(បរទេស)៖ អង្គការសហប្រជាជាតិបានកំណត់និយមន័យថា អំពើប្រល័យពូជសាសន៍ (Genocide) គឺជាការសម្លាប់រង្គាលដោយចេតនាជាក់លាក់ដើម្បីបំផ្លាញទាំងស្រុង ឬដោយផ្នែកទៅលើក្រុមជាតិ ក្រុមជាតិពន្ធុ ក្រុមពូជសាសន៍ ឬក្រុមជំនឿសាសនាណាមួយ។ នៅក្នុងប្រវត្តិសាស្រ្ត អំពើប្រល័យពូជសាសន៍ជាច្រើនបានកើតមានឡើងនៅកន្លែងខុសៗគ្នាពាសពេញពិភពលោក រួមមានចាប់តាំងពីសង្រ្គាមពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្កោលរហូតដល់របបខ្មែរក្រហម ដែលប្រទេសកម្ពុជាយើងធ្លាប់ឆ្លងកាត់ផ្ទាល់ជាដើម។
ខាងក្រោមនេះគឺជាព្រឹត្តិការណ៍ប្រល័យពូជសាសន៍ទាំង១០ ដែលអាណោចអាធមបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ៖
១០. អំពើប្រល័យពូជសាសន៍បង់ក្លាដែស
អំពើប្រល័យពូជសាសន៍បង់ក្លាដែស (Bangladesh Genocide) ចាប់ផ្ដើមឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧១ បន្ទាប់ពីប៉ាគីស្ថានលិចដែលជាប្រទេសប៉ាគីស្ថានបច្ចុប្បន្ន បានបើកប្រតិបត្តិការយោធាបង្រ្កាបប៉ាគីស្ថានខាងកើតដែលបច្ចុប្បន្នជាប្រទេសបង់ក្លាដែស។ ប្រតិបត្តិការនោះប្រព្រឹត្តទៅអស់រយៈពេល៩ខែ ហើយបើតាមការប៉ាន់ស្មានមានមនុស្សស្លាប់បាត់បង់ជីវិតចន្លោះ២សែននាក់ទៅ៣លាននាក់។
៩. អំពើប្រល័យពូជសាសន៍ដាហ្វូរ
អំពើប្រល័យពូជសាសន៍ដាហ្វូរ (Darfur Genocide) សំដៅលើសកម្មភាពសម្លាប់រង្គាលដែលកំពុងបន្តមកទល់សព្វថ្ងៃទៅលើជនជាតិភាគតិចដាហ្វូរី (Darfuri) នៅភាគខាងលិចប្រទេសស៊ូដង់។ ការសម្លាប់រង្គាលទៅលើជនជាតិនេះបានចាប់ផ្តើមឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៣ ហើយមកទល់បច្ចុប្បន្នមានមនុស្សប្រហែល៨ម៉ឺននាក់ទៅ៥សែននាក់បានបាត់បង់ជីវិត។ រដ្ឋាភិបាលស៊ូដង់ និងក្រុមកងជីវពលចាន់ចាវីដ (Janjaweed) ត្រូវគេជឿថាជាក្រុមចម្បងដែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ។
៨. អំពើប្រល័យពូជសាសន៍រវ៉ាន់ដា
អំពើប្រល័យពូជសាសន៍រវ៉ាន់ដា (Rwandan Genocide) ជាព្រឹត្តិការណ៍ប្រល័យពូជសាសន៍ដែលបានកើតឡើងនាកំលុងសង្រ្គាមស៉ីវិលនៅប្រទេសរវ៉ាន់ដា ចាប់ពីថ្ងៃទី៧ ខែមេសា ឆ្នាំ១៩៩៤ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំដដែល។ ក្នុងរយៈពេល១០០ថ្ងៃ ជនជាតិភាគតិចទូតស៊ី (Tutsi) ត្រូវបានសម្លាប់យ៉ាងរង្គាលក្នុងយុទ្ធនាការដែលដឹកនាំដោយក្រុមជនជាតិហ៊ូទូ (Hutu)។ ជាក្ដីសង្វេគ មនុស្សប្រហែល៨សែននាក់ត្រូវស្លាប់យ៉ាងអាណោចក្នុងយុទ្ធនាការដ៏សាហាវនេះ។
៧. អំពើប្រល័យពូជសាសន៍អាមេនី
អំពើប្រល័យពូជសាសន៍អាមេនី (Armenian Genocide) បានកើតនាកំលុងសង្រ្គាមលោកលើកទី១ ចន្លោះឆ្នាំ១៩១៥-១៩១៧។ បន្ទាប់ពីការឈ្លានពានរបស់ចក្រភពរុស្ស៉ី និងចក្រភពពែរ្សកំលុងពេលសង្រ្គាមនោះ កងកម្លាំងស៉ីឈ្នួលរបស់ចក្រភពអូតូម៉ង់ដែលកាន់សាសនាឥស្លាមបានសម្លាប់ទៅលើគ្រិស្តសាសនិកជាជនជាតិអាមេនី។ ទីបំផុតមនុស្សប្រហែល៦សែននាក់ទៅ១លាន៥សែននាក់ត្រូវគេសម្លាប់យ៉ាងរង្គាល។
៦. អំពើប្រល័យពូជសាសន៍ស៊ែរកាស់ស៊ាន
អំពើប្រល័យពូជសាសន៍ស៊ែរកាស់ស៊ាន (Circassian Genocide) ជាការសម្លាប់រង្គាលទៅលើជនជាតិស៊ែរកាស់ស៊ាន (Circassian) ដែលកាន់សាសនាឥស្លាម រស់នៅលើទឹកដីស៊ែរកាស់ស៊ាន ជាប់ភាគឦសានសមុទ្រខ្មៅ ដែលបច្ចុប្បន្នស្ថិតក្នុងទឹកដីនៃប្រទេសរុស្ស៉ីស្រាប់។ យុទ្ធនាការសម្លាប់នេះដឹកនាំដោយចក្រភពរុស្ស៉ី ដោយក្នុងរយៈពេលជិត៣០ឆ្នាំ ចាប់ពីឆ្នាំ១៨៤០-១៨៧០ រុស្ស៉ីបានធ្វើយុទ្ធនាការកម្ចាត់ជនជាតិស៊ែរកាស់ស៊ានចេញពីទឹកដីកំណើតរបស់ពួកគេ តាមរយៈការបណ្តេញនិងសម្លាប់យ៉ាងសាហាវ។ តាមការប៉ាន់ស្មានមនុស្សប្រហែល៨សែននាក់ទៅ១លាន៥សែននាក់ត្រូវបានសម្លាប់។
៥. អំពើប្រល័យពូជសាសន៍កម្ពុជា
អំពើប្រល័យពូជសាសន៍កម្ពុជា (Cambodia Genocide/Khmer Rouge) ឬហៅថាវាលពិឃាត (Killing Fields) សំដៅទៅលើការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជាពីសំណាក់ពួកខ្មែរក្រហម (រដ្ឋាភិបាលកម្ពុជាប្រជាធិបតេយ្យ) កាលពីចន្លោះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ដោយមានរយៈពេលជិត៤ឆ្នាំ អំពើដ៏សាហាវព្រៃផ្សៃនេះបានប្រព្រឹត្តទៅនៅក្រោមរបបខ្មែរក្រហម ដែលដឹកនាំដោយមេដឹកនាំផ្តាច់ការ ប៉ុល ពត។ បញ្ញាវន្តភាគច្រើនឯកភាពថា ចំនួនមនុស្សស្លាប់គឺមានប្រមាណ១លាន៥សែននាក់ទៅ២លាននាក់ ខណៈរដ្ឋាភិបាលបច្ចុប្បន្នអះអាងថាមានអ្នកស្លាប់រហូតដល់៣លាន២សែននាក់ ដោយសារតែការសម្លាប់ សង្គ្រាម និងភាពអត់ឃ្លានក្នុងរបបដ៏យង់ឃ្នងនោះ។
៤. គ្រោះទុរ្ភិក្សអ៊ុយក្រែន
គ្រោះទុរ្ភិក្សអ៊ុយក្រែន (Ukrainian Famine) ឬហៅថា ហូឡូដូម័រ (Holodomor) គឺជាគ្រោះអត់ឃ្លានដ៏អាក្រក់មួយដែលមិនមែនកើតឡើងដោយកត្តាធម្មជាតិឡើយ តែវាត្រូវបានបង្កើតដោយសហភាពសូវៀតក្នុងចេតនាប្រឆាំងនឹងអ៊ុយក្រែន កាលពីចន្លោះឆ្នាំ១៩៣២-១៩៣៣។ ក្នុងគោលបំណងជាន់ពន្លត់គំនិតជាតិនិយមរបស់អ៊ុយក្រែន ក៏ដូចជាបំផ្លាញលទ្ធភាពនៃការបង្កើតចលនាឯករាជ្យនោះ លោក ចូសេព ស្តាលីន (Joseph Staline) បានបង្កើតកម្មវិធីទ្រង់ទ្រាយធំមួយដែលតម្រូវឱ្យដកហូតស្បៀងអាហារ និងគ្រាប់ធញ្ញជាតិសឹងតែទាំងអស់ពីក្រុមកសិករអ៊ុយក្រែន ដើម្បីសម្រេចឱ្យបាននូវផែនការរយៈពេល៥ឆ្នាំរបស់សហភាពសូវៀត។ ដោយសារនយោបាយដ៏ទុយ៌សនេះហើយ បានបង្កឱ្យមនុស្សចន្លោះចាប់ពី៣លាន៥សែននាក់ទៅ១០លាននាក់ត្រូវបាត់បង់ជីវិតក្នុងគ្រោះទុរ្ភិក្ស និងជួបភាពអត់ឃ្លានយ៉ាងអាសូរពន់ពេក។
៣. យុទ្ធនាការហូឡូខូស្តិ៍
ហូឡូខូស (Holocaust) គឺជាអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិជ្វីបនៅអឺរ៉ុបកំលុងសម័យសង្រ្គាមលោកលើកទី២ គឺចន្លោះឆ្នាំ១៩៤១-១៩៤៥ ក្នុងនោះមនុស្សចន្លោះចាប់ពី៧លាននាក់ទៅ១១លាននាក់ត្រូវពួកណាហ្ស៉ីអាល្លឺម៉ង់សម្លាប់ចោល។ ការធ្វើទុក្ខបុកម្នេញនេះដឹកនាំដោយអាដុហ្វ ហ៉ីត្លែរ មេដឹកនាំអាល្លឺម៉ង់ដែលមានគំនុំនឹងជនជាតិជ្វីបយ៉ាងពុះកញ្ជ្រោលបំផុត។
២. ផែនការមហាលោតផ្លោះ
ផែនការមហាលោតផ្លោះ (Great Leap Forward) គឺជាផែនការសេដ្ឋកិច្ចនិងសង្គមដែលត្រូវបានអនុវត្តដោយលោក ម៉ៅ សេទុង និងគណបក្សកុម្មុយនិស្តចិនចាប់ពីឆ្នាំ១៩៥៨-១៩៦២ ក្រោមគោលដៅប្រែក្លាយប្រទេសចិនពីប្រទេសពឹងផ្អែកលើកសិកម្មឱ្យទៅជាប្រទេសឧស្សាហកម្មជឿនលឿន។ យ៉ាងណាមិញ អំលុងពេលនេះគ្រោះទុរ្ភិក្សដ៏អាក្រក់បំផុតមិនធ្លាប់មានបានកើតមានឡើង ហើយបណ្តាលឱ្យមនុស្សចន្លោះ៥៥លាននាក់ទៅ៦០លាននាក់ត្រូវបាត់បង់ជីវិត។ ខណៈលោក ម៉ៅ និងបក្សកុម្មុយនិស្តចិនបានអះអាងថា សោកនាដកម្មនេះគឺបណ្តាលមកពីលក្ខខណ្ឌអាកាសធាតុអាក្រក់ ប៉ុន្តែអ្នកប្រវត្តិសាស្រ្តភាគច្រើនបានលើកឡើងថាវាគឺជាលទ្ធផលនៃការរៀបចំផែនការមិនបានល្អ បូករួមជាមួយគោលនយោបាយសេដ្ឋកិច្ចនិងសង្គម ដែលយកមហចិ្ឆតានយោបាយជាធំ ដោយមិនគិតគូរពីផលប៉ះពាល់ចំពោះអាយុជីវិតមនុស្ស។
១. សង្រ្គាមឈ្លានពាននិងពង្រីកទឹកដីរបស់ចក្រភពម៉ុងហ្គោល
ចាប់ពីរជ្ជកាលព្រះចៅអធិរាជសង់ស៉ីខាន់ នាឆ្នាំ១២០៦ ចក្រភពម៉ុងហ្គោលបានធ្វើសង្រ្គាមឈ្លានពានប្រទេសដទៃ ហើយពង្រីកទឹកដីរបស់ខ្លួនបានធំសម្បើមបំផុតក្នុងរយៈពេលយ៉ាងឆាប់រហ័ស។ នៅត្រឹមចុងសតវត្សទី១៣ ទឹកដីរបស់ចក្រភពនេះបានលាតសន្ធឹងចាប់ពីមហាសមុទ្រប៉ាស៊ីហ្វិកនៅភាគខាងកើតឆ្ពោះទៅដល់ទន្លេដានូប៊ី និងបណ្តោយឆ្នេរនៃឈូងសមុទ្រពែរ្សនៅឯភាគខាងលិច។ ការធ្វើសង្រ្គាមរបស់កងទ័ពម៉ុងហ្គោលក្នុងសវត្សទី១៣នៅទូទាំងតំបន់អឺរ៉ាស៉ីបានបង្កឱ្យមានការសម្លាប់មនុស្សយ៉ាងរង្គាល ក្នុងចំនួនសរុបច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺប្រហែល៦០លាននាក់ដល់ទៅជាង១០០លាននាក់។
វាពិតជាឃោរឃៅណាស់ដែលប្រជាជនស្លូតត្រង់ត្រូវមកលំបាកវេទនា ជួបភាពអត់ឃ្លាន និងត្រូវគេសម្លាប់យ៉ាងអាណោចអាធមបំផុត។ ពួកគេគ្រាន់តែចង់មានជីវិតរស់នៅឱ្យសុខសប្បាយ ឬក៏សុំត្រឹមតែជីវិតរស់ប៉ុណ្ណោះ ទោះបីអ្នកនយោបាយ មេដឹកនាំ មេបញ្ជាការយោធាចង់ច្បាំងគ្នា ចង់ឈ្លានពានគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែពួកគេនៅតែមិនអាចទទួលបាន សូម្បីតែដង្ហើមដក៕
មើលចុ៎ះ! ទឹកភ្នែកប្រជាជន តើអ្នកណារ៉ាប់រងស្ដារ? ជីវិតប្រជាជន តើអ្នកណារ៉ាប់រងសងវិញ? ឆ្អឹងលលាដ៍ក្បាលរបស់ពួកគេ តើអ្នកណាអាចបំពេញសាច់ឈាមឱ្យពួកគេវិញបាន?