(ភ្នំពេញ)៖ មតិភាគច្រើនបានកត់ចំណាំឃើញថា ឈ្មោះសម្គាល់នៃយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក គឺសុទ្ធតែជាអក្សរ F ដូចជា F-15, F-16, F-18, F-22 និង F-35 ជាដើម។ ដោយឡែកបើងាកទៅមើលចិនវិញ គឺយន្តហោះចម្បាំងមានឈ្មោះជាអក្សរ J រួមមាន J-10, J-11, J-16 និង J-20 ជាដើម។ ចំណែករុស្ស៉ី គឺយន្តហោះចម្បាំងភាគច្រើនមានឈ្មោះជាអក្សរអង់គ្លេសពីរតួ Su ដូចជា Su-27, Su-30, Su-34, Su-35 និង Su-57 ជាដើម។ តើប្រទេសមហាអំណាចយោធាទាំង៣នេះដាក់ឈ្មោះយន្តហោះចម្បាំងរបស់ខ្លួនតាមរបៀបណា?

១. សហរដ្ឋអាមេរិក

ការប្រើអក្សរដើម្បីដាក់ឈ្មោះឱ្យយន្តហោះយោធាអាមេរិកនីមួយៗ គឺតំណាងឱ្យប្រភេទនិងតួនាទីនៃយន្តហោះទាំងនោះ។ ដូចក្នុងករណីយន្តហោះចម្បាំងអាមេរិក ដែលសុទ្ធតែមានឈ្មោះជាអក្សរ F យ៉ាងដូច្នេះ គឺដោយសារ F ស្មើនឹងពាក្យ Fighter ដែលមានន័យថា «យន្តហោះចម្បាំង»។ តួយ៉ាងយន្តហោះទម្លាក់គ្រាប់បែកអាមេរិក គឺមានឈ្មោះជាអក្សរ B ស្មើនឹងពាក្យ Bomber, យន្តហោះដឹកជញ្ជូនប្រើអក្សរ C ស្មើនឹងពាក្យ Cargo ហើយយន្តហោះល្បាតប្រើអក្សរ P ស្មើនឹងពាក្យ Patrol ជាដើម។

សម្រាប់ករណីនៅពេលយន្តហោះយោធាទាំងនោះមិនមែនជាយន្តហោះធម្មតាៗ គឺជាដ្រូនឬឧទ្ធម្ភាគចក្រនោះ អាមេរិកប្រើអក្សរ Q ឬអក្សរ H សម្រាប់បញ្ជាក់បន្ថែម ជាហេតុនាំឱ្យដ្រូនយោធាអាមេរិកសុទ្ធតែមានភ្ជាប់នូវអក្សរ Q ដូចជា MQ និង RQ។ រីឯអក្សរ M និង R នៅជាប់អក្សរ Q គឺតំណាងឱ្យតួនាទីនៃដ្រូនទាំងនោះ ដែលអក្សរ M ស្មើនឹងពាក្យ Multirole មានន័យតួនាទីចម្រុះ ខណៈអក្សរ R ស្មើនឹងពាក្យ Reconnaissance មានន័យថា «ឈ្លបការណ៍»

ចំណែកឧទ្ធម្ភាគចក្រយោធាអាមេរិកវិញ គឺសុទ្ធតែមានភ្ជាប់ជាមួយអក្សរ H ដូចជា AH ប្រភេទវាយប្រហារគោលដៅលើដី, CH ប្រភេទដឹកជញ្ជូន, SH ប្រភេទប្រឆាំងនាវាមុជទឹក, RH ប្រភេទឈ្លបការណ៍, UH ប្រភេទពហុមុខងារ និង HH ប្រភេទរុករក-ជួយសង្រ្គោះជាដើម។ និយាយរួមទៅនៅពេលយើងយល់ពីន័យរបស់អក្សរនៃឈ្មោះយន្តហោះយោធាទាំងនោះ គឺគ្រាន់តែឃើញឈ្មោះក៏យើងអាចដឹងពីប្រភេទក៏ដូចជាមុខងាររបស់ពួកវាយ៉ាងងាយ។

២. ចិន

ការដាក់ឈ្មោះយន្តហោះយោធារបស់ប្រទេសចិន គឺតាមពិតដូចទៅនឹងសហរដ្ឋអាមេរិកដែរ។ យ៉ាងណាក្តីអក្សរអង់គ្លេសនីមួយៗដែលចិនប្រើសម្រាប់ការដាក់ឈ្មោះ គឺតំណាងឱ្យពាក្យជាភាសាចិនផ្ទាល់ គ្រាន់តែសរសេរជាអង់គ្លេស។ តួយ៉ាងការប្រើអក្សរ J សម្រាប់សម្គាល់យន្តហោះចម្បាំងចិន គឺបានមកពីពាក្យចិនសរសេរជាអង់គ្លេស Jianjiji (ជានឈីឈី) ស្មើនឹងពាក្យ Fighter ឬយន្តហោះចម្បាំងដែរ។ រីឯយន្តហោះដឹកជញ្ជូន គឺប្រើអក្សរ Y មកពីពាក្យថា Yunshuji (វ្យានស្ស៊ូឈី) ស្មើនឹងពាក្យអង់គ្លេស Transport (ដឹកជញ្ជូន), យន្តហោះទម្លាក់គ្រាប់បែកប្រើអក្សរ H មកពីពាក្យ Hongzhaji (ហុងចាឈី) ស្មើនឹងពាក្យអង់គ្លេស Bomber ខណៈឧទ្ធម្ភាគចក្រប្រើអក្សរ Z មកពីពាក្យ Zhishengji (ជីស្សឹងឈី) ស្មើនឹងពាក្យ Helicopter។

៣. រុស្ស៉ី

ផ្ទុយពីសហរដ្ឋអាមេរិកនិងចិន រុស្ស៉ីដាក់ឈ្មោះយន្តហោះយោធារបស់ខ្លួន ដោយប្រើអក្សរកាត់ពីរតួដំបូងនៃឈ្មោះក្រុមហ៊ុនដែលផលិតយន្តហោះទាំងនោះ។ ដូច្នេះហើយយន្តហោះចម្បាំងរុស្ស៉ីដែលមានឈ្មោះដូចជា Su-27, Su-30, Su-34, Su-35, Su-57 ជាដើមនោះ គឺជាផលិតផលរបស់ក្រុមហ៊ុនឈ្មោះថា Sukhoi (ស៊ុកហ៊ួយ)។ រីឯក្រុមយន្តហោះចម្បាំងល្បីមួយទៀតរបស់រុស្ស៉ី គឺក្រុម MiG ជាផលិតផលរបស់ក្រុមហ៊ុន Mikoyan (មីកូយ៉ាន) ដែលកាលពីសម័យសហភាពសូវៀតមានឈ្មោះថា Mikoyan-Gurevich (មីកូយ៉ាន-ហ្គូរីវិច)។

យន្តហោះយោធារុស្ស៉ីដែលគេនិយមឃើញផ្សេងៗទៀត រួមមានពួកយន្តហោះដឹកជញ្ជូនប្រភេទ An ដែលផលិតដោយក្រុមហ៊ុន Antonov (អាន់តូណូវ) និងប្រភេទ Il ដែលជាផលិតផលរបស់ក្រុមហ៊ុន Ilyushin (អ៉ីល្យូស្ស៉ីន) ហើយនិងពួកយន្តហោះទម្លាក់គ្រាប់បែកធុន Tu-22M, Tu-95 និង Tu-160 ដែលផលិតដោយក្រុមហ៊ុន Tupolev (តូប៉ូឡេវ)។ ចំណែកឧទ្ធម្ភាគចក្ររុស្ស៉ីវិញ គឺពួក Mi ដែលជាផលិតផលរបស់ក្រុមហ៊ុន Mil (ម៉ីល)៕