(បរទេស)៖ ក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកនេះ បើសរុបទៅគឺមានក្សត្រនិងក្សត្រិយ៍ជាច្រើនអង្គ ដែលធ្លាប់គ្រប់គ្រងប្រទេសផ្សេងៗ ដោយអង្គខ្លះគ្រងរាជ្យបានយូរអង្វែងដល់រាប់ឆ្នាំ ខណៈអង្គខ្លះទៀតវិញនោះ គឺគ្រងរាជ្យបានត្រឹមតែប៉ុន្មានថ្ងៃក៏មានដែរ។ ដូច្នេះហើយ តើអ្នកដឹងទេថា ក្សត្រនិងក្សត្រីអង្គណាខ្លះ នៅលើពិភពលោក ដែលគ្រងរាជ្យបានយូរជាងគេបំផុត ក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត។ Fresh New Plus នឹងលើកយកក្សត្រ-ក្សត្រិយ៍ទាំង៥អង្គ ដែលស្ថិតនៅចំណាត់ថ្នាក់លើគេ មករៀបរាប់ដូចតទៅ៖
១៖ ស្តេច ល្វីសទី១៤ នៃប្រទេសបារាំង (១៦៤៣-១៧១៥)
ក្សត្រដែលគ្រងរាជ្យបានយូរជាងគេបង្អស់ ក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត គឺស្តេច ល្វីសទី១៤ (Louis XIV) នៃប្រទេសបារាំង។ ក្រោយឡើងសោយរាជ្យ តាំងពីព្រះជន្មត្រឹម ៤ព្រះវស្សាប៉ុណ្ណោះនោះ ទ្រង់បានគង់លើរាជបល្ល័ង្កអស់រយៈពេលសរុប «៧២ឆ្នាំ និង១១០ថ្ងៃ»។ ព្រះអង្គក៏មានព្រះនាមល្បីសុះសាយ សម្រាប់ការសាងសង់ព្រះរាជវាំងវែរសៃ (Versailles) ផងដែរ។
២៖ ក្សត្រិយ៍ អេលីហ្សាបេតទី២ (១៩៥២-បច្ចុប្បន្ន)
គិតត្រឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ មហាក្សត្រិយ៍ចក្រភពអង់គ្លេស អេលីហ្សាបេតទី២ (Elizabeth II) គ្រងរាជ្យបានរយៈពេលសរុប «៧០ឆ្នាំ និង១៣៥ថ្ងៃ» ដែលជាហេតុនាំឱ្យទ្រង់ ស្ថិតនៅចំណាត់ថ្នាក់លេខ២ ហើយទ្រង់ក៏ជាប់ជាក្សត្រ-ក្សត្រិយ៍ នៅមានព្រះជន្ម ដែលកំពុងគ្រងរាជ្យ បានយូរជាងគេបំផុតផងដែរ។
៣៖ ស្តេច ភូមិបុល អាប់ឌុលយ៉ាដេត (១៩៤៦-២០១៦)
អតីតមហាក្សត្ររបស់ប្រទេសថៃ ភូមិបុល អាប់ឌុលយ៉ាដេត (Bhumibol Adulyadej) បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៣ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅពេលមហាក្សត្រីអង់គ្លេស អេលីហ្សាបេត គ្រងរាជ្យបានចំនួន ៧០ឆ្នាំ និង១២៧ថ្ងៃ។ សម្រាប់រយៈពេលនៃការគ្រងរាជ្យរបស់ស្តេច ភូមិបុល គឺ «៧០ឆ្នាំ និង១២៦ថ្ងៃ»។
៤៖ ស្តេច យ៉ូហាន់ទី២ (១៨៥៨-១៩២៩)
ស្តេច យ៉ូហាន់ទី២ (Johann II) នៃប្រទេសលិចតិនស្តាញ ដែលជាប្រទេសអឺរ៉ុបតូចមួយ នៅតំបន់ជួរភ្នំអាល់ (Alps) ចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីស គឺស្ថិតនៅចំណាត់ថ្នាក់លេខ៤ ជាមួយរយៈពេលគ្រងរាជ្យ «៧០ឆ្នាំ និង៩១ថ្ងៃ»។
៥៖ ស្តេច ឃ្នីនីច ចាណាអាប់ ប៉ាកាល់ ទី១ (៦១៥-៦៨៣)
ស្តេច ឃ្នីនីច ចាណាអាប់ (K'inich Janaab' Pakal l) គ្រងរាជ្យលើនគរមួយ នៃអរិយធម៌ម៉ាយ៉ា (Maya) ហៅថា ប៉ាលេនគី (Palenque) ចាប់ពីឆ្នាំ៦១៥ ដល់ឆ្នាំ៦៨៣ នៃគ្រិស្តសករាជ មុនពេលវារលាយបាត់ទៅវិញ នៅកំលុងសតវត្សរ៍ទី៨។ អតីតទឹកដីរបស់នគរបុរាណនោះ បច្ចុប្បន្នស្ថិតក្នុងផ្នែកនៃប្រទេសម៉ិកស៉ិក។ រីឯរយៈពេលគ្រងរាជ្យរបស់ស្តេចអង្គនេះវិញគឺ «៦៨ឆ្នាំ និង៣៣ថ្ងៃ»៕