(ភ្នំពេញ)៖ ព្រោះតែផលប្រយោជន៍ ប្រជែងឥទ្ធិពល និងការស្រេកឃ្លានអំណាច មនុស្សបានបង្កជម្លោះនឹងគ្នាឥតឈប់ឈរ រហូតឈានដល់ការធ្វើសឹកសង្គ្រាមនឹងគ្នាទៅវិញទៅមក ដែលនាំឱ្យកើតមាននូវក្ដីវិនាសអន្តរាយដល់អាយុជីវិត និងបំផ្លិចបំផ្លាញសមិទ្ធផល ពិសេសគឺបង្កវិនាសកម្មដល់ផែនដីទៀតផង។

ប្រសិនបើរាប់ទាំងសមរភូមិ ការធ្វើបដិវត្តន៍ បនប្រល័យពូជសាសន៍ ការកាន់កាប់អំណាចឃោរឃៅ ល្បែងកីឡាមរណៈ ការកាត់ទោស ការធ្វើពលកម្មនិងការកសាងទ្រង់ទ្រាយធំ ការធ្វើពាណិជ្ជកម្មទាសករផងនោះ គឺសុទ្ធតែបានធ្វើឱ្យជីវិតមនុស្សស្លាប់អស់រាប់រយលាននាក់ ខណៈមកទល់សម័យបច្ចុប្បន្នហើយសង្គ្រាមក៏នៅតែបន្តកើតមាន។

ខាងក្រោមនេះជាព្រឹត្តិការណ៍ដែលផ្ដាច់ជីវិតមនុស្សច្រើនជាងគេបំផុត ថ្វីដ្បិតគេមិនបានស្រង់អស់ក៏ដោយចុះ តែទាំងនេះគឺសុទ្ធតែជាព្រឹត្តិការណ៍ល្បីៗក្នុងប្រវត្តិសាស្ត្រ៖

 

១០. សង្គ្រាមលោកលើកទី១

សង្គ្រាមលោកលើកទី១បានចាប់ផ្ដើមនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩១៤ និងបញ្ចប់ទៅវិញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ១៩១៨ ដោយបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ១៥,០០០,០០០នាក់ ដែលភាគច្រើននៅទ្វីបអឺរ៉ុប។ ភាគីបង្កសង្គ្រាមរួមមានចក្រភពអាល្លឺម៉ង់-ព្រុសស៉ី ចក្រភពអូទ្រីស-ហុងគ្រី ស៊ែប៊ី ចក្រភពរុស្ស៉ី បារាំង ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ចក្រភពអូតូម៉ង់ ប៊ុលហ្ការី ហើយបានរីករាលដាលពាសពេញទ្វីបអឺរ៉ុប និងបន្តទៅតំបន់មជ្ឈិមបូព៌ា អាហ្វ្រិក និងផ្នែកខ្លះនៃទ្វីបអាស៉ី។

៩. ពាណិជ្ជកម្មទាសករនៅអាត្លង់ទិក

ការធ្វើពាណិជ្ជកម្មទាសករនៅអាត្លង់ទិក (Atlantic Slave Trade) ជាការជួញដូរពួកជនជាតិស្បែកខ្មៅដែលពួកអាណានិគមចាប់ពីទ្វីបអាហ្វ្រិក ដឹកនាំកប៉ាលឆ្លងកាត់មហាសមុទ្រអាត្លង់ទិកយកទៅលក់ឱ្យពួកអភិជននៅទ្វីបអឺរ៉ុប ដូចជានៅអេស្ប៉ាញ ព័រទុយហ្កាល់ អ៉ីតាលី អង់គ្លេស បារាំង ហូឡង់ជាដើម។ បន្ទាប់ពីការរកឃើញទ្វីបអាមេរិក ពួកនិគមជនអឺរ៉ុបបានទៅរស់នៅលើដែនដីថ្មីនេះយ៉ាងច្រើន ពេលនោះហើយដែលពួកស្បែកខ្មៅនៅអាហ្វ្រិកត្រូវបានពួកអឺរ៉ុបចាប់យកទៅលក់យ៉ាងច្រើនអនេក។ ទាសករទាំងនោះគឺជាតម្រូវការចាំបាច់សម្រាប់ពួកអភិជន ម្ចាស់ចម្ការ រោងសិប្បកម្ម ពិសេសគឺបញ្ជូនឱ្យទៅធ្វើសង្គ្រាមប្រឆាំងនឹងពួកម្ចាស់ស្រុកដែលពួកអឺរ៉ុបហៅថា អាំងឌីយាង (Indian) ឬឥណ្ឌាស្បែកក្រហម។ សម័យកាលទាសពាណិជ្ជនេះគឺបានចាប់ផ្ដើមពីឆ្នាំ១៥០១-១៨០៧ ហើយមនុស្សប្រមាណ១៦,០០០,០០០នាក់ត្រូវស្លាប់ដោយសារជំងឺអ៊ុតធំ ខ្លះស្លាប់ក្នុងសមរភូមិ ហើយខ្លះក៏ត្រូវម្ចាស់សម្លាប់ចោលជាដើម។

៨. យុទ្ធនាការយោធាទីមួរខាន់

មេទ័ពទីមួរ (Timur ឬ Tamerlane) គឺជាអ្នកចម្បាំងតួក-ម៉ុងហ្គោលដែលបានបង្កើតចក្រភពទីមួរីដ (Timurid) លាតសន្ធឹងចាប់ពីតំបន់អាស៊ីកណ្តាលរហូតដល់រុស្ស៉ី អាហ្វ្រិក និងសមុទ្រមេឌីទែរ៉ាណេ។ ចក្រភពនេះប្រៀបដូចជាមរកតរបស់អធិរាជម៉ុងហ្គោល ឬអាចនិយាយបានថាជាសាខារបស់ចក្រភពម៉ុងហ្គោលនៅប៉ែកខាងលិច ដែលត្រួតត្រាដោយមេទ័ពទីមួរនេះចាប់ពីឆ្នាំ១៣៧០-១៤០៥។ ក្នុងរយៈពេលនេះ ទីមួរបានដឹកនាំកងទ័ពចម្រុះជាតិសាសន៍ចេញធ្វើសង្គ្រាមពង្រីកទឹកដីបន្តទៅភាគខាងលិច ដែលជាហេតុបង្កឱ្យមនុស្សប្រមាណ១៧,០០០,០០០នាក់ត្រូវស្លាប់ក្រោមស្នាដៃកងទ័ពរបស់លោក។

៧. ពាណិជ្ជកម្មទាសករនៅមជ្ឈិមបូព៌ា

បន្ទាប់ពីសម័យកាលទាសពាណិជ្ជនៅអាត្លង់ទិក គឺនៅមានការធ្វើពាណិជ្ជកម្មទាសករនៅតំបន់មជ្ឈិមបូព៌ា (Mideast Slave Trade) នេះទៀត ដែលធ្វើឱ្យមនុស្សស្លាប់យ៉ាងច្រើនអនេក។ តាំងពីបុរាណមក មនុស្សវណ្ណៈទាបគឺជាទាសករ ដែលត្រូវពួកវណ្ណៈកណ្ដាល និងវណៈខ្ពង់ខ្ពស់ទិញដូរប្រើប្រាស់ដូចជាសត្វធាតុ ក្នុងនោះនៅអេហ្ស៉ីប មជ្ឈិមបូព៌ា និងអឺរ៉ុបក៏ធ្វើបែបនេះដែរ។ មជ្ឈិមបូព៌ានៅអំលុងឆ្នាំ៧០០-១៩០០ គឺមានការជួញដូរនិងប្រើប្រាស់ទាសករយ៉ាងសាហាវឃោរឃៅ ដែលជាហេតុនាំឱ្យពួកគេត្រូវបាត់បង់ជីវិតអស់ប្រមាណ១៩,០០០,០០០នាក់។

៦. សករាជស្ដាលីន

ចូសេហ្វ ស្ដាលីន (Joseph Stalin) បានកាន់អំណាចជាប្រធានាធិបតីសហភាពសូវៀតចាប់ពីឆ្នាំ១៩២២-១៩៥២។ ក្នុងពេលនោះលោកបានពង្រឹងកងទ័ពក្រហមរបស់សូវៀត និងបញ្ជូនពួកគេទៅធ្វើសង្គ្រាមប្រឆាំងនឹងហ៉ីត្លែរនាសម័យសង្គ្រាមលោកលើកទី២ និងជួយប្រទេសសង្គមនិយមដូចគ្នាប្រឆាំងនឹងឥទ្ធិពលប្លុកសេរី (សម័យសង្គ្រាមត្រជាក់) ជាដើម។ មានមនុស្សប្រមាណ២០,០០០,០០០នាក់ត្រូវស្លាប់ក្នុងអាណត្តិដែលលោកកាន់អំណាច។

៥. ចលនាថាយភីង

ចលនាថាយភីង (Taiping Revolution) គឺសង្គ្រាមបះបោរដ៏ធំមួយនៅប្រទេសចិនដែលបានផ្ទុះឡើងចាប់ពីឆ្នាំ១៨៥០-១៨៧១។ នោះគឺជាការបះបោររបស់ជនជាតិហានប្រឆាំងនឹងរាជការឆេង (Qing Dynasty) ដែលគ្រប់គ្រងប្រទេសចិនបន្ទាប់ពីរាជការម៉េង (Ming Dynasty)។ ប៉ុន្តែការបះបោរនេះមិនបានសម្រេចនោះឡើយ ព្រោះមានជំនួយកងទ័ពនិងអាវុធពីពួកអឺរ៉ុបនៅខាងរាជការ ហើយនៅទីបំផុតពួកបះបោរក៏ត្រូវបានកងទ័ពរាជការបង្ក្រាបនិងសម្លាប់យ៉ាងព្រៃផ្សៃ ក្នុងនោះមានជីវិតមនុស្សប្រមាណ២០,០០០,០០០នាក់ត្រូវស្លាប់ក្នុងសមរភូមិ និងនៅទីលានប្រហារជីវិត។

៤. ការដួលរលំរាជការម៉េង

ឆ្នាំ១៦៤៤ ចុងសម័យរាជវង្សម៉េង ប្រទេសចិនបានកើតមាននូវភាពវឹកវរយ៉ាងខ្លាំងនៅភាគខាងជើង និងភាគកណ្ដាល ដោយសារតែការវាយលុកយ៉ាងខ្លាំងក្លាពីសំណាក់កងទ័ពប៉ះបោរមកពីតំបន់ម៉ាន់ជូ (Manchu) ភាគឦសានប្រទេស។ កងទ័ពនេះបានវាយយកក្រុងសំខាន់ៗរបស់មហាម៉េងរហូតធ្លាយដល់រាជធានីប៉ីជីង (Biejing) របស់អធិរាជម៉េង ទីបំផុតរាជការម៉េងក៏ត្រូវបានដួលរលំទាំងស្រុង (Fall of the Ming Dynasty)។ ក្រោយពេលប្រកាសបង្កើតរាជការឆេង ពួកម៉ាន់ជូបានកម្ចាត់រាល់ជនទាំងឡាយណាដែលមិនចុះចូលជាមួយរាជការថ្មី ដែលអំលុងពេលនោះពួកគេបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ២៥,០០០,០០០នាក់ រីឯអ្នកនៅរស់ត្រូវកោរសក់ខាងមុខ ក្រងទម្លាក់ខាងក្រោយដូចជនជាតិមកពីតំបន់ម៉ាន់ជូដែរ។

៣. បដិវត្តវប្បធម៌

លោកប្រធាន ម៉ៅ សេទុង បានអនុវត្តនយោបាយបញ្ជូនប្រជាជនទៅធ្វើការនៅមូលដ្ឋានដើម្បីជំរុញវិស័យកសិកម្ម កសាងជាតិ និងពង្រឹងស្មារតីបក្ស ដែលលោកឱ្យឈ្មោះថា «បដិវត្តវប្បធម៌» ចាប់ពីឆ្នាំ១៩៤៩-១៩៧៦ ក្នុងនោះបានបង្កឱ្យជីវិតមនុស្សប្រមាណ៤០,០០០,០០០នាក់ត្រូវស្លាប់។

២. ចក្រពត្តិសង់ស៉ីខាន់

ចាប់តាំងពីឡើងធ្វើជាស្ដេចម៉ុងហ្គោលនៅឆ្នាំ១២០៦ ព្រះចៅសង់ស៉ីខាន់ (Genghis Khan) បានដឹកនាំកងទ័ពចេញធ្វើសង្គ្រាមគ្រប់ទីកន្លែង ធ្លាយពីមហាសមុទ្រប៉ាស៉ីហ្វិករហូតដល់អឺរ៉ុបខាងកើត។ ជីវិតមនុស្សនៅប្រទេសចិន អាស៉ី ពែរ្ស មជ្ឈិមបូព៌ា អេហ្ស៉ីប និងអឺរ៉ុប សរុបប្រមាណ៤០,០០០,០០០នាក់បានស្លាប់ជាបន្តបន្ទាប់នៅចន្លោះរជ្ជកាលសង់សីខាន់ ឆ្នាំ១២០៦-១២២៧។

១. សង្គ្រាមលោកលើកទី២

មហាសង្គ្រាមនេះបានកើតឡើងចាប់ពីឆ្នាំ១៩៣៩-១៩៤៥ និងបានសម្លាប់ជីវិតមនុស្សអស់ប្រមាណ៦៥,០០០,០០០នាក់នៅជុំវិញពិភពលោក។ សង្គ្រាមនេះបង្កដោយសម្ពន្ធមិត្តអាល្លឺម៉ង់-អ៉ីតាលី-ជប៉ុន ដោយបានចាប់ផ្ដើមនៅព្រំដែនអាល្លឺម៉ង់-ប៉ូឡូញ និងបន្តរាលដាលពេញទ្វីបអឺរ៉ុប និងទ្វីបផ្សេងទៀត ក្នុងនោះសម្ពន្ធមិត្តសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពសូវៀត បារាំង បានចូលរួមប្រឆាំងនឹងក្រុមប្រទេសបង្កសង្គ្រាម ទីបំផុតសង្គ្រាមក៏បានរីករាលដាលពាសពេញពិភពលលោក។ ក្រោយពេលជប៉ុនចាញ់សហរដ្ឋអាមេរិកនៅប៉ាស៉ីហ្វិកនាឆ្នាំ១៩៤៥ សង្គ្រាមលោកលើកទី២នេះក៏ត្រូវបានបញ្ចប់ តែពិភពលោកក៏ត្រូវឈានដល់សម័យដ៏អាក្រក់មួយទៀត គឺឥទ្ធិពលសង្គ្រាមត្រជាក់។

គួរជម្រាបថា ក្រៅពីព្រឹត្តិការណ៍ទាំង១០ខាងលើនេះ គ្រោះទុរ្ភិក្សនៅឥណ្ឌានាសម័យអាណានិគមអង់គ្លេសក៏បានផ្ដាច់ជីវិតមនុស្សអស់ប្រមាណ២៧,០០០,០០០នាក់។ ឥណ្ឌាក្នុងសម័យដែលស្ថិតនៅក្រោមអាណានិគមអង់គ្លេស (កាលណោះគ្របដណ្ដប់ទាំងឥណ្ឌា ប៉ាគីស្ថាន និងបង់ក្លាដេសបច្ចុប្បន្ន) បានជួបនូវគ្រោះទុរ្ភិក្សធំៗចាប់ពីឆ្នាំ១៧៧០-១៩៤៣ (Famines in British India) ដូចជាគ្រោះទុរ្ភិក្សនៅតំបន់បេងហ្កាល់ (Bengal) ឆ្នាំ១៧៧០ នៅតំបន់ឆាលីសា (Chalisa) និងតំបន់ដូជីបារ៉ា (Doji Bara) ឆ្នាំ១៨៧៦-១៨៧៨ សុទ្ធតែបានផ្ដាច់ជីវិតមនុស្សយ៉ាងវេទនា។ ការចាត់វិធានការយឺតពេលគឺកត្តាដែលបង្កឱ្យកំណើនមនុស្សស្លាប់ឆាប់រហ័ស នេះក៏ដោយសារភាពអសកម្មរបស់រដ្ឋអំណាចអាណានិគម រួមទាំងសង្គ្រាមលោកទាំង២លើកផង៕