(បរទេស)៖ សព្វថ្ងៃ ជនមូស្លីមឬអ្នកកាន់សាសនាអ៉ីស្លាម នៅលើពិភពលោក មានចំនួនលើសពី២ពាន់លាននាក់ ដែលជាហេតុធ្វើឱ្យសាសនាមួយនេះ ជាប់ចំណាត់ថ្នាក់ ជាសាសនាធំជាងគេបំផុតលំដាប់ទី២ បន្ទាប់ពីសាសនាគ្រិស្ត។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវជាច្រើន បានព្យាករថា ជនមូស្លីម អាចនឹងមានចំនួនលើសពីអ្នកកាន់សាសនាគ្រិស្ត នៅខ្ទង់ឆ្នាំ២០៥០។
ខណៈអ្នកកាន់សាសនាអ៉ីស្លាម មានវត្តមាននៅពាសពេញផែនដី ភាគច្រើនពួកគេរស់នៅតំបន់ភាគខាងជើង និងភាគកណ្តាលនៃទ្វីបអាហ្រ្វិក, នៅមជ្ឈិមបូព៌ា និងនៅតំបន់អាស៉ីអាគ្នេយ៍។ ប្រទេសជាច្រើននៅក្នុងតំបន់ទាំងនេះ គឺមានជនមូស្លីមជាង៩០ភាគរយ នៃចំនួនប្រជាជនសរុបរបស់ពួកគេ។ ប្រទេសទាំងនោះ រួមមានដូចជា អេហ្ស៉ីប, អាហ្វហ្កានីស្ថាន, ស៉ីរី, ប៉ាគីស្ថាន, តួកគី និងអ៉ីរ៉ង់ ជាដើម។
គួរបញ្ជាក់ថា ប្រទេសដែលមាន អ្នកកាន់សាសនាអ៉ីស្លាមច្រើនជាងគេបង្អស់គឺ ឥណ្ឌូណេស៉ី។ ឥណ្ឌូណេស៉ីមានជនមូស្លីមប្រហែល ២៣១លាននាក់ ដែលស្មើនឹង៨៦.៧ភាគរយ នៃចំនួនប្រជាជនឥណ្ឌូណេស៉ីសរុប ហើយស្មើនឹងជិត១៣ភាគរយ នៃចំនួនជនមូស្លីមសរុបនៅលើពិភពលោក។
ប្រទេសទាំង១០ ដែលមានអ្នកកាន់សាសនាអ៉ីស្លាមច្រើនជាងគេ រួមមានដូចខាងក្រោម៖
១៖ ឥណ្ឌូណេស៉ី (២៣១,០០០,០០០នាក់)
២៖ ប៉ាគីស្ថាន (២១២,៣០០,០០០នាក់)
៣៖ ឥណ្ឌា (២០០,០០០,០០០នាក់)
៤៖ បង់ក្លាដែស (១៥៣,៧០០,០០០នាក់)
៥៖ នីហ្សេរីយ៉ា (៩៥,០០០,០០០-១០៣,០០០,០០០នាក់)
៦៖ អេហ្ស៉ីប (៨៥,០០០,០០០-៩០,០០០,០០០នាក់)
៧៖ អ៉ីរ៉ង់ (៨២,៥០០,០០០នាក់)
៨៖ តួកគី (៧៤,៤៣២,៧២៥នាក់)
៩៖ អាល់ហ្សេរី (៤១,២៤០,៩១៣នាក់)
១០៖ ស៊ូដង់ (៣៩,៥៨៥,៧៧៧នាក់)៕