(បរទេស)៖ ប្រតិទិនដែលយើងប្រើប្រាស់សព្វថ្ងៃ គឺគេហៅថាប្រតិទិន ហ្ក្រេហ្កូរីយ៉ាន (Gregorian calendar)។ ក្នុងប្រតិទិននេះ មានខែចំនួន១២ គឺមករា (January), កុម្ភៈ (February), មីនា (March), មេសា (April), ឧសភា (May), មិថុនា (June), កក្កដា (July), សីហា (August), កញ្ញា (September), តុលា (October), វិច្ឆិកា (November), ធ្នូ (December)។

តើអ្នកធ្លាប់នឹកឆ្ងល់ដែរទេថា តើឈ្មោះជាភាសាអង់គ្លេសរបស់ខែនីមួយៗ នៅក្នុងប្រតិទិន ហ្ក្រេហ្កូរីយ៉ាន បានមកដោយរបៀបណា។ ដើម្បីបកស្រាយចម្ងល់ខាងលើ គឺយើងត្រូវត្រឡប់ទៅមើលដំណើរវិវត្ត នៃប្រតិទិនសម័យទំនើបនេះ។ តាមពិតប្រតិទិន ហ្ក្រេហ្កូរីយ៉ាន ផ្អែកលើប្រតិទិនរ៉ូម៉ាំងបុរាណ ដែលគេជឿថា ត្រូវបានបង្កើតឡើងដោយ ស្តេច រ៉ូមូឡឹស (Romulus) ដែលជាស្តេចដំបូងបំផុត របស់រាជាណាចក្ររ៉ូម នៅខ្ទង់ឆ្នាំ៧៥៣ មុនគ្រិស្តសករាជ (753 BC)។

ប្រតិទិនរ៉ូម៉ាំងនោះ ជាប្រតិទិនចន្ទគតិដ៏ស្មុគស្មាញមួយ និងមានខែចំនួនតែ១០ប៉ុណ្ណោះ គឺពីខែមីនា ដល់ខែធ្នូ បើធៀបនឹងប្រតិទិនយើងឥឡូវ។ មូលហេតុគឺដោយសារ រដូវរងា (ខែមករា-កុម្ភៈ) ត្រូវបានចាត់ទុកជា «ចន្លោះពេលងាប់» ព្រោះរដ្ឋាភិបាលនិងយោធា មិនធ្វើសកម្មភាពអ្វីទាំងអស់ នាកំលុងពេលនោះ។

នៅក្នុងប្រតិទិនខាងលើ ខែ March (ម៉ាច) ឬ Martius (ម៉ាទីអ៊ូស) គឺបានឈ្មោះមកពី អាទិទេពសង្រ្គាម Mars (ម៉ាស) ព្រោះវាគឺជា ខែដែលយុទ្ធនាការធ្វើសឹកសង្រ្គាម ចាប់ផ្តើមយ៉ាងសកម្មឡើងវិញ។ ខែ April (អេព្រីល) ឬ Aprilis (អេព្រីស) គឺបានមកពីពាក្យឡាទីន Aperio (អាពើរីយ៉ូ) ដែលមានន័យថា «បើក» គឺចង់សំដៅទៅលើការបើកនៃក្រពុំផ្កា កំលុងរដូវផ្ការីក។ រីឯខែ May (ម៉េ) ឬ Maius (ម៉ាយូស) និងខែ June (ជូន) ឬ Junius (ជូនីយូស) គឺបានមកពីឈ្មោះអាទិទេពរ៉ូម៉ាំង Maia (ម៉ាយ៉ា) និង ជូណូ (Juno)។

នៅក្នុងប្រតិទិនរ៉ូម៉ាំង March គឺជាខែទី១, April ជាខែទី២, May ជាខែទី៣ និង June ជាខែទី៤។ សម្រាប់ឈ្មោះរបស់ខែចំនួន៦ទៀត គឺមិនមែនអ្វីពិសេសទេ ដោយពួកវាគ្រាន់តែជាលេខលំដាប់ពី៥ ដល់១០ ក្នុងទម្រង់ជាភាសាឡាទីនប៉ុណ្ណោះ។ ខែទី៥ គឺ Quintilis (គ្វីនទីលីស), ខែទី៦ គឺ Sextilis (សិចទីលីស), ខែទី៧ គឺ September (សិបធែមបឺ) មកពីពាក្យ សិបទែម (Septem), ខែទី៨ គឺ អុកថូបឺ (October) មកពីពាក្យ អុកតូ (Octo), ខែទី៩ គឺ ណូវែមបឺ (November) មកពីពាក្យ ណូវែម (Novem), និងខែទី១០ គឺ ឌីសេមបឺ (December) មកពីពាក្យ ឌីសេម (Decem)។

ក្រោយមក January (ជេនយូអេរី) ឬ Januarius (ជេនយូអារីអ៊ូស) និង February (ហ្វេប៊្រូអេរី) ឬ Februarius (ហ្វេប៊្រូអារីអ៊ូស) ក៏បានក្លាយជាឈ្មោះរបស់ខែ២ចុងក្រោយ ដែលស្ថិតនៅចុងឆ្នាំ។ ឈ្មោះ January គឺបានមកពី អាទិទេពរ៉ូម៉ាំង ជេនូស (Janus) ខណៈឈ្មោះ February បានមកពីឈ្មោះពិធីបុណ្យបុរាណមួយហៅថា Februalia (ហ្វេប៊្រូអាលីយ៉ា)។

នៅពេលដែល ជូលីអ៊ូស ស៊ីសា (Julius Caesar) បានក្លាយជាមេដឹកនាំនៃសាធារណរដ្ឋរ៉ូម លោកបានធ្វើកំណែទម្រង់ទៅលើ ប្រតិទិនរ៉ូម៉ាំងបុរាណ ដើម្បីឱ្យវាក្លាយជាប្រតិទិនសូរិយ្យគតិ និងមានឈ្មោះថ្មីថា ប្រតិទិន ជូលីយ៉ាន (Julian calendar)។ បន្ថែមពីនោះ ខែ January និងខែ February ត្រូវបានរំកិលទៅដើមឆ្នាំ ដើម្បីក្លាយជាខែទី១ និងខែទី២ វិញ ហើយឆ្នាំបង្រ្គប់ក៏ត្រូវបានចាប់ផ្តើមប្រើប្រាស់ផងដែរ។

ក្រោយពេល ជូលីអ៊ូស ស៊ីសា ទទួលមរណភាពទៅ ខែ Quintillis ត្រូវបានប្តូរឈ្មោះទៅជា ជូឡាយ (July) ដើម្បីជាការឧទ្ទិសដល់ ជូលីអ៊ូស ស៊ីសា ផ្ទាល់ នៅឆ្នាំ៤៤ មុនគ្រិស្តសករាជ (44 BC)។ បន្ទាប់មក ខែ Sextilis ក៏ត្រូវបានប្តូរទៅជា អូហ្កឺស (August) នៅឆ្នាំ៨ មុនគ្រិស្តសករាជ ដើម្បីជាការគោរពដល់ អធិរាជដំបូងបំផុតរបស់ចក្រភពរ៉ូម៉ាំងគឺ អូហ្គូស្ទូស (Augustus)។

ការធ្វើកំណែទម្រង់និងការប្តូរឈ្មោះនេះ មានន័យថាឈ្មោះខែខ្លះ ដូចជា September, October, November និង December គឺលែងត្រូវតាមលំដាប់លេខរៀងរបស់ពួកវា នៅក្នុងប្រតិទិនដូចមុនទៀតហើយ។ អធិរាជរ៉ូម៉ាំងតៗមក បានព្យាយាមដាក់ឈ្មោះផ្សេង ឱ្យខែទាំងនោះដែរ ប៉ុន្តែមិនមានប្រសិទ្ធភាព ហើយឈ្មោះដើមរបស់ពួកវា ក៏នៅជាប់មករហូត។

គួរបញ្ជាក់ថា ទីបំផុត នៅឆ្នាំ១៥៨២ នៃគ្រិស្តសករាជ សម្តេចប៉ាប ហ្ក្រេហ្កូរីទី១៣ (Pope Gregory XIII) ក៏បានបន្តធ្វើកំណែទម្រង់ជាច្រើនផ្សេងទៀត ទៅលើប្រតិទិន ជូលីយ៉ាន ដ្បិតវាមិនមានចន្លោះប្រហោងច្រើននៅឡើយ។ ប្រតិទិនថ្មីចុងក្រោយនេះ ដែលមានឈ្មោះថា ប្រតិទិន ហ្ក្រេហ្កូរីយ៉ាន គឺជាប្រតិទិនដែលយើងប្រើប្រាស់មកទល់ពេលបច្ចុប្បន្ន៕