(ភ្នំពេញ)៖ កងទ័ពអាកាស គឺជាអង្គភាពស្នូលដ៏សំខាន់បំផុតមួយក្នុងវិស័យយោធាការពារជាតិរបស់ប្រទេសនានា ហើយយន្តហោះបម្រើជាបរិក្ខារយោធាយ៉ាងចម្បងសម្រាប់កងទ័ពអាកាស។ តួយ៉ាងប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ានសុទ្ធតែមានពួកវា។
សម្រាប់ថ្ងៃនេះយើងនឹងមើលថាតើសមាជិកអាស៊ាននីមួយៗមានយន្តហោះចម្បាំងធុនណាខ្លះ?
១. សិង្ហបុរី
ប្រទេសកូនកោះស្តុកស្តម្ភមួយនេះមានយន្តហោះចម្បាំងដែលកំពុងប្រើប្រាស់ខ្ទង់រយគ្រឿងដែរ ក្នុងនោះរួមមានប្រភេទ F-15 ចំនួន៤០គ្រឿង និងប្រភេទ F-16 ចំនួន៦០គ្រឿង ព្រមទាំងកំពុងបញ្ជាទិញប្រភេទ F-35 ចំនួន៤គ្រឿងទៀត ខណៈយន្តហោះចម្បាំងទាំងនេះគឺជាផលិតផលរបស់អាមេរិកទាំងអស់។
២. កម្ពុជា
សម្រាប់ប្រទេសកម្ពុជា មិនទាន់មានការរាយការណ៍ថាមានយន្តហោះចម្បាំងប្រើប្រាស់ដែរឬយ៉ាងណានោះទេ។
៣. ព្រុយណេ
នៅប្រទេសព្រុយណេក៏មិនមានយន្តហោះចម្បាំងសម្រាប់ប្រើប្រាស់នោះដែរ។
៤. មីយ៉ាន់ម៉ា
នៅប្រទេសមីយ៉ាន់ម៉ាយន្តហោះចម្បាំងដែលកំពុងប្រើប្រាស់ក៏មានរាប់សិបគ្រឿងដែរ ក្នុងនោះរួមមានប្រភេទ MiG-29 របស់រុស្ស៉ីចំនួន៣១គ្រឿង, ប្រភេទ Q-5 របស់ចិនចំនួន២០គ្រឿង, ប្រភេទ J-7 របស់ចិនចំនួន២១គ្រឿង, ប្រភេទ J-6 របស់ចិនចំនួន១គ្រឿង។ ក្រៅពីនេះមានប្រភេទ JF-17 (កូនកាត់ចិន-ប៉ាគីស្ថាន) កំពុងប្រើប្រាស់ចំនួន៧គ្រឿង និងកំពុងបញ្ជាទិញ៩គ្រឿងទៀត។ ស្ថិតក្នុងស្ថានការណ៍តានតឹងផ្នែកនយោបាយ និងសន្តិសុខនេះ រដ្ឋាភិបាលយោធាក៏ទើបទទួលបានប្រភេទ Su-30 របស់រុស្ស៉ីចំនួន២គ្រឿង និងនិងកំពុងបញ្ជាទិញ៤គ្រឿងទៀត។
៥. វៀតណាម
ប្រទេសសង្គមនិយមមួយនេះក៏មានយន្តហោះចម្បាំងដែលកំពុងប្រើប្រាស់ជិតខ្ទង់រយគ្រឿងដែរ ក្នុងនោះរួមមានប្រភេទ Su-22 ចំនួន៣៤គ្រឿង, ប្រភេទ Su-27 ចំនួន១១គ្រឿង, ប្រភេទ Su-30 ចំនួន៣៥គ្រឿង ដែលសុទ្ធតែជាផលិតផលរបស់អតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៉ីបច្ចុប្បន្ន។
៦. ឡាវ
ប្រទេសក្រជាងគេនៅអាស៊ានមួយនេះក៏មិនមានយន្តហោះចម្បាំងប្រើប្រាស់ដែរ។
៧. ម៉ាឡេស៊ី
យន្តហោះចម្បាំងដែលកំពុងប្រើប្រាស់នៅសហព័ន្ធម៉ាឡេស៉ី រួមមានប្រភេទ Su-30 របស់រុស្ស៉ីចំនួន១៨គ្រឿង, ប្រភេទ F-18 របស់សហរដ្ឋអាមេរិកចំនួន៨គ្រឿង, ប្រភេទ BAE Hawk របស់ចក្រភពអង់គ្លេសចំនួន១២គ្រឿង ខណៈប្រភេទ MiG-29 របស់រុស្ស៉ីចំនួន១៦គ្រឿងផ្សេងទៀតស្ថិតក្នុងឃ្លាំងបម្រុង។
៨. ថៃ
ប្រទេសពូកែគេចពីសង្គ្រាមមួយនេះក៏មានយន្តហោះចម្បាំងកំពុងប្រើប្រាស់ជិត៦០គ្រឿងដែរ រួមមានប្រភេទ F-5 ចំនួន៣៤គ្រឿង, ប្រភេទ JAS 39 Gripen របស់ស៊ុយអែតចំនួន១១គ្រឿង និងប្រភេទ F-16 របស់អាមេរិកចំនួន១១គ្រឿងទៀត។
៩. ហ្វីលីពីន
ប្រទេសដែនកោះជាយខាងកើតអាស៊ានមួយនេះមានយន្តហោះចម្បាំងកំពុងប្រើប្រាស់ខ្លះដែរ គឺប្រភេទ T-50 របស់កូរ៉េខាងត្បូងចំនួន១២គ្រឿង។
១០. ឥណ្ឌូណេស៊ី
បងធំអាស៊ានមួយនេះក៏មានយន្តហោះចម្បាំង ដែលកំពុងប្រើប្រាស់ច្រើនគួរសមផងដែរ ក្នុងនោះរួមមានប្រភេទ F-16 របស់សហរដ្ឋអាមេរិកចំនួន៣៣គ្រឿង, ប្រភេទ Su-27 របស់រុស្ស៉ីចំនួន៥គ្រឿង, ប្រភេទ Su-30 របស់រុស្ស៉ីចំនួន១១គ្រឿង, ប្រភេទ Hawk 200 របស់ចក្រភពអង់គ្លេសចំនួន២៣គ្រឿង, ប្រភេទ T-50 របស់កូរ៉េខាងត្បូងចំនួន១៣គ្រឿង។ ក្រៅពីនោះ ឥណ្ឌូណេស៊ីកំពុងបញ្ជាទិញ ប្រភេទ Rafale របស់បារាំងចំនួន៤២គ្រឿង និងប្រភេទ T-50 ចំនួន៦គ្រឿងទៀតផង៕