(ភ្នំពេញ)៖ ថ្វីដ្បិតប្រាក់បៀវត្សរ៍ផ្លូវការសម្រាប់មេដឹកនាំពិភពលោកមានចាប់ពីកម្រិតមធ្យមរហូតដល់កម្រិតអ្នកមាន ប៉ុន្តែមេដឹកនាំជាច្រើនបានប្រកាសពីទ្រព្យសម្បត្តិដ៏ច្រើនមុនពេលចូលកាន់តំណែង ខណៈអ្នកខ្លះទៀតមានទ្រព្យសម្បត្តិកើនឡើងច្រើនក្នុងពេលកាន់តំណែងកំពូលនេះ។ 

 

ខាងក្រោមនេះជាមេដឹកនាំល្បីៗក្នុងប្រវត្តិសាស្ត្រ១០រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងនោះរួមមាន៖

១០. ចច វ៉ាស៉ីនតោន (George Washington) 

 

លោកជាប្រធានាធិបតីដំបូងគេរបស់សហរដ្ឋអាមេរិក ដែលបានកាន់តំណែងចាប់ពីឆ្នាំ១៧៨៩-១៧៩៧។ នៅសម័យដើមដំបូងនោះប្រហែលមានតែលោកហើយដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅសហរដ្ឋអាមេរិក ក្នុងនោះលោកមានស្រែចម្ការសរុប៨,០០០ហិកតា និងកសិដ្ឋានធំៗចំនួន៥នៅតំបន់ Mount Vernon និងមានទាសករបម្រើការរាប់រយនាក់។ ចំនួនខ្ពស់បំផុតនៃទ្រព្យសម្បត្តិលោក វ៉ាស៊ីនតោន គឺមានរហូតដល់៥៥៣លានដុល្លារអាមេរិក។

៩. ហ្វ៉ីឌែល ហ្កាស្ត្រូ (Fidel Castro) 

 

លោក ហ្វ៉ីឌែល ហ្កាស្ត្រូ ជាមេដឹកនាំយូរជាងគេបំផុតរបស់ប្រទេសគុយបាដែលនិយមលទ្ធិម៉ាក្សលេនីន (កុម្មុយនីស្ដ)។ លោកមានប្រវត្តិកាន់តំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសគុយបាចាប់ពីឆ្នាំ១៩៥៩-១៩៧៦ និងជាប្រធានាធិបតីនៃប្រទេសនេះចាប់ពីឆ្នាំ១៩៧៦-២០០៨។ ការកាន់តំណែងដ៏យូរអង្វែងនេះធ្វើឱ្យលោកទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើន។ គេបានរាយការណ៍ថា នៅក្នុងឆ្នាំ២០០៦ ទ្រព្យសម្បត្តិរបស់លោកមានតម្លៃ៩០០លានដុល្លារ ដែលជាចំនួនខ្ពស់បំផុត ហើយបើគិតក្នុងពេលបច្ចុប្បន្នស្មើនឹងប្រហែល១.១៥ពាន់លានដុល្លារអាមេរិក ។

៨. បាសារ អាល់-អាសាដ (Bashar al-Assad)

លោកជាមេដឹកនាំផ្ដាច់ការរបស់ប្រទេសស៉ីរី ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមតាំងពីឆ្នាំ២០០០។ ក្រោយពេលចាញ់សង្គ្រាម គេបានចោទប្រកាន់លើលោកថាបានរក្សាទុកទ្រព្យសម្បត្តិរហូតដល់១២២ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីអំពើពុករលួយលើទ្រព្យសម្បត្តិរដ្ឋ ប៉ុន្តែការវិភាគនៅឆ្នាំ២០១២បានរាយការណ៍នៅលើទំព័រកាសែត Guardian ថា ទ្រព្យសម្បត្តិសរុបរបស់អាសាដមានត្រឹមតែ១.៥ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ។

៧. សាដាំ ហ៊ូសសេន (Saddam Hussein)

លោកជាប្រធានាធិបតីប្រទេសអ៉ីរ៉ាក់ចាប់ពីឆ្នាំ១៩៧៩-២០០៣។ លោកទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនក្នុងពេលកាន់តំណែងរហូតដល់ការបណ្តេញចេញពីតំណែង។ ទ្រព្យសម្បត្តិរបស់លោកមានតម្លៃស្មើនឹង២ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០០៣។ យោងតាមទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក សាដាំ ហ៊ូសសេន មានតម្លៃស្មើនឹង២.៨ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ទ្រព្យសម្បត្តិជាច្រើនដែលលោកកាន់កាប់ រួមមានវិមានចំនួន៨៩ រថយន្តទំនើបៗជាច្រើន និងភាគហ៊ុនធំនៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដូចជា Lagardere SCA នៅប្រទេសបារាំង។

៦. ដូណាល់ ត្រាំ (Donald Tramp)

លោកជាប្រធានាធិបតីដែលមានបំផុតរបស់សហរដ្ឋអាមេរិក ជាមហាសេដ្ឋីអចលនទ្រព្យ និងជាម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមទស្សនាវដ្ដី Forbes ទ្រព្យសម្បត្តិសុទ្ធរបស់លោក ត្រាំ បានកើនឡើងដល់៤.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៦។ លោក ដូណាល់ ត្រាំ បានកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកចាប់ពីឆ្នាំ២០១៧-២០២១។

៥. គីម ចុងអ៊ុន (Kim Jong-un)

មេដឹកនាំកូរ៉េខាងជើងរូបនេះមានកប៉ាលនិងរថយន្តទំនើបៗ និងទ្រព្យសម្បត្តិស្មើនឹងតម្លៃ៥ពាន់លានដុល្លារអាមេរិក។ លោក គីម ចុងអ៊ុន កាន់តំណែងជាមេដឹកនាំកូរ៉េខាងជើងចាប់ពីឆ្នាំ២០១១រហូតដល់ពេលបច្ចុប្បន្ន។

៤. អាដូហ្វ ហ៉ីត្លែរ (Adolf Hitler)

លោកគឺជាអ្នកបញ្ឆេះសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) បន្ទាប់ពីលោកឡើងកាន់តំណែងជាមេដឹកនាំអាល្លឺម៉ង់ចាប់ពីឆ្នាំ១៩៣៣។ យោងតាមភាពយន្តឯកសារនៅឆ្នាំ២០១៤បានបង្ហាញថា ហ៉ីត្លែរមានទ្រព្យសម្បត្តិសរុប៦.៥ពាន់លានដុល្លារអាមេរិក។

៣. ចូសេហ្វ ស្ដាលីន (Joseph Stalin)

លោកបានកាន់តំណែងជាប្រធានាធិបតីសហភាពសូវៀតចាប់ពីឆ្នាំ១០២២-១៩៥៣។ ទស្សនាវដ្ដីរដ្ឋ Time បានបញ្ជាក់ថា វាជាការលំបាកក្នុងការបែងចែកភាពខុសគ្នារវាងទ្រព្យសម្បត្តិរបស់ជនផ្តាច់ការ និងរបស់សហភាពសូវៀត ប៉ុន្តែយ៉ាងណាគេបានវាយតម្លៃទៅលើទ្រព្យសម្បត្តិរបស់លោកថាមានតម្លៃស្មើនឹង៧.៥ពាន់លានដុល្លារអាមេរិក។

២. មូអាមម៉ារ ហ្កាដាហ្វ៉ី (Muammar Gaddafi)

លោកជាមេដឹកនាំផ្ដាច់ការនៅប្រទេសលីប៊ី ដែលបានកាន់តំណែងចាប់ពីឆ្នាំ១៩៦៩ រហូតដល់ត្រូវគេផ្ដួលរំលំនៅឆ្នាំ២០១១។ នៅក្នុងឆ្នាំនោះគេបានប៉ាន់ប្រមាណថាអំលុងពេលដែល ហ្កាដាហ្វ៉ី កាន់អំណាច លោកបានរក្សាទុកទ្រព្យសម្បត្តិសរុប២០០ពាន់លានដុល្លារនៅក្នុងគណនីធនាគារសម្ងាត់ ដែលបានពីការវិនិយោគស្រមោល អចលនទ្រព្យ ប្រាក់ចំណូលពីការលក់ប្រេងរបស់ប្រទេសលីប៊ី។

១. វ្លាឌីមៀរ ពូទីន (Vladimir Putin)

លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីសហព័ន្ធរុស្ស៉ីលើកទី១ចាប់ពីឆ្នាំ១៩៩៩-២០០០ និងលើកទី២ចាប់ពីឆ្នាំ២០០៨-២០១២ និងបានជាប់ឆ្នោតជាប្រធានាធិបតីនៃមហាប្រទេសនេះចាប់ពីឆ្នាំ២០១២រហូតដល់ពេលបច្ចុប្បន្ន។ នៅក្នុងឆ្នាំ២០១៨ ប្រាក់បៀវត្សរ៍ផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ីមានចំនួន១១៦,០០០ដុល្លារអាមេរិក។ លោក ពូទីន ត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិរហូតដល់២០០ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ នេះបើយោងតាមអតីតនាយកប្រតិបត្តិ Hermitage Capital Management លោក Bill Browder។ ទ្រព្យសម្បត្តិទាំងនេះត្រូវបានគេចោទថាមានទំនាក់ទំនងជាមួយការវិនិយោគធនាគារ និងការវិនិយោគជាច្រើនទៀតនៅលោកខាងលិច។ សរុបទៅ លោក វ្លាឌីមៀរ ពូទីន មានទ្រព្យសម្បត្តិរហូតដល់៨០០ពាន់លានដុល្លារអាមេរិក៕