(ភ្នំពេញ)៖ ក្នុងប្រវត្តិសាស្រ្តរាប់ពាន់ឆ្នាំមកនេះ បើសរុបទៅគឺមានព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍ជាច្រើនអង្គដែលធ្លាប់គ្រប់គ្រងប្រទេសផ្សេងៗ ដោយអង្គខ្លះគ្រងរាជ្យបានយូរអង្វែងដល់រាប់ឆ្នាំ ខណៈអង្គខ្លះទៀតគឺគ្រងរាជ្យបានត្រឹមតែប៉ុន្មានថ្ងៃក៏មានដែរ។
ខាងក្រោមនេះគឺជាអង្គព្រះមហាក្សត្រនិងព្រះមហាក្សត្រិយ៍ទាំង១០ ដែលគ្រងរាជ្យបានយូរបំផុតក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត៖
១០. ម្ចាស់ក្សត្រិយ៍វិចតូរៀ (១៨៣៧-១៩០១)
ម្ចាស់ក្សត្រិយ៍វិចតូរៀ (Queen Victoria) គឺជាព្រះមហាក្សត្រិយ៍របស់ចក្រភពអង់គ្លេសដែលសោយរាជ្យចាប់ពីឆ្នាំ១៨៣៧ រហូតដល់ពេលទ្រង់សោយទិវង្គតនៅឆ្នាំ១៩០១ មានរយៈពេលសរុប៦៣ឆ្នាំនិង២១៦ថ្ងៃ គឺបានយូរជាងគេបង្អស់បើធៀបនឹងក្សត្រ-ក្សតិយ៍អង់គ្លេសពីមុនៗមក។ ក្នុងរជ្ជកាលរបស់ម្ចាស់ក្សត្រិយ៍វិចតូរៀ ចក្រភពអង់គ្លេសមានការប្រែប្រួលខ្លាំងខាងផ្នែកឧស្សាហកម្ម នយោបាយ វិទ្យាសាស្រ្ត និងយោធា ហើយជាពេលដែលចក្រភពនេះបានពង្រីកទឹកដីយ៉ាងធំសម្បើម។
៩. ព្រះចៅហ្វ៊ែឌីណង់ទី៣ (១៧៥៩-១៨២៥)
ព្រះចៅហ្វ៊ែឌីណង់ទី៣ (Ferdinand III) គឺព្រះមហាក្សត្រនៃរាជាណាចក្រស៉ីស៉ីលី (Sicily) ចាប់ពីឆ្នាំ១៧៥៩-១៨១៦ និងនៃរាជាណាចក្រស៉ីស៉ីលីទាំងពីរ (Two Sicillies) ចាប់ពីឆ្នាំ១៨១៦-១៨២៥ ដែលសព្វថ្ងៃជាទឹកដីស្ថិតនៅក្នុងនៃប្រទេសអ៉ីតាលី។ ព្រះចៅហ្វ៊ែឌីណង់ទី៣គ្រងរាជ្យបានរយៈពេល៦៥ឆ្នាំនិង៩០ថ្ងៃ។
៨. ព្រះចៅឆាន អ៉ីម៉ាក់ ក្អាវីល (៦២៨-៦៩៥)
ព្រះចៅឆាន អ៉ីម៉ាក់ ក្អាវីល (Chan Imix Kʼawiil) គឺជាស្តេចនៃនគរបុរាណមួយហៅថា កូប៉ាន (Copán) នៃអរិយធម៌ម៉ាយ៉ា (Maya) នៅតំបន់អាមេរិកឡាទីន ចាប់ពីឆ្នាំ៦២៨-៦៩៥។ ព្រះចៅឆាន អ៉ីម៉ាក់ ក្អាវីល គ្រងរាជ្យបានរយៈពេល៦៧ឆ្នាំនិង១៣០ថ្ងៃ។ ទឹកដីនគរនេះបច្ចុប្បន្នស្ថិតនៅភាគខាងលិចនៃប្រទេសហុងឌូរ៉ាស។
៧. ព្រះចៅហ្រ្វាន់ យ៉ូសេហ្វទី១ (១៨៤៨-១៩១៦)
ព្រះចៅហ្រ្វាន់ យ៉ូសេហ្វទី១ (Franz Joseph I) គឺជាអធិរាជនៃចក្រភពអូទ្រីសចាប់ពីឆ្នាំ១៨៤៨-១៨៦៧ ហើយក្រោយមកគឺនៃចក្រភពអូទ្រីស-ហុងគ្រីចាប់ពីឆ្នាំ១៨៦៧-១៩១៦។ ព្រះអង្គគ្រងរាជ្យបានរយៈពេល៦៧ឆ្នាំនិង៣៥៥ថ្ងៃ។
៦៖ ព្រះចៅឃ្នីនីច ចាណាអាប់ ប៉ាកាល់ទី១ (៦១៥-៦៨៣)
ព្រះចៅឃ្នីនីច ចាណាអាប់ ប៉ាកាល់ទី១ (K'inich Janaab' Pakal l) គ្រងរាជ្យលើនគរមួយនៃអរិយធម៌ម៉ាយ៉ាហៅថា ប៉ាលេនគី (Palenque) ចាប់ពីឆ្នាំ៦១៥-៦៨៣ មុនពេលដួលរលំនៅកំលុងសតវត្សទី៨។ អតីតទឹកដីរបស់នគរបុរាណនេះ បច្ចុប្បន្នស្ថិតក្នុងផ្នែកនៃប្រទេសម៉ិកស៉ិក។ រីឯរយៈពេលគ្រងរាជ្យរបស់ស្តេចអង្គនេះវិញគឺ៦៨ឆ្នាំនិង៣៣ថ្ងៃ។
៥. ព្រះចៅស៊ូលតង់ មូហាំម៉ាត់ ជីវ៉ា ហ្សៃណាល់ អាឌីលីនទី២ (១៧១០-១៧៧៨)
ព្រះចៅស៊ូលតង់ មូហាំម៉ាត់ ជីវ៉ា ហ្សៃណាល់ អាឌីលីនទី២ (Muhammad Jiwa Zainal Adilin II) គឺជាស៊ូលតង់នៃរដ្ឋកេដា (Kedah) ដែលដើមឡើយគឺជារដ្ឋឯករាជ្យមួយនៅឧបទ្វីបម៉ាឡេស៉ី ចាប់ពីឆ្នាំ១៧១០-១៧៧៨។ ទ្រង់គ្រងរាជ្យបានរយៈពេល៦៨ឆ្នាំនិង២២០ថ្ងៃ។
៤៖ ព្រះចៅយ៉ូហាន់ទី២ (១៨៥៨-១៩២៩)
ព្រះចៅយ៉ូហាន់ទី២ (Johann II) នៃប្រទេសលិចតិនស្តាញ ដែលជាប្រទេសអឺរ៉ុបតូចមួយនៅតំបន់ជួរភ្នំអាល់ (Alps) ចន្លោះប្រទេសអូទ្រីស និងប្រទេសស្វីស ហើយគ្រងរាជ្យបានរយៈពេល៧០ឆ្នាំនិង៩១ថ្ងៃ ចាប់ពីឆ្នាំ១៨៥៨-១៩២៩។
៣៖ ព្រះចៅភូមិពលអតុល្យតេជៈ (១៩៤៦-២០១៦)
អតីតមហាក្សត្ររបស់ប្រទេសថៃ ព្រះចៅភូមិពលអតុល្យតេជៈ ឬភូមិបុលអាប់ឌុលយ៉ាដេត (Bhumibol Adulyadej) បានធ្លាក់ទៅចំណាត់ថ្នាក់លេខ៣ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅពេលមហាក្សត្រីអង់គ្លេស អេលីហ្សាបេតទី២ គ្រងរាជ្យបានចំនួន៧០ឆ្នាំនិង១២៧ថ្ងៃ។ សម្រាប់រយៈពេលនៃការគ្រងរាជ្យរបស់ព្រះចៅភូមិបុល គឺមានរយៈពេល៧០ឆ្នាំនិង១២៦ថ្ងៃ ចាប់ពីឆ្នាំ១៩៤៦-២០១៦។
២៖ ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ (១៩៥២-២០២២)
អតីតមហាក្សត្រិយ៍របស់ចក្រភពអង់គ្លេស អេលីហ្សាបេតទី២ (Elizabeth II) គ្រងរាជ្យបានរយៈពេលសរុប៧០ឆ្នាំនិង២១៤ថ្ងៃ ក្រោយទ្រង់ទើបសោយទិវង្គតកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ។ ម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ឡើងសោយរាជ្យដំបូងក្នុងព្រះជន្មាយុ២៥ព្រះវស្សា កាលពីឆ្នាំ១៩៥២។
១៖ ព្រះចៅល្វីទី១៤ (១៦៤៣-១៧១៥)
ព្រះមហាក្សត្រដែលគ្រងរាជ្យបានយូរជាងគេបង្អស់ក្នុងកំណត់ត្រាប្រវត្តិសាស្រ្ត គឺព្រះចៅល្វីទី១៤ (Louis XIV) នៃប្រទេសបារាំង។ ក្រោយឡើងសោយរាជ្យតាំងពីព្រះជន្មត្រឹម៤ព្រះវស្សាប៉ុណ្ណោះនោះ ទ្រង់បានគង់លើរាជបល្ល័ង្កអស់រយៈពេល៧២ឆ្នាំនិង១១០ថ្ងៃ ចាប់ពីឆ្នាំ១៦៤៣-១៧១៥។ ព្រះអង្គក៏មានព្រះនាមល្បីសុះសាយជាក្សត្រសាងសង់ព្រះរាជវាំងវែរសៃ (Versailles) ផងដែរ៕