(ភ្នំពេញ)៖ ប្រាក់អឺរ៉ូ (Euro) ដែលមាននិម្មិតសញ្ញា € និងកូដសម្គាល់ EUR គឺជារូបិយបណ្ណ ដែលមានការជួញដូរច្រើនបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ មនុស្សភាគច្រើនប្រហែលជាយល់ថា លុយអឺរ៉ូគឺជារូបិយបណ្ណ របស់សហភាពអឺរ៉ុប (EU) ទាំងមូល ប៉ុន្តែតាមពិតវាមិនមែនបែបនោះទេ។ ដូច្នេះហើយ តើប្រទេសអឺរ៉ុបណាខ្លះទៅ ដែលយកលុយអឺរ៉ូធ្វើជារូបិយបណ្ណជាតិរបស់ខ្លួន?
គិតត្រឹមឆ្នាំ២០២២នេះ សមាជិក EU តែ១៩ប្រទេសប៉ុណ្ណោះ ក្នុងចំណោមសមាជិកទាំង២៧ អនុម័តប្រើអឺរ៉ូជារូបិយបណ្ណផ្លូវការរបស់ខ្លួន។ សមាជិក EU ទាំង១៩នោះ រួមមាន អូទ្រីស, បែលហ្ស៉ិក, ស៊ីប, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, អៀរឡង់, អ៊ីតាលី, ឡេតូនី, លីទុយអានី, លុចសំបួ, ម៉ាល់ត៍, នេដឺឡង់, ព័រទុយហ្កាល់, ស្លូវ៉ាគី, ស្លូវ៉ានី, និងអេស៉្បាញ។ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ ខាងមុខ ក្រូអាស៊ី នឹងក្លាយជាសមាជិកទី២០។
ក្រុមប្រទេស EU ខាងលើ ដែលចាយលុយអឺរ៉ូបែបនេះ គឺគេហៅថា Euro Zone ឬ Euro Area។ សម្រាប់ប្រទេស EU ដទៃទៀត លើកលែងតែដាណឺម៉ាក ដែលកន្លងមកបានធ្វើប្រជាមតិសុំមិនចូលរួម ក៏តម្រូវឱ្យអនុម័តប្រើលុយអឺ រ៉ូជារូបិយបណ្ណជាតិរបស់ខ្លួនដូចគ្នា នាថ្ងៃអនាគត នៅពេលពួកគេអាចបំពេញតាមលក្ខខណ្ឌ ផ្នែកសេដ្ឋកិច្ចនិងផ្នែកច្បាប់ ដើម្បីធ្វើយ៉ាងដូច្នោះ។
គួរបញ្ជាក់ថា ក្រៅពីសមាជិកសហភាពអឺរ៉ុប កូនប្រទេសអឺរ៉ុបចំនួន៤ ផ្សេងទៀត នោះគឺអង់ដូរ៉ា, ម៉ូណាកូ, សាំងម៉ារ៉ាំង, និងវ៉ាទីកង់ ក៏បានចុះកិច្ចព្រមព្រៀងផ្លូវការជាមួយ EU ដើម្បីប្រើប្រាស់អឺរ៉ូ ជារូបិយបណ្ណផ្លូវការរបស់ពួកគេផងដែរ។ រីឯកូសូវ៉ូនិងម៉ុងតេណេហ្គ្រោវិញនោះ បានសម្រេចអនុម័តប្រើប្រាស់លុយអឺរ៉ូ ជាលក្ខណៈឯកតោភាគី។ ប្រទេសអឺរ៉ុបទាំង៦ផ្សេងនេះ មិនត្រូវបានចាត់ទុកជាផ្នែកនៃតំបន់ Eurozone ឬ Euroarea នោះទេ ហើយក៏មិនមានតំណាងប្រចាំនៅ ធនាគារកណ្តាលរបស់អឺរ៉ុប ECB ដែរ៕