(ភ្នំពេញ)៖ កាលណានិយាយដល់ Bastille គេតែងនឹកឃើញដល់បុណ្យ Bastille Day ដែលជាបុណ្យជាតិរបស់ប្រទេសបារាំង និងត្រូវបានហៅជាភាសាបារាំងថា La Fete Nationale ដែលត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៤ ខែកក្កដាជារៀងរាល់ឆ្នាំ។ តើ Bastille មានអ្វីពាក់ព័ន្ធនឹងបុណ្យជាតិបារាំង ហើយហេតុអ្វីបានជាវាក្លាយជាព្រឹត្តិការណ៍សំខាន់ក្នុងប្រវត្តិសាស្រ្តប្រទេសនេះ?
Bastille គឺជាឈ្មោះបន្ទាយ ឬមន្ទីរឃុំឃាំងអ្នកទោសដ៏ធំមួយនៅប្រទេសបារាំងកាលពីជំនាន់របបសក្ដិភូមិនាសតវត្សទី១៨។ បន្ទាយនេះត្រូវបានគេចាត់ទុកជានិម្មិតរូបនៃការកៀបសង្កត់របស់ស្តេចបារាំង ព្រះចៅល្វីទី១៦ (Louis XVI)។ មានអ្នកទោសនយោបាយជាច្រើនរូបបានជាប់ឃុំឃាំង និងត្រូវបានសម្លាប់នៅក្នុងបន្ទាយនេះ ដោយសារមានបំណងងើបបះបោរប្រឆាំងនឹងរបបរាជានិយម។
ខណៈដែលប្រទេសបារាំងកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងនយោបាយយ៉ាងធ្ងន់ធ្ងរ គ្រានោះ ព្រះចៅល្វីទី១៦បានទម្លាក់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក ហ្សាក់ និចឃឺរ (Jacques Necker) ចេញពីតំណែង ព្រមទាំងបានដាក់ពង្រាយកម្លាំងយោធានៅកណ្តាលទីក្រុងប៉ារីស ដើម្បីទប់ទប់នឹងកម្លាំងតស៊ូដែលប្រឆាំងនឹងរបបរាជានិយម។ មិនយូរប៉ុន្មាន ជម្លោះរវាងអ្នកគាំទ្ររបបរាជានិយម និងអ្នកប្រឆាំងរបបរាជានិយមក៏បានផ្ទុះឡើងនៅទូទាំងទីក្រុងប៉ារីស ស្របពេលដែលស្តេចល្វីទី១៦ក៏មិនអាចគ្រប់គ្រងកម្លាំងតស៊ូដែលប្រឆាំងនឹងទ្រង់តទៅទៀតបានដែរ។
ទីបំផុត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៧៨៩ កម្លាំងអ្នកប្រឆាំងរបបរាជានិយមក៏បានចូលឡោមព័ទ្ធបន្ទាយ Bastille ដើម្បីរំដោះអ្នកទោសនយោបាយដែលរាជការបានចាប់ឃុំឃាំងនោះ។ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនម៉ោងតែមិនបានសម្រេចនោះ ហ្វូងមនុស្សប្រមាណជាង១,០០០នាក់បានតស៊ូច្បាំងជាមួយកងការពារបន្ទាយដើម្បីរំដោះអ្នកទោសក្នុងគុក។ បន្ទាប់ពីការប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងរួចមក កម្លាំងតស៊ូប្រឆាំងក៏បានបំបែកការការពារបន្ទាយបានសម្រេច ប៉ុន្តែពួកគេនៅសល់គ្នាប្រហែល១០០នាក់ប៉ុណ្ណោះ ចំណែកកងកម្លាំងរបស់ព្រះរាជាដែលនៅសល់ក៏សម្រេចចិត្តដកថយ។ ប៉ុន្តែក្ដីសង្ឃឹមហាក់រលាយសូន្យ ដោយសារនៅពេលក្រុមបះបោរចូលទៅដល់គុកនៅក្នុងបន្ទាយនោះ អ្នកទោសដែលនៅរស់រានសល់ត្រឹមតែ៧នាក់ប៉ុណ្ណោះ។
ការពិតទៅ ការទម្លាយចូលក្នុងបន្ទាយ Bastille ដើម្បីរំដោះអ្នកទោសហាក់សូវជាសំខាន់ប៉ុន្មានឡើយសម្រាប់ប្រវត្តិសាស្រ្តបារាំង ប៉ុន្តែព្រឹត្តិការណ៍នេះបានជំរុញឱ្យមានការរីកសាយភាយនូវចលនាបដិវត្តន៍ទូទាំងទីក្រុងប៉ារីស និងប្រទេសបារាំងទាំងមូល ដែលជំរុញឱ្យអំណាចរបស់ព្រះចៅល្វីទី១៦ និងកងសេនាហ្លួងត្រូវធ្លាក់ចុះ។ ផ្ដើមចេញពីព្រឹត្តិការណ៍ខាងលើនេះ ក៏បានបន្តជំរុញឱ្យមានការផ្តួលរំលំរបបរាជានិយមនៅប្រទេសបារាំងបានសម្រេច ហើយក្រុមបះបោរបានចាប់ព្រះកាយព្រះចៅល្វីទី១៦ រួមទាំងអគ្គមហេសី ម៉ារីអង់ទាន់ណែត (Marie Antoinette) យកទៅប្រហារជីវិត។ ព្រឹត្តិការណ៍ទម្លាយបន្ទាយ Bastille នេះ ក៏បានធ្វើឱ្យមានរបត់នយោបាយយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រប្រទេសបារាំង។
អ្វីដែលសំខាន់នោះ ថ្ងៃទី១៤ ខែកក្កដា ត្រូវបានប្រទេសបារាំងចាត់ទុកជាថ្ងៃបុណ្យជាតិរបស់ខ្លួនហៅថា La Fete Nationale (ឡា ហ្វែត ណាស់ត្យូណាល់) ជាភាសាបារាំង ឬជាភាសាអង់គ្លេសថា Bastille Day។ ការធ្វើព្យុហយាត្រានៅក្នុងថ្ងៃ Bastille Day នេះ ជាព្រិត្តិការណ៍ដែលមានប្រជាប្រិយភាពខ្លាំងជាងគេ និងចំណាស់ជាងគេនៅអឺរ៉ុប ដោយបានរៀបចំឡើងដំបូងតាំងពីឆ្នាំ១៨៨០មកម្ល៉េះ។
សូមជម្រាបថា ក្រៅពីប្រទេសបារាំង ពិធីបុណ្យ Bastille Day នេះ ក៏ត្រូវបានប្រារព្ធឡើងក្នុងប្រទេសដទៃផ្សេងទៀតជាច្រើន មានដូចជាចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងកាណាដាជាដើម តែត្រូវបានប្រារព្ធឡើងក្នុងកាលបរិច្ឆេទខុសៗគ្នា៕