(ភ្នំពេញ)៖ យើងគ្រប់គ្នាដឹងហើយថា ក្រដាស គឺត្រូវបានផលិតមុនគេបង្អស់ដោយជនជាតិចិន ប៉ុន្តែប្រហែលមានមនុស្សតិចណាស់ដែលស្គាល់ថា ជនជាតិចិននោះជាអ្នកណា? មានឈ្មោះអ្វី ផលិតឡើងដំបូងនៅឆ្នាំ ហើយរីកសាយភាយទៅកាន់ពិភពលោកដោយរបៀបណានោះទេ ដូច្នេះទើប Fresh News Plus សូមដកស្រង់ប្រវត្តិនៃការផលិតក្រដាសមកពន្យល់បកស្រាយនូវចម្ងល់ទាំងនេះ។
ក្រដាសជារបស់ដែលមានសមត្ថភាពអាចបញ្ចូនព័ត៌មាន និងបញ្ចូនបន្តនូវវប្បធម៌ ហើយវាក៏ក្លាយជារបស់សម្រាប់កត់ត្រាប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំរបស់មនុស្សជាតិ មិនតែប៉ុណ្ណោះវាក៏មានប្រយោជន៍ខ្លាំងក្នុងការអភិវឌ្ឍនូវបច្ចេកវិទ្យា វប្បធម៌ អរិយធម៌ សង្គមផងដែរ។ ការរួមចំណែកដ៏អស្ចារ្យរបស់ប្រទេសចិនក្នុងការផលិតក្រដាស គឺជាទស្សនៈរួមរបស់មនុស្សជាតិក្នុងការអភិវឌ្ឍវប្បធម៌អរិយធម៌។
* ការផលិត
បើនិយាយតាមបែបប្រពៃណី ក្រដាស សំដៅលើវត្ថុផលិតចេញពីសរសៃរុក្ខជាតិដែលឆ្លងកាត់ដំណើរការជាបន្តបន្ទាប់ រួចគេលុបចោលនូវសមាសធាតុមួយចំនួនដែលគ្មានប្រយោជន៍ ហើយចុងក្រោយបង្កើតបានជាសន្លឹកក្រដាសមួយដែលរាបស្មើស្ដើងស្អាត និងសមស្របសម្រាប់ការសរសេរ ការបោះពុម្ព ការវេចខ្ចប់ជាដើម។ ដំណើរការនៃសិប្បកម្មផលិតក្រដាស ត្រូវរួមបញ្ចូលពីវត្ថុធាតុដើមសំខាន់ ៗដូចជាដើមក្រចៅ សម្បកឈើ ចំបើង ដើមឫស្សី ដោយគេយកវាមកលាងសម្អាត ហើយពុះជាចម្រៀកៗ បន្ទាប់មកលាងសម្អាតជាមួយទឹកក្បុងដើម្បីលប់បំបាត់ពណ៌ ហើយបន្ទាប់ទៀតគេចងវាជាបាច់ៗ រួចវាយវាទៅជាម្សៅ ចុងក្រោយគេយកសរសៃ ឫស្សី ឫសូត្រស្ងួតត្បាញជាស្រទាប់ៗ ដាក់ហាលថ្ងៃឱ្យស្ងួត នោះវានឹងប្រែជាក្រដាសហើយ។
* អ្នកផលិតដំបូងបង្អស់
នៅក្នុងសម័យរាជវង្សហានខាងកើត (Dong Han) អ្នកផលិតក្រដាសមុនគេមានឈ្មោះថា ឆាយ លុន (Cai Lun) ហើយគាត់បានចែករំលែកបន្តនូវបច្ចេកវិទ្យាផលិតក្រដាស និងបានកែប្រែប្រវត្តិសាស្ត្រនៃការប្រើស្នូកអណ្ដើកមកចារអក្សររបស់រាជវង្សសាង (Shang dynasty) ការសរសេរលើគ្រឿងស្ពាន់របស់រាជវង្សចូវខាងលិច (Xi Zhou) និងការសរសេរលើបន្ទះឫស្សី ឬបន្ទះក្តាររបស់បណ្ដានគរសង្គ្រាម (Warring States period) ចក្រភពឈីង (Qin dynasty) និងចក្រភពហាន (Han dynasty) ដោយជំនួសមកវិញនូវការសរសេរលើក្រដាស ហើយវាក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចសង្គមរបស់រាជវង្សហានមានភាពរុងរឿង និងធ្វើឱ្យអរិយធម៌របស់ហានល្បីសុះសាយទៀតផង។
សិប្បកម្មផលិតក្រដាសរបស់ ឆាយ លុន បានប្រើសម្បកឈើ គុលឈើ ក្រណាត់ខូច សំណាញ់បង់ត្រី ដើម្បីយកមកវាយដុំ ពួត រួចហាល ដើម្បីឱ្យវាប្រែទៅជាសរសៃក្រដាសស្ងួត ទើបគេហៅថាជាក្រដាសពិតៗ។ លោកបានដាក់ឈ្មោះការផលិតក្រដាសនេះថា ឆាយហូវជឺ។
ឆ្នាំ១០៥គ.ស ឆាយ លុន បានផ្គត់ផ្គង់ក្រដាសទៅឱ្យអធិរាជហាន ហើយគាត់ក៏ទទួលបានលិខិតសរសើរពីអ្នកម្នាងតូវ (Lady Dou) របស់អធិរាជហឺ (Emperor He)។ ដោយហេតុនេះហើយ ទើបប្រវត្តិវិទូចាត់ទុក «ឆ្នាំ១០៥ ជារជ្ជកាលនៃការផលិតក្រដាស»។ បច្ចេកវិទ្យាផលិតក្រដាសរបស់ចិនបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះនិវានុវត្តន៍នេះ។
* សរមភូមិតាឡាស
នៅឆ្នាំ៧៥១គ.ស រាជវង្សថាង (Tang dynasty) បានធ្វើសង្គ្រាមជាមួយចក្រភពទីបេ (Tibetan empire) ដែលមានចក្រភពអារ៉ាប់ជាសម្ព័ន្ធ ដើម្បីដណ្ដើមកាន់កាន់ទឹកដីអាស៉ីកណ្ដាលបច្ចុប្បន្ន ចាប់ពីតំបន់ភាគខាងលិចទល់នឹងសមុទ្រកាស់ស្ពាន (Caspian sea)។ កាលណោះ កងទ័ពថាងដឹកនាំដោយមេទ័ព កៅ ស៊ានជឺ (Gao Xianzhi) បាននាំទ័ពរាប់ពាន់នាក់ចូលប្រយុទ្ធក្នុងសមរភូមិតានឡស៉ឺ ឬសរមភូមិតាឡាស (Battle of Talas) ប៉ុន្តែកងទ័ពថាងបែរជាទទួលបរាជ័យ ហើយអធិរាជថាង ស៊ានចុង (Emperor Xuanzong of Tang) ក៏សម្រេចបោះបង់ការគ្រប់គ្រងតំបន់ភាគខាងលិចចាប់តាំងពីពេលនោះមក។ ចក្រភពអារ៉ាប់ក៏បានគ្រប់គ្រងទាំងស្រុងនូវតំបន់អាស៊ីកណ្ដាលទាំងមូល។ សមរភូមិប្រយុទ្ធនេះក៏បានធ្វើឱ្យពួកអារ៉ាប់ចេះពីបច្ចេកវិទ្យាធ្វើក្រដាសរបស់ជនជាតិចិន។
* ដំណើររីកសាយទៅកាន់ពិភពលោក
សរមភូមិតាឡាសក៏បានធ្វើឱ្យពិភពលោកចាប់ផ្ដើមផ្លាស់ប្ដូអារ្យធម៌តាមរយៈក្រដាសនេះដែរ ព្រោះចក្រភពអារ៉ាប់ក៏បានគ្រប់គ្រងត្រួតត្រាទឹកដីធំធេងដែរក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដូច្នេះក្រដាសដែលពួកគេចេះផលិតពីជនជាតិចិននោះ ក៏ត្រូវបានប្រើប្រាស់នៅលើទឹកដីដែលស្ថិតក្រោមការត្រួតត្រារបស់ពួកគេដែរ ពិសេសគឺតាមរយៈជំនួញជាមួយរដ្ឋនានាពាសពេញពិភពលោក។
យោងតាមសៀវភៅវប្បធម៌ចិន ប្រហែលនៅសតវត្សទី៣ វៀតណាមបានទទួលនូវបច្ចេកវិទ្យាធ្វើក្រដាសពីប្រទេសចិនរួចទៅហើយ។ នៅសតវត្សទី៤ បច្ចេកវិទ្យាធ្វើក្រដាសបានបន្តចូលដល់ទឹកដីកូរ៉េ ក្រោយមកបានទៅដល់ទឹកដីជប៉ុន។ នៅសតវត្សទី៧ បានសាយភាយចូលដល់ទឹកដីឥណ្ឌា ក្រោយមកទៅដល់តំបន់អាស៊ីអាគ្នេយ៍។ នៅសតវត្សទី៨ តាមរយៈពួកអារ៉ាប់ដែលចេះបច្ចេកវិទ្យាធ្វើក្រដាសពីចិន ពួកគេបាននាំទៅដល់ភាគខាងលិច និងតំបន់អាហ្វ្រិក។ នៅសតវត្សទី១៥ បច្ចេកវិទ្យាធ្វើក្រដាសបានបន្តរាលដាលចូលដល់ដែនដីអឺរ៉ុប និងអង់គ្លេស។ នៅសតវត្សទី១៦ បានបន្តចូលដល់ដែនដីអាមេរិកតាមរយៈពួកអាណានិគមអេស្បាញ និងហូឡង់។ នៅសតវត្សទី១៧ និងទី១៨ បានបន្តទៅដល់តំបន់អូសេអានី ហើយរហូតដល់សតវត្សទី១៩ បច្ចេកវិទ្យាធ្វើក្រដាសក៏បានរីករាលដាលពាសពេញពិភពលោកតែម្តង៕