(ភ្នំពេញ)៖ សូមកុំបំផ្លាញព្រៃឈើ ប្រសិនបើអ្នកចង់រស់នៅប្រកបដោយសុខមាលភាព ពីព្រោះធនធានធម្មជាតិគឺជាឧទ្យានផលិតភាពបរិសុទ្ធជូនដល់យើងគ្រប់គ្នា កម្ចាត់ភាពកខ្វក់ក្នុងបរិស្ថាន ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។ ប្រទេសជឿនលឿនគេបានអនុវត្តយ៉ាងយកចិត្តទុកដាក់ក្នុងការអភិរក្សការពារធនធានធម្មជាតិនៅក្នុងទីក្រុង ឬនៅក្បែរទីក្រុង ដែលគេឱ្យឈ្មោះថា «ឧទ្យានក្នុងទីក្រុង»។

ខាងក្រោមនេះគឺជាឧទ្យានជាតិក្នុងទីក្រុងទាំង១០ដែលធំបំផុតនៅលើពិភពលោក៖

១០. ឧទ្យានជាតិប៊ុកហានសាន ទីក្រុងសេអ៊ូល

ឧទ្យានក្នុងទីក្រុងធំលំដាប់ទី១០នៅលើពិភពលោក គឺឧទ្យានជាតិប៊ុកហានសាន (Bukhansan National Park) ស្ថិតនៅក្នុងទីក្រុងសេអ៊ូល រដ្ឋធានីប្រទេសកូរ៉េខាងត្បូង។ ពាក្យថា Bukhansan មានន័យថា ទន្លេហានខាងជើង។ ឧទ្យានជាតិនេះមានទំហំ៧៩.៩២គីឡូម៉ែត្រក្រឡា។

៩. ឧទ្យានជាតិស័ង្កជ័យគន្ធី ទីក្រុងមុំបៃ

ឧទ្យានជាតិស័ង្កជ័យគន្ធី (Sanjay Gandhi National Park) មានទំហំ៨៧គីឡូម៉ែត្រក្រឡា ស្ថិតនៅក្នុងទីក្រុងមុំបៃ រដ្ឋធានីប្រទេសឥណ្ឌា។

៨. ដែនជម្រកសត្វព្រៃបាយយូសូវ៉ាក់ ទីក្រុងញូវអរលែន

ដែនជម្រកសត្វព្រៃបាយយូសូវ៉ាក (Bayou Sauvage National Wildlife Refuge) ស្ថិតនៅក្នុងទីក្រុងញូវអរលែន រដ្ឋល្វីស្យាណា សហរដ្ឋអាមេរិក។ ឧទ្យានសួនសត្វនេះត្រូវបានបង្កើតឡើងដើម្បីការពារតំបន់វាលភក់ចុងក្រោយដែលមានទំហំ៩២.១គីឡូម៉ែត្រក្រឡា។

៧. ឧទ្យានជាតិគិរីហ្វ្រែងឃ្លីន ទីក្រុងអែលផាសូ

ឧទ្យានជាតិគិរីហ្វ្រែងឃ្លីន (Franklin Mountains State Park) មានទីតាំងនៅជួរភ្នំហ្វ្រែងឃ្លីន ដែលស្ថិតនៅក្នុងទីក្រុងអែលផាសូ (El Paso) រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ ឧទ្យានជាតិនេះមានទំហំ៩៨.១២គីឡូម៉ែត្រក្រឡា។

៦. ឧទ្យានជាតិឡូស៉ីនី-អូស្ត្រូវ ទីក្រុងមូស្គូ

ឧទ្យានជាតិឡូស៉ីនី-អូស្ត្រូវ (Losiny Ostrov National Park) ស្ថិតនៅក្នុងទីក្រុងមូស្គូ រដ្ឋធានីសហព័ន្ធរុស្ស៉ី។ ឧទ្យានជាតិនេះមានទំហំ១១៦គីឡូម៉ែត្រក្រឡា គ្របដណ្តប់ដោយព្រៃឈើលើសពី៨០% ខណៈដែលទំហំលើសពីពាក់កណ្តាលនៃឧទ្យាននេះមិនបើកជាសាធារណៈនោះទេ។

៥. តំបន់អភិរក្សម៉ាក់ដូវែល-សូណូរ៉ាន់ ទីក្រុងស្កត់សឌែល

តំបន់អភិរក្សម៉ាក់ដូវែល-សូណូរ៉ាន (McDowell Sonoran Preserve) ស្ថិតនៅក្នុងទីក្រុងស្កត់សឌែល (Scottsdale) ក្នុងរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។ ឧទ្យានជាតិនេះមានទំហំ១២៣គីឡូម៉ែត្រក្រឡា ហ៊ុព័ទ្ធទៅដោយវាលខ្សាច់សូណារ៉ាន់ (Sonoran)។

៤. ឧទ្យានជាតិភេត្រា-ប្រង់កា ទីក្រុងរីយ៉ូដឺហ្សង់ណេរ៉ូ

ឧទ្យានជាតិភេត្រា-ប្រង់កា (Pedra Branca State Park) ស្ថិតក្នុងទីក្រុងរីយ៉ូដឺហ្សង់ណេរ៉ូ (Rio de Janeiro) ដែលជាក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៉ីល។ ឧទ្យានជាតិទីក្រុងនេះមានទំហំ១២៣.៩៤គីឡូម៉ែត្រក្រឡា ដែលត្រូវបានគេស្គាល់ថា «ព្រៃទីក្រុង» ផងដែរ។

៣. ឧទ្យានជាតិភ្នំម៉ារហ្កាឡា ទីក្រុងអ៉ីស្លាមម៉ាបាដ

ឧទ្យានជាតិភ្នំម៉ារហ្កាឡា (Margalla Hills National Park) មានទំហំ១៧៣.៩គីឡូម៉ែត្រ ស្ថិតនៅទីក្រុងអ៉ីស្លាមម៉ាបាដ (Islamabad) រដ្ឋធានីប្រទេសប៉ាគីស្ថាន។

២. ឧទ្យានជាតិភ្នំថេបល ទីក្រុងខេបថោន

ឧទ្យានជាតិភ្នំថេបល (Table Mountain National Park) ស្ថិតនៅទីក្រុងខេបថោន (Cape Town) រដ្ឋធានីប្រទេសអាហ្វ្រិកខាងត្បូង។ ឧទ្យានជាតិនេះមានទំហំ២២១គីឡូម៉ែត្រក្រឡា ត្រូវបានដាក់ឈ្មោះតាមកំពូលភ្នំដែលមានរាងសំប៉ែតដូចតុ។

១. ឧទ្យានជាតិឈូហ្កាច ទីក្រុងអាន់ឆឺរ៉េក

ឧទ្យានជាតិឈូហ្កាច (Chugach State Park) គឺជាឧទ្យានជាតិទីក្រុងដែលធំជាងគេបំផុតលើពិភពលោក ដែលមានទំហំលើសពី២,០០០គីឡូម៉ែត្រក្រឡា ស្ថិតនៅទីក្រុងអាន់ឆឺរ៉េក (Anchorage) រដ្ឋអាឡាស្កា សហរដ្ឋអាមេរិក៕