប៉ាល់ (៥,៧៨២នាក់)
៣៖ ឥណ្ឌា (៥,៥៨១នាក់)
៤៖ រវ៉ាន់ដា (៥,២៩០នាក់)
៥៖ ប៉ាគីស្ថាន (៤,១២៣នាក់)
៦៖ អេហ្ស៉ីប (២,៧៩៤នាក់)
៧៖ ហ្កាណា (២,៧៦០នាក់)
៨៖ ឥណ្ឌូណេស៉ី (២,៦៧៥នាក់)
៩៖ សេណេហ្កាល់ (២,៤៥៨នាក់)
១០៖ ចិន (២,២៤៣នាក់)៕