(បរទេស)៖ ក្នុងប្រវត្តិសាស្ត្រពិភពលោក ទីក្រុងរដ្ឋបាលនីមួយៗ គឺពិតជាមានភាពសំខាន់ខ្លាំងណាស់សម្រាប់ព្រះរាជាណាចក្រ និងប្រទេសទាំងឡាយ ដែលវាបានដើរតួនាទីជាបេះដូងនៃអាណាចក្រ ជាសរសសៃឈាមសង្គម ជាដង្ហើមសេដ្ឋកិច្ច ជាមជ្ឈមណ្ឌលគ្រប់គ្រងរាជការ ជាទីតាំងព្រះបរមរាជវាំង ហើយក៏ជាគោលដៅលុកលុយរបស់សត្រូវផងដែរ។
មិនមែនជារឿងធម្មតានោះឡើយ ដែលទីក្រុងបុរាណមួយអាចត្រដរស្ថិតនៅជាមួយ ពេលវេលារាប់ពាន់ឆ្នាំរហូតមកដល់ពេលបច្ចុប្បន្ន គឺវាពិតជាមានភាពអស្ចារ្យខ្លាំងណាស់ សម្រាប់ប្រវត្តិសាស្ត្រពិភពលោកជំនាន់ថ្មីនេះ។ ប៉ុន្តែតើអ្នកបានដឹងទេថា ទីក្រុងរដ្ឋបាលនៅទីណា ដែលមានអាយុកាលចំណាស់ជាងគេបំផុតនៅលើពិភពលោក។
ដើម្បីស្រាយចម្ងល់ពាក់ព័ន្ធនឹងប្រធានខាងលើនេះ Fresh News Plus សូមលើកបង្ហាញនូវព័ត៌មានមួយចំនួនជូនប្រិយមិត្តដូចតទៅ៖
ទីក្រុងដាម៉ាស (Damascus) ត្រូវបានគេចាត់ទុកថាជាទីក្រុងរដ្ឋបាល ដែលមានអាយុកាលយូរជាងគេបំផុតនៅលើពិភពលោក ខណៈបច្ចុប្បន្ន ទីក្រុងចំណាស់មួយនេះកំពុងនៅជារដ្ឋធានីរបស់ប្រទេសស៉ីរី ដែលជាអតីតអាណាចក្រមានវប្បធម៌ចំណាស់ជាងគេមួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិផងដែរ (មេសូប៉ូតាមី)។
នៅឆ្នាំ១៩៥០ គេបានរកឃើញបុរាណវត្ថុជាច្រើនដែលបង្ហាញភស្តុតាងថា ទីក្រុងមួយនេះមានអាយុកាលជាង ១១,០០០ ឆ្នាំមកហើយ គឺមានអាយុចំណាស់ជាងរដ្ឋធានីអាតែនរបស់ប្រទេសក្រិក នៅទ្វីបអឺរ៉ុបនោះទៅទៀត។
ទីក្រុងដាម៉ាស ត្រូវបានកសាងឡើងដំបូងដោយព្រះចៅឧហ្ស (King Uz) ដែលជាព្រះរាជបុត្រស្នងរាជ្យបន្តពីព្រះចៅអារ៉ាម (King Aram) ហើយទីក្រុងដាម៉ាសនៅតែមានមនុស្សរស់នៅជាប់រហូតមកដល់ពេលបច្ចុប្បន្ន មិនធ្លាប់មានការបោះបង់ចោលដូចទីក្រុងបុរាណដទៃទៀតឡើយ។
កាលពីឆ្នាំ២០០៨ គេបានធ្វើជំរឿនឃើញថានៅរដ្ឋធានីដាម៉ាសមានប្រជាជនរស់នៅប្រមាណ ២.៥លាននាក់ ខណៈវាត្រូវបានគេប្រសិទ្ធិនាមថាជារដ្ឋធានីវប្បធម៌អារ៉ាប់៕