(ភ្នំពេញ)៖ ភាគច្រើននៃផ្ទៃរបស់ភពផែនដីយើង គឺគ្របដណ្តប់ដោយមហាសមុទ្រ ក៏ប៉ុន្តែមហាសមុទ្រទាំង៥របស់ពិភពលោកមានជម្រៅមិនស្មើគ្នានោះឡើយ។ តើមហាសមុទ្រមួយណាដែលមានជម្រៅជ្រៅជាងគេ និងមួយណាដែលមានជម្រៅរាក់ជាងគេ ហើយចំណុចជ្រៅៗបំផុតប្រចាំមហាសមុទ្រនីមួយៗស្ថិតនៅកន្លែងណា? 

 

៥. ក្នុងចំណោមមហាសមុទ្រទាំង៥ មហាសមុទ្រទឹកកកអាក់តិច (Arctic Ocean) ដែលស្ថិតនៅប៉ូលខាងជើង គឺជាសមុទ្រដែលតូច ហើយរាក់ជាងគេបង្អស់។ វាមានជម្រៅជាមធ្យម១,២០៤ម៉ែត្រ និងជាជម្រៅអតិបរមា៥,៤៥០ម៉ែត្រ។ កន្លែងជ្រៅបំផុតរបស់វាគឺចំណុចម៉ូល្លីឌីប (Molly Deep) ស្ថិតនៅច្រកសមុទ្រហ្វ្រាម (Fram Strait) ក្បែរកោះហ្គ្រីនលែន (Greenland)។ 

 

៤. មហាសមុទ្រភាគខាងត្បូង (Southern Ocean) ដែលនៅព័ទ្ធជុំវិញទ្វីបអង់តាក់ទិចនៃប៉ូលខាងត្បូង គឺជាមហាសមុទ្រជ្រៅបំផុតចំណាត់ថ្នាក់ទី៤ ដែលមានជម្រៅជាមធ្យម៣,២៧០ម៉ែត្រ និងជម្រៅអតិបរមា៧,២៣៦ម៉ែត្រ។ អន្លង់សេនវិចខាងត្បូង (South Sandwich Trench) គឺជាកន្លែងជ្រៅបំផុតរបស់មហាសមុទ្រនេះ។ 

 

៣. មហាសមុទ្រឥណ្ឌា (Indian Ocean) មានជម្រៅជាមធ្យម៣,៧៤១ម៉ែត្រ និងជម្រៅអតិបរមា៧,២៥៨ម៉ែត្រ ដែលនាំឱ្យវាជាប់ជាមហាសមុទ្រជ្រៅបំផុតលំដាប់ថ្នាក់លេខ៣។ កន្លែងជ្រៅបំផុតប្រចាំមហាសមុទ្រឥណ្ឌាគឺអន្លង់ជ្វា (Java Trench) ដែលស្ថិតនៅក្បែរកោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៉ី។ 

 

២. មហាសមុទ្រអាត្លង់ទិច (Atlantic Ocean) គឺជាមហាសមុទ្រជ្រៅជាងគេបំផុតទី២លើពិភពលោក។ វាមានជម្រៅគិតជាមធ្យម៣,៦៤៦ម៉ែត្រ និងជម្រៅគិតជាអតិបរមា៨,៣៧៦ម៉ែត្រ។ អន្លង់ព័រតូរីកូ (Puerto Rico Trench) ដែលស្ថិតនៅក្បែរសមុទ្រការីបង់ (Caribbean Sea) គឺជាចំណុចជ្រៅបំផុតរបស់មហាសមុទ្រអាត្លង់ទិច។ 

 

១. មហាសមុទ្រជ្រៅជាងគេលេខ១ គឺមហាសមុទ្រប៉ាស៉ីហ្វិក (Pacific) ដែលមានជម្រៅជាមធ្យម៤,២៨០ម៉ែត្រ និងជម្រៅអតិបរមាចន្លោះ១០,៩១១-១១,០៣៥ម៉ែត្រ។ កន្លែងជ្រៅបំផុតប្រចាំមហាសមុទ្រនេះ និងប្រចាំផ្ទៃផែនដីទាំងមូល គឺហៅថា ចំណុចឆាលែនចឺឌីប (Challenger Deep) នៃអន្លង់ម៉ារីយ៉ាណា (Mariana Trench) នៅតំបន់ប៉ាស៉ីហ្វិកខាងលិច ក្បែរកោះហ្កាំ៕