(បរទេស)៖ កាំភ្លើងធំដែលកំពុងនិយាយនេះ មិនមែនកាំភ្លើងធំទំនើប ឬហៅថាអាទែរី (Artillery) នោះទេ តែយើងកំពុងនិយាយអំពីកាំភ្លើងធំបុរាណ ដែលត្រូវបានបង្កើតឡើងមុនសម័យអាណានិគមអឺរ៉ុប ពីព្រោះសម្ភារសឹកបុរាណទាំងនេះហើយ ដែលនាំទៅដល់ការអភិវឌ្ឍឱ្យមានសម្ភារសឹកទំនើបៗ ជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន។
កាំភ្លើងធំបុរាណ ឬហៅថា Ancient Cannon ត្រូវបានបង្កើតឡើងដំបូងគេនៅប្រទេសចិន នាសតវត្សរ៍ទី១២ ដោយវាទំនងជាត្រូវបានអភិវឌ្ឍចេញពីកាំជ្រួច ដែលប្រជាជនចិននិយមប្រើក្នុងពិធីបុណ្យប្រពៃណីរបស់ខ្លួន ឬក៏ផលិតឡើងក្នុងពេលដំណាលគ្នាជាមួយនឹងការផលិតកាំជ្រួចផងដែរ ប៉ុន្តែវាមិនទាន់មានការប្រើប្រាស់ក្នុងវិស័យយោធានៅឡើយទេ។
ការប្រើប្រាស់កាំភ្លើងធំបុរាណនៅក្នុងសមរភូមិដំបូង ត្រូវបានគេកត់ត្រាទុកថាបានកើតឡើងនៅឆ្នាំ១១៣២ គឺក្នុងពេលដែលមេទ័ពមហាសុងឈ្មោះ ហាន ស្ស៉ីចុង (Han Shizhong) លើកទ័ពទៅដណ្ដើមយកខេត្តហ្វូជាន (Fujian) ទល់មុខកោះតៃវ៉ាន់បច្ចុប្បន្ន។ លុះដល់ចុងសម័យរាជវង្សសុង (Song) នាសតវត្សរ៍ទី១៣ ពោលគឺក្នុងពេលនគរសុងខាងត្បូងកំពុងតស៊ូប្រឆាំងនឹងការឈ្លានពានពីសំណាក់កងទ័ពម៉ុងហ្គោល កាំភ្លើងធំបុរាណនេះក៏ត្រូវបានគេនិយមប្រើប្រាស់ក្នុងសមរភូមិជាហូរហែមកដែរ។
កាំភ្លើងធំបុរាណដែលគេស្គាល់មុនគេនៅលើពិភពលោក គឺកាំភ្លើងធំនៅខេត្តហេឡុងជាំង (Heilongjiang) ភាគឦសានប្រទេសចិនបច្ចុប្បន្ន ដែលចុះកាលបរិច្ឆេទផលិតនៅឆ្នាំ១២៨៨ គឺនៅក្នុងសម័យរាជវង្សយ័ន (Yuan) របស់ម៉ុងហ្គោលដែលបានត្រួតត្រាប្រទេសចិនចាប់ពីឆ្នាំ១២៧៩-១៣៦៨។
* វត្តមានកាំភ្លើងធំដំបូងនៅលើទឹកដីខ្មែរ
ក្នុងសង្គ្រាមខ្មែរ-សៀមលើកទី២ ដែលបានផ្ទុះឡើងចាប់ពីឆ្នាំ១៣៥១-១៣៥៣ ក៏មាននិយាយអំពីការប្រើប្រាស់កាំភ្លើងធំក្នុងសមរភូមិការពារព្រះនគរផងដែរ។ កាលណោះ ព្រះចៅឧទង (Uthong) ឬរាមាធិបតីទី១ (Ramathibudi I) នៃក្រុងស្រីអយុធ្យា បានលើកទ័ពមកវាយលុកក្រុងយសោធរបុរៈ (ក្រុងអង្គរធំបច្ចុប្បន្ន) ដែលគ្រងរាជ្យដោយព្រះបាទសម្ដេច ព្រះលំពង្សរាជា រាមាធិបតី។
នៅពេលរំកិលទ័ពមកដល់ក្បែររាជធានីរបស់ខ្មែរ សៀមបានលើកប៉មសឹកខ្ពស់ៗស្មើនឹងកំពែងក្រុងអង្គរធំ។ គ្រានោះព្រះបាទលំពង្សរាជា ក៏បានចេញព្រះរាជឱង្ការឱ្យកងទ័ពខ្មែរអូសកាំភ្លើងធំឡើងលើកំពែងក្រុង តម្រៀបតម្រង់ក្បាលកាណុងឱ្យចំប៉មសឹករបស់ទ័ពសៀម ដើម្បីត្រៀមបាញ់រំលំប៉មទាំងនោះ កុំឱ្យកងទ័ពសៀមបាញ់មកមុន។
កាំភ្លើងធំទាំងនេះប្រហែលត្រូវបាននគរខ្មែរទិញពីប្រទេសចិន ពីព្រោះនៅមុនព្រឹត្តិការណ៍សង្គ្រាមនេះបន្តិច គេនៅមាននិយាយអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងនគរខ្មែរ និងប្រទេសចិននៅឡើយដែរ ទោះបីថាប្រទេសចិនបានធ្លាក់នៅក្រោមការត្រួតត្រារបស់ម៉ុងហ្គោល (រាជវង្សយ័ន) ទៅហើយក្ដី។ គេសង្កេតឃើញថា នៅឆ្នាំ១៣២០ ព្រះមហាក្សត្រនៃរាជវង្សយ័នរបស់ម៉ុងហ្គោល បានបញ្ជូនបេសកទូតមកនគរខ្មែរ ដើម្បីសុំទិញដំរីដែលផ្សាំងរួចហើយយកទៅបម្រើក្នុងវិស័យយោធានៅប្រទេសចិន ហើយនៅមានវិស័យធុរកិច្ចច្រើនទៀត ដែលនគរខ្មែរបានធ្វើជាមួយមហាយ័ន ប្រហែលរួមទាំងការទិញលក់កាំភ្លើងធំនេះដែរហើយមើលទៅ ទើបប្រទេសខ្មែរចាប់មានកាំភ្លើងធំប្រើប្រាស់ក្នុងព្រះនគរតរៀងមក៕