(ភ្នំពេញ)៖ ឧបទ្វីប (Peninsula) ទោះតូចឬធំក៏ដោយ គឺជាទីតាំងភូមិសាស្រ្តយ៉ាងពិសេសប្លែកក្នុងទម្រង់ជាដីដែលលយចេញពីទ្វីបចូលទៅរកសមុទ្រ។ ឧបទ្វីបដែលមនុស្សភាគច្រើនប្រហែលនិយមស្គាល់ជាទូទៅអាចរួមមានដូចជាឧបទ្វីបកូរ៉េ ឧបទ្វីបឥណ្ឌូចិន និងឧបទ្វីបអារ៉ាប់ជាដើម។ ប៉ុន្តែតើឧបទ្វីបណាខ្លះទៅដែលជាប់ឈ្មោះជាឧបទ្វីបមានផ្ទៃដីទំហំធំៗបំផុតទាំង១៥នៅលើផែនដី?
១៥. ឧបទ្វីបមីឈីហ្កេន (Lower Peninsula of Michigan) មានផ្ទៃដី១០៤,០០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបមីឈីហ្កេន គឺនៅសហរដ្ឋអាមេរិក និងសំដៅលើផ្ទៃដីមួយចំណែកធំនៃរដ្ឋមីឈីហ្កេនដែលស្ថិតនៅភាគខាងជើងរដ្ឋអ៉ីនឌីយ៉ាណា (Indiana) និងរដ្ឋអូហៃយ៉ូ (Ohio) ហើយនៅចន្លោះបឹងមីឈីហ្កេន (Lake Michigan) និងបឹងហ៊ូរ៉ូន (Lake Huron)។ ផ្ទៃដីមួយផ្នែកទៀត នៅភាគខាងជើងឧបទ្វីបនេះជាប់រដ្ឋវីស្កុនសិន (Wisconsin) និងបឹងស៊ូភើរៀ (Lake Superior) ក៏ជាផ្នែកនៃរដ្ឋមីឈីហ្កេនដែរ។
១៤. ឧបទ្វីបអ៉ីតាលី (Italian Peninsula) ផ្ទៃដី១៣១,៣៣៦គីឡូម៉ែត្រការ៉េ
ឧបទ្វីបអ៉ីតាលីលាតសន្ធឹងពីភាគខាងត្បូងនៃជួរភ្នំអាល់ (Alps) លយចូលទៅកាន់ភាគកណ្តាលសមុទ្រមេឌីទែរ៉ាណេ។ ឧបទ្វីបនេះអាចនិយាយបានថា គឺជាប្រទេសអ៉ីតាលីទាំងមូល ប៉ុន្តែក្នុងនោះក៏មានកូនប្រទេសសាំងម៉ារ៉ាំង (San Marino) និងបុរីរដ្ឋវ៉ាទីកង់ (Vatican City) ដែលស្ថិតក្នុងអ៉ីតាលីផ្ទាល់ផងដែរ។
១៣. ឧបទ្វីបបាចាកាលីហ្វ័រញ៉ា (Baja California Peninsula) ផ្ទៃដី១៤៣,៤០០គីឡូម៉ែត្រការ៉េ
វាស្ថិតនៅភាគពាយព្យប្រទេសម៉ិកស៊ិក និងខណ្ឌចែករវាងឈូងសមុទ្រកាលីហ្វ័រញ៉ា និងមហាសមុទ្រប៉ាស៉ីហ្វិក។ នៅលើឧបទ្វីបនេះមានរដ្ឋចំនួន២របស់ប្រទេសម៉ិកស៊ិក នោះគឺរដ្ឋបាចាកាលីហ្វ័រញ៉ា និងរដ្ឋបាចាកាលីហ្វ័រញ៉ាស័រ (Baja California Sur)។
១២. ឧបទ្វីបផ្លរីដា (Florida Peninsula) ផ្ទៃដី១៧០,៣០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបនេះ គឺជារដ្ឋនៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ស្ថិតនៅចន្លោះឈូងសមុទ្រម៉ិកស៊ិក និងមហាសមុទ្រអាត្លង់ទិក។
១១. ឧបទ្វីបកូរ៉េ (Korean Peninsula) ផ្ទៃដី២២៣,៥១៦គីឡូម៉ែត្រការ៉េ
ឧបទ្វីបកូរ៉េគឺជាឧបទ្វីបមួយស្ថិតនៅតំបន់អាស៊ីខាងកើត ហើយត្រូវបានបែងចែកចេញជាប្រទេសកូរ៉េ២ផ្សេងគ្នា តាំងតែពីឆ្នាំ១៩៤៥មក គឺកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ ឧបទ្វីបកូរ៉េមានព្រំប្រទល់ជាប់ប្រទេសចិន និងរុស្ស៉ី ព្រមទាំងជាប់សមុទ្រលឿង និងសមុទ្រជប៉ុន ឬសមុទ្រខាងកើត។
១០. ឧបទ្វីបកាំឆាត់កា (Kamchatka Peninsula) ផ្ទៃដី២៧០,០០០គីឡូម៉ែត្រការ៉េ
វាជាឧបទ្វីបស្ថិតនៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៉ី ហើយនៅចន្លោះសមុទ្រអូខូត (Okhotsk) និងសមុទ្របឺរីង (Bering)។
៩. ឧបទ្វីបអាយបឺរៀន (Iberian Peninsula) ផ្ទៃដី៥៨៣,២៥៤គីឡូម៉ែត្រការ៉េ
ស្ថិតនៅតំបន់អឺរ៉ុបភាគនិរតី ឧបទ្វីបអាយបឺរៀនត្រូវបានបែងចែករវាងប្រទេសអេស៉្បាញ និងព័រទុយហ្កាល់ ក្រៅពីនេះនៅមានដីមួយផ្នែកតូចនៃភាគខាងត្បូងប្រទេសបារាំង ព្រមទាំងប្រទេសអង់ដូរ៉ានៅចន្លោះបារាំងនិងអេស៉្បាញ ហើយនិងជ្រោយហ្ស៉ីប្រាល់តាដែលជាដែនដីរបស់ចក្រភពអង់គ្លេសនៅភាគខាងត្បូងអេស៉្បាញ ក៏ត្រូវបានរាប់បញ្ចូលក្នុងឧបទ្វីបនេះដែរ។ រីឯផ្ទៃទឹកដែលនៅជាប់ឧបទ្វីបអាយបឺរៀន រួមមាន ឆកសមុទ្រប៊ីសខេ (Bay of Biscay) មហាសមុទ្រអាត្លង់ទិក សមុទ្របាលៀនរិក (Baleanric Sea) និងសមុទ្រអាល់បូរ៉ាន (Alboran Sea)។
៨. ឧបទ្វីបបាល់កង់ (Balkan Peninsula) ផ្ទៃដី៦៦៦,៧០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបបាល់កង់ស្ថិតនៅប៉ែកអាគ្នេយ៍នៃទ្វីបអឺរ៉ុបជាប់សមុទ្រអាឌ្រីអាទិក (Adriatic Sea) សមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) សមុទ្រអៃយ៉ូនៀន (Ionian Sea) សមុទ្រអែហ្គៀន (Aegean Sea) សមុទ្រម៉ាម៉ារ៉ា (Marmara Sea) និងសមុទ្រខ្មៅ (Black Sea)។ រីឯទន្លេដានូប៊ី (Danube River) និងទន្លេសាវ៉ា (Sava River) ត្រូវបានមតិភាគច្រើនចាត់ទុកជាព្រំប្រទល់ភាគខាងជើងនៃឧបទ្វីបនេះ។ សម្រាប់ប្រទេសដែលស្ថិតនៅក្នុងឧបទ្វីបបាល់កង់ទាំងស្រុងតែម្តង រួមមាន អាល់បានី បូស្នី-អ៊ែរហ្សេហ្គោវីន ប៊ុលហ្ការី កូសូវ៉ូ ម៉ុងតេណេហ្គ្រោ និងម៉ាសេដ្វានខាងជើង។ រីឯប្រទេសដែលទឹកដីភាគច្រើននៅក្នុងឧបទ្វីបបាល់កង់ រួមមាន ក្រិក និងស៊ែប៊ី ហើយប្រទេសដែលផ្នែកខ្លះស្ថិតក្នុងឧបទ្វីបនេះគឺក្រូអាស៊ី ស្លូវេនី រ៉ូម៉ានី តួកគី និងអ៉ីតាលី។
៧. ឧបទ្វីបស្កង់ឌីណាវៀ (Scandinavian Peninsula) ផ្ទៃដី៧៥០,០០០គីឡូម៉ែត្រការ៉េ
វាជាឧបទ្វីបស្ថិតនៅភាគខាងជើងទ្វីបអឺរ៉ុប ដែលរួមមានប្រទេសស៊ុយអែត ន័រវែស ព្រមទាំងតំបន់ភាគខាងជើងនៃប្រទេសហ្វាំងឡង់។ ឧបទ្វីបនេះមានព្រំប្រទល់ជាប់សមុទ្របារ៉ិន (Barents Sea) សមុទ្រន័រវែស (Norwegian Sea) សមុទ្រឧត្តរ (North Sea) សមុទ្របាល់ទិក (Baltic Sea) ឈូងសមុទ្របូសនៀ (Bothnia Gulf) ព្រមទាំងប្រទេសរុស្ស៊ី និងដាណឺម៉ាក។
៦. ឧបទ្វីបឡាប្រាឌ័រ (Labrador Peninsula) ផ្ទៃដី១,៤០០,០០០គីឡូម៉ែត្រការ៉េ
វាគឺជាឧបទ្វីបដ៏ធំមួយនៅតំបន់ភាគខាងកើតនៃប្រទេសកាណាដា ហើយជាប់នឹងឆកសមុទ្រហ៊ូដសុន (Hudson Bay) ច្រកសមុទ្រហ៊ូដសុន (Hudson Strait) សមុទ្រឡាប្រាឌ័រ (Labrador Sea) និងឈូងសមុទ្រសាំងឡោរែន (Gulf of Saint Lawrence)។ ឧបទ្វីបនេះរួមមាន តំបន់ឈ្មោះ ឡាប្រាឌ័រ ដែលជាផ្នែកនៃខេត្តនូហ្វង់ឡែន–ឡាប្រាឌ័រ (Newfoundland and Labrador) ព្រមទាំងតំបន់សាហ្កេណៃ–ឡាក់-សាំង-ហ្សង់ (Saguenay–Lac-Saint-Jean) តំបន់កូតន័រ (Côte-Nord) និងតំបន់ន័រ-ឌុយ-កេប៊ិច (Nord-du-Québec) ដែលស្ថិតនៅក្នុងខេត្តកេប៊ិច (Quebec)។
៥. ឧបទ្វីបអាឡាស្កា (Alaskan Peninsula) ផ្ទៃដី១,៥០០,០០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបនេះ គឺជារដ្ឋអាឡាស្កាមួយទាំងមូលរបស់សហរដ្ឋអាមេរិក ដែលស្ថិតនៅទិសពាយព្យប្រទេសកាណាដា។
៤. ឧបទ្វីបសូម៉ាលី (Somali Peninsula) ផ្ទៃដី១,៨៨៣,០០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបដ៏ធំមួយនេះមានឈ្មោះម៉្យាងទៀតថា តំបន់ជ្រោយអាហ្រ្វិក (Horn of Africa) ដែលស្ថិតនៅប៉ែកខាងកើតនៃទ្វីបអាហ្រ្វិក។ មានប្រទេសចំនួន៤ដែលស្ថិតលើឧបទ្វីបនេះ រួមមាន អេត្យូពី អេរីត្រេ ជីប៊ូទី និងសូម៉ាលី។
៣. ឧបទ្វីបឥណ្ឌូចិន (Indochina Peninsula) ផ្ទៃដី១,៩៩៤,០០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបឥណ្ឌូចិនសំដៅទៅលើផ្ទៃដីដ៏ធំនៅភាគខាងកើតអនុទ្វីបឥណ្ឌា និងភាគខាងត្បូងប្រទេសចិន ដែលគ្របដណ្តប់ជាង៤០ភាគរយនៃតំបន់អាស៊ីអាគ្នេយ៍ ហើយរាប់បញ្ចូលប្រទេសកម្ពុជា ឡាវ មីយ៉ាម៉ា ថៃ វៀតណាម ព្រមទាំងផ្នែកភាគខាងកើតរបស់ប្រទេសម៉ាឡេស៊ីផងដែរ។
២. ឧបទ្វីបឌីកាន់ ឬឧបទ្វីបឥណ្ឌា (Deccan/Indian Peninsula) ផ្ទៃដី២,០៧២,០០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបដ៏ធំមួយនេះសំដៅលើផ្ទៃដីចាប់ពីតំបន់ភាគកណ្តាលនៃប្រទេសឥណ្ឌា គឺពីទន្លេណាម៉ាដា (Narmada River) ចុះមកភាគខាងត្បូង ជាប់សមុទ្រអារ៉ាប់ (Arabian Sea) សមុទ្រឡាក់ខាឌីវ (Laccadive Sea) និងឆកសមុទ្របេងហ្កាល់ (Bay of Bengal)។
១. ឧបទ្វីបអារ៉ាប់ (Arabian Peninsula) ផ្ទៃដី៣,២៤០,០០០គីឡូម៉ែត្រការ៉េ
ឧបទ្វីបធំជាងគេបង្អស់នៅលើពិភពលោក គឺឧបទ្វីបអារ៉ាប់ ដែលស្ថិតនៅចន្លោះទ្វីបអាហ្រ្វិកនិងទ្វីបអាស៊ី។ នៅឧបទ្វីបអារ៉ាប់ រួមមាន ប្រទេសកូវ៉ែត អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម យេម៉ែន ព្រមទាំងផ្នែកខ្លះនៃប្រទេសអ៉ីរ៉ាក់ និងហ៊្សកដានី។ ផ្ទៃទឹកដែលនៅជាប់ឧបទ្វីបអារ៉ាប់ គឺសមុទ្រក្រហម ឈូងសមុទ្រពែរ្ស ឈូងសមុទ្រអូម៉ង់ សមុទ្រអារ៉ាប់ និងមហាសមុទ្រឥណ្ឌា៕