(ភ្នំពេញ)៖ ប៉េសូ (Peso) គឺជាឈ្មោះរូបិយបណ្ណរបស់ប្រទេសមួយចំនួននៅឯតំបន់អាមេរិកឡាទីន ហើយនិងហ្វីលីពីន។ ពាក្យ «ប៉េសូ» នេះមានប្រភពដើមចេញពីភាសាអេស៉្បាញ ដែលមានន័យថា «ទម្ងន់»។ សម្រាប់ក្រុមប្រទេសនៅអាមេរិកឡាទីន លុយប៉េសូរបស់ពួកគេប្រើនិម្មិតសញ្ញាដូចដុល្លារដែរ គឺ «$» ខណៈនិម្មិតសញ្ញា «₱» ត្រូវបានប្រើប្រាស់នៅហ្វីលីពីន។
សព្វថ្ងៃនេះមានប្រទេសចំនួន៨ ដែលប្រើប្រាស់រូបិយបណ្ណហៅថា «ប៉េសូ»៖
១. អាហ្សង់ទីន (និម្មិតសញ្ញា $, Arg$ និងកូដសម្គាល់ ARS)
២. ស៊ីលី (និម្មិតសញ្ញា $, CLP$ និងកូដសម្គាល់ CLP)
៣. កូឡុំប៊ី (និម្មិតសញ្ញា $, Col$ និងកូដសម្គាល់ COP)
៤. គុយបា (និម្មិតសញ្ញា $, $MN និងកូដសម្គាល់ CUP)
៥. សាធារណរដ្ឋដូមីនីក (និម្មិតសញ្ញា $, RD$ និងកូដសម្គាល់ DOP)
៦. ម៉ិកស៊ិក (និម្មិតសញ្ញា $, Mex$ និងកូដសម្គាល់ MXN)
៧. អ៊ុយរូហ្កាយ (និម្មិតសញ្ញា $, $U និងកូដសម្គាល់ UYU)
៨. ហ្វីលីពីន (និម្មិតសញ្ញា ₱ និងកូដសម្គាល់ PHP)។
គួរបញ្ជាក់ថា ប្រទេសអាមេរិកឡាទីនមួយចំនួនទៀត ដូចជា បូលីវី កូស្តារីកា អេក្វាទ័រ អែលសាវ៉ាឌ័រ ក្វាតេម៉ាឡា ហុងឌូរ៉ាស ប៉ារ៉ាហ្កាយ ប៉េរូ វេណេស៊ុយអេឡាជាដើម ព្រមទាំងប្រទេសអេស៉្បាញក៏ធ្លាប់មានរូបិយបណ្ណឈ្មោះ «ប៉េសូ» ផងដែរ កាលពីអំលុងសតវត្សទី១៩-២០៕