(ភ្នំពេញ)៖ នៅលើពិភពលោក ការបើកបរយានជំនិះប្រកាន់ស្តាំគឺត្រូវបានអនុវត្តនៅតាមប្រទេសនិងដែនដីសរុបដល់ទៅ១៦៥ ក្នុងនោះរួមមានទាំងកម្ពុជាយើងផងដែរ ខណៈមានប្រទេសនិងដែនដីតែ៧៥ប៉ុណ្ណោះដែលអនុវត្តការបើកបរដោយប្រកាន់ឆ្វេង។

សម្រាប់នៅតំបន់អាមេរិក ប្រទេសដែលបើកបរប្រកាន់ឆ្វេង រួមមានប្រទេសដីកោះមួយចំនួននៅតំបន់សមុទ្រការីបង់ ព្រមទាំងប្រទេសហ្គីយ៉ាន (Guyana) និងសូរីណាម (Suriname) នៅអាមេរិកខាងត្បូង។ រីឯនៅទ្វីបអាហ្រ្វិក ការបើកបរប្រកាន់ឆ្វេងត្រូវបានអនុវត្តនៅតាមក្រុមប្រទេសមួយចំនួននៅតំបន់ភាគខាងត្បូង ភាគអាគ្នេយ៍ និងភាគខាងកើតនៃទ្វីបនេះ។

ដោយឡែក សព្វថ្ងៃមានប្រទេសអឺរ៉ុបតែចំនួន៤ប៉ុណ្ណោះ ដែលនៅបន្តប្រើប្រាស់គោលការណ៍បើកបរយានជំនិះដោយប្រកាន់ឆ្វេង ហើយសុទ្ធតែជាប្រទេសដីកោះគឺចក្រភពអង់គ្លេស អៀរឡង់ ស៉ីប (Cyprus) និងម៉ាល់ត៍ (Malta)។ ចំណែកបណ្តាប្រទេសនៃតំបន់អាស៉ីខាងត្បូងក៏សុទ្ធតែអនុវត្តការបើកបរប្រកាន់ឆ្វេងដែរ រួមមានប៉ាគីស្ថាន ឥណ្ឌា នេប៉ាល់ ប៊ូតង់ បង់ក្លាដែស ក៏ដូចជាម៉ាល់ឌីវ។ សម្រាប់នៅតំបន់អាស៉ីខាងកើតមានប្រទេសជប៉ុន រួមជាមួយទីក្រុងហុងកុងនិងទីក្រុងម៉ាកាវនៃប្រទេសចិន ដែលបើកបរយានជំនិះដោយប្រកាន់គោលការណ៍បែបនេះ។

គួរបញ្ជាក់ថា បើក្រឡេកមើលតំបន់អាស៉ីអាគ្នេយ៍វិញ ប្រទេសដែលបើកបរយានយន្តប្រកាន់ឆ្វេង រួមមានថៃ ម៉ាឡេស៉ី សិង្ហបុរី ព្រុយណេ ឥណ្ឌូណេស៉ី និងទីម័រខាងកើត។ ជាមួយគ្នានេះ ប្រទេសប៉ាពូអាស៉ីនូវែលហ្គីណេ អូស្រ្តាលី និងនូវែលសេឡង់ និងប្រទេសដីកោះមួយចំនួននៅតំបន់ប៉ាស៉ីហ្វិក ក៏អនុវត្តគោលការណ៍បើកបរប្រកាន់ឆ្វេងផងដែរ៕