(បរទេស)៖ ពាក្យអាមេរិកខាងត្បូង និងអាមេរិកឡាទីន ប្រហែលជាមានមនុស្សភាគច្រើនយល់ថា ពាក្យទាំងពីរមានន័យតែមួយដូចគ្នា គឺសំដៅលើទ្វីបអាមេរិកខាងត្បូង ប៉ុន្តែតាមពិតទៅ ពាក្យអាមេរិកខាងត្បូង និងអាមេរិកឡាទីននេះ គឺមានន័យខុសគ្នា។
ជាដំបូងចូរស្វែងយល់ពីពាក្យថាអាមេរិកខាងត្បូងជាមុនសិន។ តំបន់អាមេរិកខាងត្បូងត្រូវគេកំណត់ថាជាដែនដី ដែលលាតសន្ធឹងចាប់ពី ចំណុចដីស្តួចមួយហៅថា អ៉ីស៊្មូស អហ្វ ប៉ាណាម៉ា (Isthmus of Panama) ទៅភាគខាងត្បូង ហើយចាប់ពីចំណុចនោះទៅភាគខាងជើង គឺជាតំបន់អាមេរិកខាងជើង។ តំបន់អាមេរិកខាងត្បូងមានភាគពាយព្យ និងភាគខាងជើងជាប់សមុទ្រការីបៀន ភាគឦសាន ភាគខាងកើត និងភាគអាគ្នេយ៍ជាប់មហាសមុទ្រអាត្លង់ទិក ហើយភាគខាងលិចជាប់មហាសមុទ្រប៉ាស៉ីហ្វិក។ ផ្លូវទឹកដែលស្ថិតនៅចន្លោះចុងប៉ែកខាងត្បូងនៃតំបន់អាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិក គេហៅថា ដ្រេក ផាកសេក (Drake Passage)។
ទោះជាយ៉ាងណាក៏ដោយ ភាពភ័ន្តច្រឡំបានកើតមានឡើងដោយសារតែ មានការសន្និដ្ឋានមួយចំនួនថា តំបន់អាមេរិកខាងជើងមិនមែនចាប់ផ្តើមចេញពីចំណុច Isthmus of Panama ទេ តែចេញពីចំណុច អ៉ីស៊្មូស អហ្វ តេហ័នតេប៉ិក (Isthmus of Tehuantepec)។ នៅតំបន់ត្រង់ចន្លោះចំណុចទាំងពីរត្រូវគេហៅថា អាមេរិកកណ្ដាល។ នៅក្រោមនិយមន័យនេះ ផ្នែកខ្លះនៃប្រទេសម៉ិកស៉ិកត្រូវចាត់ទុកជាតំបន់អាមេរិកកណ្តាល ខណៈដែនដីប្រទេសនេះភាគច្រើន គឺស្ថិតនៅតំបន់អាមេរិកខាងជើង។
ដូច្នេះហើយដែនដីម៉ិកស៉ិកទាំងមូលរួមជាមួយនឹងបណ្តាប្រទេសនៅអាមេរិកកណ្តាល និងនៅអាមេរិកខាងត្បូង ក៏ត្រូវបានចាត់ទុកជាក្រុមប្រទេសអាមេរិកឡាទីន (Latin America)។ ចំណែកសហរដ្ឋអាមេរិក និងកាណាដា គឺហៅថាអាមេរិកអង់ក្លូ (Anglo-America)។ អាមេរិកឡាទីនក៏រួមបញ្ចូលទាំងបណ្តាកោះនៅសមុទ្រការីបៀន ដែលមានអ្នកស្រុកនិយាយភាសារ៉ូមាំង (កម្លាយមកពីភាសាឡាតាំង) ផងដែរ។
ក្រុមប្រទេសអាមេរិកឡាទីនមានច្រើនជាង ២០ ប្រទេស៖ ប្រទេសម៉ិកស៉ិក ក្វាតេម៉ាឡា បេលី ហុងឌូរ៉ាស អែលសាល់វ៉ាឌ័រ នីការ៉ាហ្កា កូស្ដារីកា ប៉ាណាម៉ា ហៃទី បាហាម៉ា ហ្សាម៉ាអ៉ីក កូឡុំប៊ី វ៉េណេស៊ុយអេឡា ហ្គីយ៉ាន សូរីណាម អេក្វាទ័រ ប៉េរូ បូលីវី ស៉ីលី (ឈីលី) ប៉ារ៉ាហ្កាយ ប្រេស៉ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ គុយបា ដូមីនិក និងបណ្ដាកោះមួយចំនួនទៀត។
គួរបញ្ជាក់ថា យ៉ាងណាក្តីក៏ធ្លាប់មានការស្នើឡើងនូវពាក្យអាមេរិកអាយបឺរ៉ូ (Iberoamerica) ជំនួសពាក្យអាមេរិកឡាទីនថែមទៀតផង ដ្បិតថាដែនដីមួយផ្នែកធំនៃតំបន់អាមេរិកឡាទីន គឺធ្លាប់ស្ថិតក្រោមឥទ្ធិពលអាណានិគមរបស់អេស៉្បាញ និងព័រទុយហ្គាល់ឯណោះទេ ដោយឧបទ្វីបដែលប្រទេសទាំងពីរនេះស្ថិតនៅ គេហៅថាអាយបឺរៀ៕