(ភ្នំពេញ)៖ យូហ្គោស្លាវី (Yugoslavia) គឺជាអតីតប្រទេសអឺរ៉ុបធំមួយស្ថិតនៅជាប់សមុទ្រអាឌ្រីយ៉ាទិច (Adriatic Sea) ហើយមានភាគខាងជើងជាប់ ប្រទេសអូទ្រីសនិងហុងគ្រី ព្រមទាំងភាគខាងត្បូងជាប់ប្រទេសក្រិក។ ប្រទេសយូហ្គោស្លាវីត្រូវបានបង្កើតឡើងដំបូងក្រោមឈ្មោះជាព្រះរាជាណាចក្រយូហ្គោស្លាវី (Kingdom of Yugoslavia) កាលពីឆ្នាំ១៩១៨ នៅពេលរដ្ឋតូចៗមួយចំនួនបានរួមបញ្ចូលគ្នានៅក្រោយសង្រ្គាមលោកលើកទី១ ហើយបន្ទាប់មកទៀតក៏ត្រូវបានប្តូរឈ្មោះមកត្រឹមយូហ្គោស្លាវី។
កាលពីអំលុងសង្រ្គាមលោកលើកទី២ យូហ្គោស្លាវីបានរងការឈ្លានពាននិងស្ថិតក្រោមការត្រួតត្រារបស់ក្រុមបក្សសម្ពន្ធត្រីភាគី។ នៅពេលសង្រ្គាមបញ្ចប់ទៅវិញ រដ្ឋាភិបាលមុនដែលនិរទេសខ្លួនត្រូវបានជំនួសដោយរដ្ឋាភិបាលសង្គមនិយម ដែលបានផ្លាស់ប្តូរឈ្មោះប្រទេសទៅជាសាធារណរដ្ឋប្រជាមានិតសហព័ន្ធយូហ្គោស្លាវី (Federal People's Republic of Yugoslavia) ក្នុងឆ្នាំ១៩៤៥។ ឈ្មោះនេះក៏ត្រូវបានបន្តប្តូរទៀតទៅជាសាធារណរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី (Socialist Federal Republic of Yugoslavia) នៅឆ្នាំ១៩៦៣។ ហ្សូស៉ីបប្រូ ទីតូ (Josip Broz Tito) គឺជាប្រធានាធិបតីដ៏ល្បីល្បាញរបស់សហព័ន្ធយូហ្គោស្លាវី។
ការជិះជាន់គាបសង្កត់របស់រដ្ឋាភិបាលកុម្មុយនិស្តយូហ្គោស្លាវីបានធ្វើឱ្យប្រជាជននាំគ្នាងើបរើបម្រះឡើងក្នុងទម្រង់ជាបាតុកម្មចាប់ពីឆ្នាំ១៩៦៨។ បន្ថែមពីនេះ ភាពតានតឹងរវាងក្រុមជាតិសាសន៍ខុសៗគ្នានៅក្នុងប្រទេសនេះ បូករួមទាំងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើង ដោយភាពប្រែប្រួលមិនទៀងទាត់នៃទីផ្សារប្រេងកំលុងទសវត្សឆ្នាំ១៩៧០ ក៏បានរុញច្រានយូហ្គោស្លាវីធ្លាក់ទៅក្នុងអស្ថិរភាពគ្រប់គ្រងលែងកើត។
មកដល់ឆ្នាំ១៩៩០ សង្រ្គាមយូហ្គោស្លាវីក៏បានផ្ទុះឡើងរវាងរដ្ឋាភិបាលកណ្តាល និងបណ្តារដ្ឋជាសមាជិក។ ក្នុងចំណោមនោះក្រូអាស៉ី និងស្លូវេនីបានប្រកាសឯករាជ្យដើម្បីផ្តាច់ខ្លួនដំបូងគេនៅឆ្នាំ១៩៩១ ហើយនៅត្រឹមឆ្នាំ២០០៨ យូហ្គោស្លាវីបានរំលាយសាបសូន្យ ដោយបែកខ្ញែកចេញជាប្រទេសចំនួន៦ ឬអាចនិយាយបានថា៧ផ្សេងគ្នា។
ប្រទេសបច្ចុប្បន្នដែលធ្លាប់ជាផ្នែកនៃប្រទេសយូហ្គោស្លាវី រួមមានដូចជា៖
១. ស្លូវេនី (Slovenia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩១។
២. ក្រូអាស៉ី (Croatia) ប្រកាសឯករាជ្យកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩១។
៣. ម៉ាសេដ្វានខាងជើង (North Macedonia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩១។
៤. បូស្នី-អ៊ែរហ្សេហ្គោវីន (Bosnia and Herzegovina) ប្រកាសឯករាជ្យកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ១៩៩២។
៥. ម៉ុងតេណេហ្គ្រោ (Montenegro) ប្រកាសឯករាជ្យកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០០៦។
៦. ស៊ែរប៊ី (Serbia) ប្រកាសឯករាជ្យកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០០៦។
៧. កូសូវ៉ូ (Kosovo) ប្រកាសឯករជ្យកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០០៨។
គួរបញ្ជាក់ថា ពីដំបូងឡើយ គឺម៉ុងតេណេហ្គ្រោនិងស៊ែរប៊ីបានផ្តាច់ខ្លួនចេញរួមគ្នាកាលពីឆ្នាំ១៩៩២ ទៅជាប្រទេសថ្មីមួយហៅថាសាធារណរដ្ឋសហព័ន្ធយូហ្គោស្លាវី (Federal Republic of Yugoslavia) ហើយក្រោយមកប្តូរទៅជាស៊ែរប៊ី និងម៉ុងតេណេហ្គ្រោវិញ ប៉ុន្តែមកដល់ឆ្នាំ២០០៦ ក៏បានបែកចេញជាប្រទេស២ដាច់ដោយឡែកតែម្តង។ រីឯកូសូវ៉ូ ទោះបីជាបានប្រកាសឯករាជ្យក៏ដោយក្តី ចេញពីស៊ែរប៊ីគឺមានការទទួលស្គាល់ពីប្រទេសត្រឹមជាង១០០ ប៉ុន្តែមិនត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិឡើយ។ ចំណែកម៉ាសេដ្វានខាងជើង គឺត្រូវបានប្តូរឈ្មោះពីម៉ាសេដ្វាន (Marcedonia) កាលពីឆ្នាំ២០១៩ ដោយសារតែឈ្មោះជាន់គ្នាជាមួយខេត្តមួយរបស់ប្រទេសក្រិក គឺខេត្តម៉ាសេដ្វាន ឬម៉ាសេដូនី៕