(ភ្នំពេញ)៖ សហរដ្ឋអាមេរិកជាប្រទេសដែលនាពេលបច្ចុប្បន្ន មានយន្តហោះផ្ទុកយន្តហោះចម្បាំងច្រើនដាច់គេ គឺចំនួន១១គ្រឿង។ នាវាទាំងនេះបានផ្តល់ការចូលរួមចំណែកយ៉ាងធំសម្បើមទៅក្នុងសមត្ថភាពរបស់យោធាអាមេរិក ដើម្បីបាចសាចអំណាចរបស់ខ្លួននៅទូទាំងពិភពលោក។ ភាគច្រើនពួកវាគឺត្រូវបានដាក់ឈ្មោះឱ្យតាមឈ្មោះប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ដែលទទួលបានការគោរពចំពោះកិច្ចខំប្រឹងប្រែងរួមចំណែករបស់ពួកគេនៅក្នុងកិច្ចកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។
១. នាវាផ្ទុកយន្តហោះចម្បាំង នីមីត (Nimitz) គឺយកឈ្មោះតាមអគ្គមេបញ្ជាការកងទ័ពជើងទឹកអាមេរិកប្រចាំតំបន់ប៉ាស៉ីហ្វិកកាលពីសម័យសង្រ្គាមលោកលើកទីពីរ គឺលោក ឆេស្ទើ ដាប់បេលយូ នីមីត (Chester W. Nimitz)។
២. នាវាផ្ទុកយន្តហោះចម្បាំង ដ្វៃ ឌី អ៉ីសិនហោវើ (Dwight D. Eisenhower)។ ឈ្មោះនេះគឺជារបស់ប្រធានាធិបតីអាមេរិកទី៣៤។ លោក អ៉ីសិនហោវើ ធ្លាប់បានបម្រើជាអគ្គមេបញ្ជាការកំពូលនៃកងកម្លាំងក្រុមសម្ពន្ធមិត្តនៅអឺរ៉ុបកាលពីអំលុងសង្រ្គាមលើកទី២ ហើយលោកមានឋានៈជានាយឧត្តមសេនីយ៍ផ្កាយ៥នៃកងទ័ពជើងគោករបស់អាមេរិក។
៣. នាវាផ្ទុកយន្តហោះចម្បាំង ខាល វិនសុន (Carl Vinson) ត្រូវបានដាក់ឈ្មោះតាមលោក ខាល វិនសុន ជាអតីតសមាជិកសភាអាមេរិកមកពីរដ្ឋចចជៀ (Georgia) ដើម្បីជាការគោរពទទួលស្គាល់ចំពោះកិច្ចខំប្រឹងប្រែងចូលរួមចំណែករបស់លោកទៅក្នុងកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក។
៤. នាវាផ្ទុកយន្តហោះចម្បាំង សៀរឌ័រ រូស្វែល (Theodore Roosevelt)។ វាជាឈ្មោះប្រធានាធិបតីទី២៦របស់សហរដ្ឋអាមេរិក ដែលជាអ្នកមាននិន្នាការគាំទ្រខ្លាំងចំពោះការពង្រឹងអំណាចយោធាជើងទឹករបស់អាមេរិក។
៥. នាវាផ្ទុកយន្តហោះចម្បាំង អាប្រាហាំ លីនខុន (Abraham Lincoln)។ នាវានេះគឺជានាវាយោធាអាមេរិកទី២ ដែលបានយកឈ្មោះតាមប្រធានាធិបតី១៦របស់សហរដ្ឋអាមេរិក។
៦. នាវាផ្ទុកយន្តហោះចម្បាំង ចច វ៉ាស៉ីនតោន (George Washington) ជានាវាយោធាអាមេរិកទី៤ ដែលត្រូវបានដាក់ឈ្មោះឱ្យតាមប្រធានាធិបតីអាមេរិកទី១ និងជាសហបិតាស្ថាបនិករបស់សហរដ្ឋអាមេរិក ព្រមទាំងជាអគ្គមេបញ្ជាការនៃកងទ័ពរដ្ឋទាំង១៣ កំលុងសង្រ្គាមបដិវត្តន៍អាមេរិក ដែលមានគោលដៅប្រកាសឯករាជ្យពីចក្រភពអង់គ្លេស។
៧. នាវាផ្ទុកយន្តហោះចម្បាំង ចន ស៉ី ស្ទេននីស (John C. Stennis)។ ឈ្មោះនាវាផ្ទុកយន្តហោះចម្បាំងនេះ គឺជាឈ្មោះរបស់អតីតសមាជិកព្រឹទ្ធសភាអាមេរិកដែលមកពីរដ្ឋមីស៉ីស៉ីពី (Mississippi)។
៨. នាវាផ្ទុកយន្តហោះចម្បាំង ហារីស អេស ទ្រូម៉ាន់ (Harry S. Truman) គឺត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតីអាមេរិកទី៣៣។
៩. នាវាផ្ទុកយន្តហោះចម្បាំង រ៉ូណាល់ រីហ្គែន (Ronald Reagan)។ ឈ្មោះវាជាឈ្មោះរបស់អតីតប្រធានាធិបតីអាមេរិក ដែលបានកាន់តំណែងចាប់ពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៩។
១០. នាវាផ្ទុកយន្តហោះចម្បាំង ចច អេច ដាប់បេលយូ ប៊ូស (George H.W. Bush)។ ឈ្មោះនេះយកតាមឈ្មោះប្រធានាធិបតីទី៤១របស់អាមេរិក ដែលជាអតីតនាយកទីភ្នាក់ងារចារកម្ម CIA ហើយក៏ធ្លាប់ជាអ្នកបើកយន្តហោះរបស់យោធាជើងទឹកអាមេរិក កាលពីសម័យសង្រ្គាមលោកលើកទី២ថែមទៀតផង។
១១. នាវាផ្ទុកយន្តហោះចម្បាំង ចឺរ៉ាល់ អ័រ ហ្វដ (Gerald R. Ford) ត្រូវបានដាក់ឈ្មោះតាមប្រធានាធិបតីទី៣៨របស់អាមេរិក។ កាលពីសម័យសង្រ្គាមលោក លោក ហ្វដ ក៏ធ្លាប់បម្រើការជានាវិកនៅលើនាវាផ្ទុកយន្តហោះចម្បាំងខ្នាតតូចឈ្មោះ ម៉ុនតេរី (Monterey) ក្នុងតំបន់ប៉ាស៉ីហ្វិកផងដែរ៕