(ភ្នំពេញ)៖ បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាបានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ នោះគឺនៅដើមសម័យអង្គរក្នុងរជ្ជកាលព្រះបាទឥន្ទ្រវម៌្មទី១ សោយរាជ្យនៅរាជធានីហរិហរាល័យ ចាប់ពីឆ្នាំគ្រិស្តសករាជ៨៧៧-៨៨៩។

យោងតាមសិលាចារិកបានសរសេរថា ព្រះបាទឥន្ទ្រវម៌្មទី១បានរៀបចំព្រះរាជពិធីឆ្លងប្រាសាទព្រះគោនៅថ្ងៃច័ន្ទ ទី២៥ ខែមករា ឆ្នាំ៨៨០ ហើយបើតាមជំនឿគឺដើម្បីឱ្យមានប្រាសាទទិព្វផុសឡើងនៅឋានព្រះឥសូរ សម្រាប់ថ្វាយដល់បុព្វការីជនរបស់ព្រះអង្គដែលបានចែកឋានទៅ។

អ្នកប្រវត្តិសាស្ត្របានអះអាងថា ពិធីឆ្លងខាងលើគឺជាលិទ្ធិព្រលឹងដែលបន្តមកដល់សព្វថ្ងៃ ហើយក្លាយជាប្រពៃណីរៀបចំនៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌរបស់ខ្មែរសព្វថ្ងៃ។

សូមជម្រាបថា ប្រាសាទព្រះគោត្រូវបានប្រជាជននាសម័យក្រោយដាក់ឈ្មោះថា «ប្រាសាទព្រះគោ» ដោយយោងទៅតាមរូបសំណាក់ព្រះគោចំនួនបីក្រាបនៅចំពីមុខប្រាង្គទាំងបីនៃប្រាសាទនេះ។ ប៉ុន្តែតាមពិតប្រាសាទនេះមានឈ្មោះដើមជាភាសាសំស្រ្កឹតថា «ស្រីបរមេស្វរ»

ប្រាង្គសំខាន់ទាំង៦ដែលតំណាងឱ្យបុព្វការីជនរបស់ព្រះបាទឥន្ទ្រវម៌្មទី១៖
* ប្រាង្គកណ្ដាលមុខតំណាងឱ្យព្រះបរមេស្វរៈ (ព្រះបាទជយវម៌្មទី២)។
* ប្រាង្គកណ្ដាលក្រោយតំណាងឱ្យព្រះធរណីន្ទ្រទេវី (ព្រះមហេសីរបស់ព្រះបាទជយវម៌្មទី២)។
* ប្រាង្គខាងជើងមុខតំណាងឱ្យព្រះរុទ្រេស្វរៈ ត្រូវជាជីតារបស់ព្រះបាទឥន្ទ្រវម៌្មទី១។
* ប្រាង្គខាងជើងក្រោយតំណាងឱ្យព្រះរាជេន្ទ្រទេវី ត្រូវជាជីដូន។
* ប្រាង្គខាងត្បូងមុខតំណាងឱ្យព្រះបឫថិវិន្ទ្រេស្វរៈ ត្រូវជាបិតារបស់ព្រះបាទឥន្ទ្រវម៌្មទី១។
* ប្រាង្គខាងត្បូងក្រោយតំណាងឱ្យព្រះបឫថិវិន្ទ្រទេវី ត្រូវជាមាតា។

ទីតាំងប្រាសាទព្រះគោស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ប្រសិនបើធ្វើដំណើរពីភ្នំពេញអ្នកដំណើរត្រូវបត់ចេញពីផ្លូវជាតិលេខ៦ចូលទៅកាន់ប្រាសាទបាគង នៅពេលជិតដល់ប្រាសាទបាគង អ្នកដំណើរនឹងឃើញប្រាសាទព្រះគោនៅខាងស្ដាំដៃ៕