(ភ្នំពេញ)៖ នៅលើលោកនេះ មានជនឧក្រិដ្ឋច្រើនណាស់ដែលបានបង្កវិនាសកម្មដល់ពិភពលោក ខណៈពួកខ្លះបានរត់គេចខ្លួនយ៉ាងជំនាញបន្ទាប់ពីត្រូវបានចោទប្រកាន់ដោយតុលាការ។ ដើម្បីតាមចាប់ ឬតាមផ្ដាច់ជីវិតពួកឧក្រិដ្ឋជនទាំងនោះ រដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏ដូចជារដ្ឋាភិបាលប្រទេសពាក់ព័ន្ធបានចំណាយលុយយ៉ាងច្រើនជាផ្នូរនឹងការកម្ចាត់ពួកគេ។
ខាងក្រោមនេះជាឧក្រិដ្ឋជនទាំង១០ដែលមានតម្លៃខ្លួនខ្ពស់ជាងគេជាថ្នូរនឹងការចាប់ខ្លួន ឬសម្លាប់៖
១០. Matteo Messina Denaro (ម៉ាត់តេអូ មេសស៉ីណា ដេណារ៉ូ) ជនជាតិអ៉ីតាលី តម្លៃតាមចាប់ខ្លួន ៤,៥០០,០០០ដុល្លារអាមេរិក។ ម្នាក់នេះជាបងធំក្រុមម៉ាហ្វ៉ីយ៉ានៅប្រទេសអ៉ីតាលី ដែលរដ្ឋាភិបាលតាមប្រមាញ់រាប់ឆ្នាំ។
៩. Joseph Kony (ចូសេហ្វ ខូនី) ជនជាតិអ៊ូហ្កង់ដា តម្លៃតាមចាប់ខ្លួន ៤,៩០០,០០០ដុល្លារអាមេរិក។ ចូសេហ្វ ខូនី ជាភេវរករម្នាក់ដែលបានបង្កើតកងទ័ពតស៊ូនៅប្រទេសអ៊ូហ្កង់ដា។
៨. Joaquin "El Chapo" Guzman (ហ័រគីន "អ៊ែល ឆាប៉ូ" ហ្កូស្មាន់) ជនជាតិម៉ិកស៉ិក តម្លៃតាមចាប់ខ្លួន ៥,០០០,០០០ដុល្លារអាមេរិក។ គេហៅម្នាក់នេះម្យ៉ាងទៀតថា El Chapo គឺជាមេក្លោងគ្រឿងញៀនដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោក និងជាមេដឹកនាំក្រុមឧក្រិដ្ឋកម្មអន្តរជាតិនៅប្រទេសម៉ិកស៉ិក។ អ៊ែល ឆាប៉ូ ត្រូវបានចាប់ខ្លួនលើកដំបូងនៅប្រទេសក្វាតេម៉ាឡានាឆ្នាំ១៩៩០ និងត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគារនៅម៉ិកស៉ិក។ ក្រោយហែកគុកប៉ុន្មានលើក អ៊ែ ឆាប៉ូ ត្រូវបានធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកនៅឆ្នាំ២០១៧ ហើយបច្ចុប្បន្នជាប់ពន្ធនាគារមួយជីវិតនៅទីនោះ។
៧. Pablo Escobar (ប៉ាប្លូ អេសកូបារ) ជនជាតិកូឡុំប៊ី តម្លៃតាមចាប់ខ្លួន ៦,២០០,០០០ដុល្លារអាមេរិក។ អេសកូបារ ជាឧក្រិដ្ឋជនគ្រឿងញៀនជើងខ្លាំងមួយនៅប្រទេសកូឡុំប៊ី ដែលមានទ្រព្យសម្បត្តិរាប់សិបពាន់លានដុល្លារបានពីការជួញដូរគ្រឿងញៀនរបស់ខ្លួន រហស្សនាមគឺ «ស្ដេចកាកូអ៉ីន»។ ឧក្រិដ្ឋជនរូបនេះត្រូវបានសម្លាប់នៅឆ្នាំ១៩៩៣។
៦. Mullah Mohammed Omar (មុលឡះ ម៉ូហាម៉េដ អូម៉ារ) ជនជាតិអាហ្វហ្កានីស្ថាន តម្លៃតាមចាប់ខ្លួន ១០,០០០,០០០ដុល្លារអាមេរិក។ ម៉ូហាម៉េដ អូម៉ារ គឺជាក្រុមឥស្លាមជ្រុលនិយម និងធ្លាប់ជាមេដឹកនាំក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាននាអំលុងទសវត្សឆ្នាំ១៩០០ដល់ឆ្នាំ២០០០ ដែលប្រឆាំងយ៉ាងស្វិតស្វាញជាមួយសហរដ្ឋអាមេរិក។ ឈ្មោះនិងហត្ថលេខារបស់មេដឹកនាំតាលីបង់រូបនេះត្រូវបានបញ្ជាក់នៅលើសេចក្ដីថ្លែងការណ៍រហូតដល់ឆ្នាំ២០១៥ ប៉ុន្តែគេសង្ស័យថា មុលឡះ ប្រហែលជាត្រូវស្លាប់តាំងពីមុននោះទៅទៀត។
៥. Adolf Hitler (អាដុហ្វ ហ៉ីត្លែរ) ជនជាតិអូទ្រីស-អាល្លឺម៉ង់ តម្លៃតាមសម្លាប់ ១៥,០០០,០០០ដុល្លារអាមេរិក។ អ្នកណាក៏ដឹងថាមនុស្សកំណាចរូបនេះ គឺជាអ្នកចាប់ផ្ដើមសង្គ្រាមលោកលើកទី២កាលពីឆ្នាំ១៩៣៩។
៤. Rafael Caro Quintero (រ៉ាហ្វែល ការ៉ូ គីនតេរ៉ូ) ជនជាតិម៉ិកស៉ិក តម្លៃតាមចាប់ខ្លួន ២០,០០០,០០០ដុល្លារអាមេរិក។ គីនតេរ៉ូ ជាមេឧក្រិដ្ឋកម្មគ្រឿងញៀននៅប្រទេសម៉ិកស៉ិកនាចុងទសវត្សឆ្នាំ១៩៧០។ គីនតេរ៉ូ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំ២០២២ នៅរដ្ឋស៉ីណាឡូអា ហើយកំពុងជាប់ឃុំនៅពន្ធនាគារ Altiplano របស់ម៉ិកស៉ិក។
៣. Shaikh Dawood Hasan Ibrahim Kaskar (សេក ដាវូដ ហាសាន អ៉ីប្រាហ៉ីម កាស្ការ) ជនជាតិឥណ្ឌា តម្លៃតាមចាប់ខ្លួន ២៥,០០០,០០០ដុល្លារអាមេរិក។ ម្នាក់នេះជាបងធំក្រុមក្មេងទំនើងម៉ាហ្វៀនៅប្រទេសឥណ្ឌា និងជាមេក្លោងនៅក្រោយអំពើភេរវកម្មនៅទីក្រុងម៉ុមបៃនាអំលុងទសវត្សឆ្នាំ១៩៧០។ លោកត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត ចាប់ជំរិត ជួញដូរគ្រឿងញៀន និងករណីល្មើសច្បាប់ផ្សេងទៀត ពិសេសគឺអំពើភេរវកម្ម។
២. Osama Bin Laden (អូសាម៉ា ប៊ីនឡាដិន) ជនជាតិអារ៉ាប៊ីសាអូឌីត តម្លៃតាមចាប់ខ្លួន ២៥,០០០,០០០ដុល្លារអាមេរិក។ អូសាម៉ា ប៊ីនឡាដិន ជាមេដឹកនាំដ៏ល្បីជាងគេបំផុតនៃក្រុមភេរវកម្មអាល់កៃដា (al-Qaeda) ដែលជាអ្នកបញ្ជាឱ្យមានការវាយប្រហារអគារពាណិជ្ជកម្មពិភពលោក និងកន្លែងផ្សេងទៀតនៅសហរដ្ឋអាមេរិក នាថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០០១។ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១១ អូសាម៉ា ប៊ីនឡាដិន ត្រូវបានកងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិកសម្លាប់នៅប្រទេសប៉ាគីស្ថាន។
១. Khalid Sheikh Mohammed (ខាលីដ សិក ម៉ូហាម៉េដ) ជនជាតិប៉ាគីស្ថាន តម្លៃតាមចាប់ខ្លួន ២៧,០០០,០០០ដុល្លារអាមេរិក។ ម្នាក់នេះជាជនសកម្មប្រយុទ្ធប៉ាគីស្ថាន និងជាសមាជិករបស់ក្រុមភេរវកម្មអាល់កៃដា (al-Qaeda) ដែលដឹកនាំដោយប៊ីនឡាដិន។ ខាលីដ សិក ម៉ូហាម៉េដ ត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០០៣ នៅប៉ាគីស្ថាន ហើយបច្ចុប្បន្នស្ថិតនៅមន្ទីរឃុំឃាំងក្វានតាណាម៉ូបេ (Guantanamo Bay) របស់សហរដ្ឋអាមេរិកនៅប្រទេសគុយបា។ ជននេះត្រូវបានចោទប្រកាន់ថា ពាក់ព័ន្ធនឹងអំពើភេរវកម្មវាយប្រហារអគារពាណិជ្ជកម្មភ្លោះពិភពលោក នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១៕