(ភ្នំពេញ)៖ នៅពេលយើងនិយាយដល់ពាក្យថា «ប្រទេស» គឺមានធាតុសំខាន់ៗ៤ នោះគឺទឹកដី ប្រជាជន រដ្ឋាភិបាល និងអធិបតេយ្យភាព ខណៈប្រទេសនីមួយៗគឺតែងមានរាជធានីឬរដ្ឋធានី ទីក្រុង ខេត្ត ស្រុកជាដើម ប្រទេសខ្លះក៏មានតំបន់រដ្ឋបាលពិសេស និងតំបន់រដ្ឋបាលស្វយ័តទៅទៀត ប៉ុន្តែក៏មានប្រទេសមួយចំនួនដែលមានត្រឹមទីក្រុងមួយប៉ុណ្ណោះ។ ប្រទេសបែបនេះគេហៅថា បុរីរដ្ឋ ឬទីក្រុងដែលមានអធិបតេយ្យភាព និងឯករាជ្យភាពពេញលេញ។
* តើពេលបច្ចុប្បន្នមាន «បុរីរដ្ឋ» ចំនួនប៉ុន្មាននៅលើពិភពលោក?
ក្នុងប្រវត្តិសាស្រ្ត បុរីរដ្ឋបែបនេះជាច្រើនខុសៗគ្នាបានកកើតឡើងនិងរលាយបាត់ទៅវិញ ហើយពួកវាត្រូវគេជឿថាបានប្រភពដើមដំបូងកាលពីពេលដែលប្រព័ន្ធកុលសម្ពន្ធបានដួលរលំ ហើយផ្តល់កំណើតដល់បុរីរដ្ឋផ្សេងៗអំលុងសម័យក្រិកបុរាណនៅចន្លោះឆ្នាំ១០០០-៨០០មុនគ្រិស្តសករាជ។ អាតែន ស្ប៉ាតា ថេសសឺលី គឺជាឧទាហរណ៍នៃបុរីរដ្ឋដែលល្បីបំផុត។ យ៉ាងណាមិញនៅសម័យបច្ចុប្បន្ននេះគឺមានបុរីរដ្ឋតែ៣ប៉ុណ្ណោះ គឺម៉ូណាកូ សិង្ហបុរី និងវ៉ាទីកង់។
១៖ ម៉ូណាកូ
ម៉ូណាកូ (Monaco) គឺជាប្រទេសតូចជាងគេលំដាប់ទី២លើពិភពលោក និងមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសបារាំង ជាប់សមុទ្រម៉េឌីទែរ៉ាណេ។ ប្រទេសមានទំហំផ្ទៃដីត្រឹមតែ២.១គីឡូម៉ែត្រក្រឡាប៉ុណ្ណោះ និងមានប្រជាជនរស់នៅជិត៤០,០០០នាក់។ ប្រទេសម៉ូណាកូប្រកាន់របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ តែមានព្រះអង្គម្ចាស់ជាប្រមុខរដ្ឋ មិនមែនមហាក្សត្រនោះទេ។ ម៉ូណាកូត្រូវគេទទួលស្គាល់ថាជាកន្លែងមួយដែលថ្លៃខ្លាំង និងសម្បូរទៅដោយអ្នកមានទ្រព្យសម្បត្តិ។ ប្រភពចំណូលចម្បងរបស់ប្រទេសដ៏តូចនេះ គឺវិស័យទេសចរណ៍។
២៖ សិង្ហបុរី
សិង្ហបុរី (Singapore) គឺជាបុរីរដ្ឋដែនកោះតែមួយគត់នៅលើពិភពលោក។ សិង្ហបុរីធ្លាប់ស្ថិតក្រោមការគ្រប់គ្រងរបស់ជ្វា ម៉ាឡេ ចក្រភពអង់គ្លេស ជប៉ុន និងម៉ាឡេស៉ីជាដើម មុនក្លាយជារដ្ឋអធិបតេយ្យដូចសព្វថ្ងៃ។ ប្រទេសដីកោះមួយនេះមានផ្ទៃដីជិត៧៣០គីឡូម៉ែត្រក្រឡា និងប្រជាជនរស់នៅប្រហែលជាង៥លាននាក់។ សិង្ហបុរីស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី និងនាយករដ្ឋមន្រ្តី ហើយជាប្រទេសដែលមានសេដ្ឋកិច្ចយ៉ាងរឹងមាំមួយ។
៣៖ បុរីវ៉ាទីកង់
បុរីវ៉ាទីកង់ (Vatican City) គឺជាបុរីរដ្ឋតូចជាងគេបំផុតលើលោក ដែលមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងរ៉ូមនៃប្រទេសអ៉ីតាលី។ បុរីរដ្ឋនេះមានផ្ទៃដីត្រឹមតែ០.៤៤គីឡូម៉ែត្រក្រឡា និងប្រជាជនជាង៨០០នាក់ប៉ុណ្ណោះ។ បុរីវ៉ាទីកង់បានក្លាយជាប្រទេសឯករាជ្យដាច់ដោយឡែកពីប្រទេសអ៉ីតាលី តាមរយៈសន្ធិសញ្ញាឡាទែរ៉ាន់ (Lateran) កាលពីឆ្នាំ១៩២៩ ហើយស្ថិតក្រោមការគ្រប់គ្រងអំណាចផ្តាច់មុខដោយសម្តេចប៉ាប។ ចំណូលរបស់វ៉ាទីកង់ពឹងផ្អែកលើការចូលទស្សនារបស់ភ្ញៀវទេសចរ និងការឧបត្ថម្ភពីសំណាក់សាសនិករាប់រយលាននាក់របស់ព្រះវិហារកាតូលិក៕