(ភ្នំពេញ)៖ Central Intelligence Agency គឺជាឈ្មោះពេញនៃទីភ្នាក់ងារចារកម្មរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលគេហៅថា «CIA»។ បង្កើតឡើងនៅឆ្នាំ១៩៤៧ CIA មានប្រភពចេញពីទីភ្នាក់ងារចារកម្មអាមេរិក សម្រាប់សង្រ្គាមលោកលើកទីពីរហៅថា Office Strategic Servives (OSS)។ មុនពេលមានទីភ្នាក់ងារ CIA និង OSS ការងារចារកម្មនៅក្រៅប្រទេស និងការទប់ទល់ចារកម្មពីបរទេស ត្រូវបានធ្វើឡើងដោយយោធាអាមេរិកនិង ទីភ្នាក់ងារស៉ើបអង្កេត ឬប៉ូលិសសហព័ន្ធរបស់អាមេរិកហៅថា Federal Bureau of Investigation (FBI) ប៉ុន្តែការងារនោះពុំបានប្រព្រឹត្តទៅដោយរលូនឡើយ។
* ការចាប់កំណើតរបស់ CIA
សហរដ្ឋអាមេរិកគឺជាមហាអំណាចចុងក្រោយគេ បើនិយាយពីការបង្កើតទីភ្នាក់ងារចារកម្ម ដែលទទួលបន្ទុកប្រមូលព័ត៌មានសម្ងាត់ សម្រាប់ថ្នាក់ដឹកនាំប្រទេស។ ជាការពិត គឺរហូតទាល់តែដល់ឆ្នាំ១៩៤២ ទើបអាមេរិកមានទីភ្នាក់ងារចារកម្មច្បាស់លាស់មួយ។ នៅមុនឆ្នាំ១៩៤២ ការងារចារកម្មអាមេរិក ត្រូវបានធ្វើឡើងដោយខាងកងទ័ពជើងទឹកផង ទ័ពជើងគោកផង និងទីភ្នាក់ងារ FBI ផងរបស់អាមេរិក។ ប្រការនេះបានធ្វើឲ្យពេលខ្លះមានភាពជាន់គ្នា ខ្វះការសម្របសម្រួល និងកើតគំនិតប្រកួតប្រជែងគ្នាជាដើម។ តួយ៉ាង ដោយសារតែវិវាទរវាងកងទ័ព ជើងគោក និងជើងទឹកអាមេរិក ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt មិនត្រូវបានជូនព័ត៌មានសម្ងាត់សំខាន់អំពីប្រទេស ជប៉ុនឡើយ នៅប៉ុន្មានខែមុនពេលជប៉ុនឆ្មក់វាយប្រហារលើ មូលដ្ឋានយោធាជើងទឹកអាមេរិកនៅ Pearl Harbor កាលពីខែធ្នូ ឆ្នាំ១៩៤១។
នៅខែមិថុនា ឆ្នាំ១៩៤២ លោក Roosevelt ក៏បានបង្កើតទីភ្នាក់ងារចារកម្ម OSS ឡើង។ អំឡុងសង្រ្គាមលោកលើកទី២ ទីភ្នាក់ងារ OSS ដែលមានបុគ្គលិកប្រហែល ១២,០០០នាក់ បានប្រមែប្រមូល និងវិភាគព័ត៌មាននៅតាមតំបន់នានានៅលើពិភពលោក ដែលយោធាអាមេរិកធ្វើប្រតិបត្តិការ។ មុនពេលក្រុមសម្ព័ន្ធមិត្ត (The Allies) លើកកម្លាំងដ៏ធំសម្បើមឈ្លានពានតំបន់ឆ្នេរ Normandy កាលពីខែមិថុនា ឆ្នាំ១៩៤៤ OSS មានចារជនច្រើនជាង៥០០នាក់ ដែលធ្វើសកម្មភាពនៅក្នុងប្រទេសបារាំង ដែលកាលនោះស្ថិតក្រោមការកាន់កាប់របស់អាល្លឺម៉ង់។
ក្នុងរបាយការណ៍របស់ទីភ្នាក់ងារ OSS រួមមានទាំងរបាយការណ៍ដែលវាយតម្លៃលើវិស័យឧស្សាហកម្ម និងសមត្ថភាពធ្វើសង្រ្គាមរបស់អាល្លឺម៉ង់ ព្រមទាំងរបាយការណ៍ដែលវាយតម្លៃផ្នែកចិត្តសាស្រ្តលើមេដឹកនាំផ្តាច់ការអាល្លឺម៉ង់ លោក Adolf Hilter ថែមទៀតផង ជាមួយការសន្និដ្ឋានថា លោក Hilter ទំនងជានឹងសម្លាប់ខ្លួនប្រសិនបើអាល្លឺម៉ង់ចាញ់សង្រ្គាម។ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៤៥ លោក Hilter ក៏បានធ្វើអត្តឃាតប្រាកដមែន គឺមួយសប្តាហ៍មុនអាល្លឺម៉ង់ ប្រកាសព្រមចាញ់សង្រ្គាមជាផ្លូវការ។ យ៉ាងណាក្តី ទោះ OSS បានធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ក៏ដោយទីភ្នាក់ងារចារកម្មនេះ ត្រូវបានរំលាយចោលក្រោមប្រធានាធិបតីអាមេរិក លោក Harry S. Truman នៅពេលសង្រ្គាមលោកទីពីរ ត្រូវបានបិទបញ្ចប់។
ប៉ុន្តែនៅឆ្នាំ១៩៤៦ លោក Truman បានទទួលស្គាល់ពីតម្រូវការចាំបាច់នៃទីភ្នាក់ងារចារកម្ម ដែលមានការសម្របសម្រួលត្រឹមត្រូវមួយ ហើយលោកក៏បានសម្រេច ចេញបញ្ជាឲរៀបចំបង្កើតទីភ្នាក់ងារចារកម្ម ដែលប្រមូលបុគ្គលិកសំខាន់ៗពី OSS យកមកវិញ។ នៅឆ្នាំ១៩៤៧ សភាអាមេរិកបានអនុម័តច្បាប់សន្តិសុខជាតិ ដែលផ្តល់កំណើតឲ្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក NSC ហើយនៅក្រោមនោះគឺទីភ្នាក់ងារ CIA។ CIA របស់អាមេរិកភាគច្រើនត្រូវគេប្រៀបប្រដូចទៅនឹងទីភ្នាក់ងារចារកម្ម របស់សហភាពសូវៀត KGB។
ប៉ុន្តែខុសពី KGB គឺទីភ្នាក់ងារ CIA ត្រូវបានច្បាប់សន្តិសុខជាតិអាមេរិក ហាមឃាត់មិនឲ្យធ្វើសកម្មភាពចារកម្ម នៅក្នុងទឹកដីរបស់សហរដ្ឋអាមេរិកផ្ទាល់ឡើយ ពោលគឺប្រតិបត្តិការរបស់ CIA ត្រូវធ្វើឡើងនៅក្រៅប្រទេស។ ផ្ទុយទៅវិញប្រតិបត្តិការភាគច្រើនរបស់ទីភ្នាក់ងារ KGB ត្រូវបានធ្វើឡើងនៅក្នុងសហភាពសូវៀតតែម្តង ហើយប្រឆាំងទៅលើប្រជាជនសូវៀតផ្ទាល់។ KGB ត្រូវបានរំលាយចោលនៅឆ្នាំ១៩៩១ ក្រោយសហភាពសូវៀតដួលរលំ។
* រចនាសម្ព័ន្ធនិងភារកិច្ចរបស់ CIA
ទីភ្នាក់ងារ CIA ដឹកនាំដោយនាយកម្នាក់ និងនាយករងម្នាក់ ក្នុងចំណោមអ្នកទាំងពីរអាចមានម្នាក់ជាមន្រ្តីយោធា។ រហូតដល់ឆ្នាំ២០០៤ នាយក CIA ហៅថា Director of Central Intelligence (DCI) មានភារកិច្ចគ្រប់គ្រងចាត់ចែងលើ សកម្មភាពប្រមែប្រមូល ព័ត៌មានសម្ងាត់ទាំងអស់របស់សហរដ្ឋអាមេរិក។ ប៉ុន្តែក្រោយពេលមានច្បាប់ Intelligence Reform and Terrorism Prevention Act នៅឆ្នាំ២០០៤ ក៏មានការតែងតាំងជាលើកដំបូងនូវនាយកស៉ើបការសម្ងាត់ជាតិហៅថា Director of National Intelligence (DNI) កាលពីឆ្នាំ២០០៥ ជំនួស DCI ដែលមានភារកិច្ចសម្របសម្រួលសកម្មភាព របស់បណ្តាទីភ្នាក់ងារអាមេរិក ទាំងអស់ ដែលពាក់ព័ន្ធក្នុងការធ្វើចារកម្ម រួមទាំង CIA ផងដែរ។
ចាប់តាំងពីពេលមាន DNI មកនាយក CIA បានដកខ្លួនទៅបម្រើជាប្រមុខទីប្រឹក្សាផ្នែកចារកម្មក្បែរប្រធានាធិបតីអាមេរិក ហើយជារឿយៗគឺជាមនុស្សជំនិតបំផុតម្នាក់ របស់ប្រធានាធិបតី។ នាយក CIA មួយចំនួនធ្លាប់បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្តល់ទម្រង់ឲ្យគោលនយោបាយការបរទេសអាមេរិក ដូចជា លោក Allen W. Dulles កំឡុងរដ្ឋបាលប្រធានាធិបតី Dwight D. Eisenhower (១៩៥៣-៦១) និងលោក William Casey កំឡុងរដ្ឋបាលលោក Ronald Reagan (១៩៨១-៨៩)។
ទីភ្នាក់ងារ CIA ត្រូវបានបែងចែកជា៤នាយកដ្ឋានធំៗ។ នាយកដ្ឋានការណ៍សម្ងាត់ មានតួនាទីវិភាគលើព័ត៌មានសំខាន់ៗ ដែលប្រមូលបានតាមរយៈវិធីសាស្រ្តបើកចំហ ដូចជាពីប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាដើម និងតាមរយៈវិធីសាស្រ្តមិនបើកចំហ ដូចជាពីក្រុមភ្នាក់ងាររបស់ CIA ពីរូបភាពផ្កាយរណប និងពីការលបស្តាប់សំឡេងសន្ទនាតាមទូរស័ព្ទ ក៏ដូចជាមធ្យោបាយទំនាក់ទំនងដទៃៗទៀត។
នាយកដ្ឋានប្រតិបត្តិការ មានតួនាទីស៉ើបយកព័ត៌មាន និងធ្វើប្រតិបត្តិការសម្ងាត់ពិសេស ដែលភាគច្រើនត្រូវគេចាត់ទុកថា អសីលធម៌ និងខុសច្បាប់ ដូចជាការបង្កើតឲ្យមានចលនាបះបោរ ដើម្បីផ្តួលរំលំរដ្ឋាភិបាលប្រទេសណាមួយជាដើម។ នាយកដ្ឋានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា មានភារកិច្ចផ្តល់ការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដល់ទីភ្នាក់ងារ CIA និងធ្វើការប្រតិបត្តិការលក្ខណៈបច្ចេកទេស។ នាយកដ្ឋាននេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរចនាផ្កាយរណបស៉ើបការណ៍ និងការស្កាត់ស្តាប់ប្រព័ន្ធទំនាក់ទំនងរបស់ប្រទេសដទៃ។
ចុងក្រោយគេគឺនាយកដ្ឋានរដ្ឋបាល ដែលទទួលបន្ទុកលើផ្នែកហិរញ្ញវត្ថុ និងបញ្ហាដែលទាក់ទងជាមួយបុគ្គលិករបស់ CIA ផ្ទាល់។ ក្នុងនាយកដ្ឋាននេះក៏មានការិយាល័យសន្តិសុខ ដែលមានតួនាទីធានាសុវត្ថិភាពដល់បុគ្គលិក ក៏ដូចជាការពារព័ត៌មានសម្ងាត់របស់ CIA និងស្វែងរកគិញសម្ងាត់នៅក្នុង CIA ផងដែរ។
* សកម្មភាពរបស់ CIA
ការបញ្ចេញឯកសារសម្ងាត់ជាបន្តបន្ទាប់ពីសំណាក់រដ្ឋាភិបាលអាមេរិក បានឲ្យយើងអាចដឹងអំពីសកម្មភាពជាច្រើន របស់ទីភ្នាក់ងារចារកម្ម CIA ដែលក្នុងនោះមានទាំងភាពជោគជ័យ និងបរាជ័យ។ ការប្រមូលនិងវិភាគព័ត៌មានរបស់ CIA មានសារសំខាន់ជាខ្លាំងសម្រាប់ការចរចា សន្ធិសញ្ញាគ្រប់គ្រងសព្វាវុធ រវាងសហរដ្ឋអាមេរិក និងសហភាពសូវៀត កាលពីសម័យសង្រ្គាមត្រជាក់ និងសម្រាប់ការកំណត់យុទ្ធសាស្រ្តរបស់អាមេរិក កំឡុងវិបត្តិមីស៉ីលគុយបាឆ្នាំ១៩៦២។ អំឡុងទសវត្សរ៍ឆ្នាំ១៩៧០ និងទសវត្សរ៍ឆ្នាំ១៩៨០ ក្រុមចារជន CIA ដែលបង្កប់ខ្លួននៅក្នុងជួរយោធា និងទីភ្នាក់ងារ KGB របស់សូវៀត បានផ្តល់ព័ត៌មានជាច្រើនអំពីទីតាំងយោធា និងឧស្សាហកម្មរបស់សូវៀត។
អំឡុងសម័យសង្រ្គាមត្រជាក់ប្រតិបត្តិការបច្ចេកទេសរបស់ CIA រួមមានទាំងការបង្កប់ឧបករណ៍ស្តាប់សំឡេង នៅតាមខ្សែបណ្តោញទំនាក់ទំនងធំៗរបស់យោធាសូវៀត នៅឯអាល្លឺម៉ង់ខាងកើត និងការអភិវឌ្ឍយន្តហោះឈ្លបការណ៍ដូចជា U-2 និងផ្កាយរណបស៉ើបការណ៍ដែលមានសមត្ថភាពផ្តិតយករូបភាពបានល្អៗជាដើម។ ការឈ្លបការណ៍ពីលើអាកាស និងទីអវកាស ដោយយន្តហោះ និងផ្កាយរណបបានជួយឲ្យអាមេរិក ដឹងមុនអំពីគម្រោងដាក់ពង្រាយមីស៉ីល របស់សូវៀតនៅគុយបា និងការអភិវឌ្ឍមីស៉ីលថ្មីៗនៅសហភាពសូវៀត។
ក្នុងចំណោមប្រតិបត្តិការសម្ងាត់ ដែលធ្វើឡើងនាយកដ្ឋានប្រតិបត្តិការរបស់ CIA វិញ រួមមានការផ្តួលរំលំនាយករដ្ឋមន្រ្តីអ៉ីរ៉ង់ លោក ម៉ូហាំម៉ាត់ ម៉ូសាដឌីគ (Mohammad Mosaddeq) និងការស្តាររបបរាជានិយមអ៉ីរ៉ង់ ស្សាហ៍ (Shah) ឡើងវិញនៅឆ្នាំ១៩៥៣, ការធ្វើរដ្ឋប្រហារយោធាផ្តួលរំលំ ប្រធានាធិបតីឆ្វេងនិយមនៃប្រទេសក្វាតេម៉ាឡា នៅតំបន់អាមេរិកកណ្តាលគឺលោក យ៉ាកូបូ អាប៊ែន (Jacobo Arbenz) ដែលជាប់ឆ្នោតដោយត្រឹមត្រូវតាមលទ្ធិប្រជាធិបតេយ្យ នៅឆ្នាំ១៩៥៤។
CIA ក៏បានផ្តល់ការជ្រោមជ្រែងផ្នែកហិរញ្ញវត្ថុដល់ក្រុមមន្រ្តីយោធា ដែលមានផែនការក្បត់ប្រឆាំងរដ្ឋាភិបាលប្រធានាធិបតីឈីលី លោក សាល់វ៉ាឌ័រ អាឡិន (Salvador Allende) មុនពេលមានរដ្ឋប្រហារយោធានៅទីនោះ នៅឆ្នាំ១៩៧៣ផងដែរ។ ចំណែកនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៨០ គឺការផ្តល់សព្វាវុធនិងការបង្វឹកដល់ក្រុមសកម្មប្រយុទ្ធ មូចាហ៉ីឌីន (Mujahideen) ដែលតតាំងជាមួយរដ្ឋាភិបាលកុម្មុយនិស្តអាហ្វហ្គានីស្ថាន ដែលមានសូវៀតជាខ្នងបង្អែក រួមជាមួយការបង្កើត ការផ្តល់អាវុធ និងការបង្វឹកក្រុមចលនាឧទ្ទាម កុនត្រា (Contra) ដើម្បីផ្តួលរំលំរដ្ឋាភិបាល សាន់ឌីនីស្តា (Sandinista) នៅប្រទេសនីការ៉ាហ្កា នៅតំបន់អាមេរិកកណ្តាល។
ទោះប្រតិបត្តិការសម្ងាត់ជាច្រើនរបស់ CIA ទទួលបានជោគជ័យធំធេងក៏ដោយ CIA ក៏ធ្លាប់បានជួបប្រទះ នូវរឿងបរាជ័យមួយចំនួនដែរ ដូចជាប្រតិបត្តិការឈ្លានពានដែលបរាជ័យនៅច្រកសមុទ្រជ្រូក ដោយក្រុមនិរទេសជនគុយបា ដែលគាំទ្រដោយ CIA ប្រឆាំងនឹងមេដឹកនាំ គុយបា លោក ហ្វីឌែល កាស្រ្តូ (Fidel Castro)។ ការប្រមូលព័ត៌មានខុស កំឡុងយុទ្ធនាការទម្លាក់គ្រាប់បែករបស់អង្គការ NATO លើសហភាពយូហ្គោស្លាវី (Yugoslavia) ឆ្នាំ១៩៩៩ ដែលធ្វើឲ្យស្ថានទូតចិន នៅក្រុងប៊ែលហ្រ្កាដ (Belgrade) រងការបំផ្លិចបំផ្លាញ។ CIA ក៏បានទទួលបរាជ័យយ៉ាងអាម៉ាស់ជាច្រើនលើក ក្នុងការព្យាយាមធ្វើឃាតលោក Fidel Castro អំឡុងទសវត្សរ៍ឆ្នាំ១៩៦០ផងដែរ។
ក្រោយការដួលរំលំនៃសហភាពសូវៀតនៅឆ្នាំ១៩៩១ ទីភ្នាក់ងារ CIA បានផ្លាស់ប្តូរការផ្តោតសំខាន់របស់ខ្លួន។ ខណៈធនធានជាងពាក់កណ្តាលរបស់ទីភ្នាក់ងារចារកម្មនេះ នៅមុនឆ្នាំ១៩៩០ ត្រូវបានផ្តោតទៅលើសកម្មភាព ដែលពាក់ព័ន្ធសហភាពសូវៀតក៏ដោយ នៅក្នុងសម័យក្រោយសង្រ្គាមត្រជាក់ CIA បានបង្កើនការផ្តោតសំខាន់ទៅលើក្រុមភេរវកម្ម និងអង្គការឧក្រិដ្ឋជនអន្តរជាតិ។ ក្រៅពីនេះ CIA ក៏បានប្រឹងប្រែងប្រមែប្រមូល និងវិភាគព័ត៌មានអំពីការរីកសាយ នៃអាវុធនុយក្លេអ៊ែរផងដែរ។ ចំណែកផ្កាយរណបស៉ើបការណ៍ ដែលត្រូវបានប្រើប្រាស់ផ្តាច់មុខនាពេលកន្លងមក សម្រាប់តែគោលដៅយោធា គឺពេលខ្លះត្រូវបានប្រើសម្រាប់កិច្ចការដទៃទៀត ទាក់ទងនឹងគ្រោះហន្តរាយផ្នែកបរិស្ថាន និងការរំលោភបំពានសិទ្ធិមនុស្សជាដើម។
អំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ទីភ្នាក់ងារ CIA បានគាំទ្រប្រតិបត្តិការយោធាអាមេរិកនៅតំបន់បាល់កាននៃទ្វីបអឺរ៉ុប និងនៅតំបន់មជ្ឈិមបូព៌ា។ ក្រោយមហាភេរវកម្ម «១១ កញ្ញា ២០០១» ដោយក្រុមអាល់កៃដា CIA បានជួយអាមេរិក ក្នុងការចូលឈ្លានពានអាហ្វហ្គានីស្ថាន។ CIA ក៏បានអនុវត្តយុទ្ធនាការធ្វើឃាត ឬចាប់ខ្លួនទ្រង់ទ្រាយធំ ប្រឆាំងសមាជិកអាល់កៃដាផងដែរ។ ដ្បិត CIA ត្រូវបានហាមឃាត់ដោយប្រធានាធិបតីអាមេរិកលោក ចឺរ៉ាល់ អរ ហ្វដ (Gerald R. Ford) នៅឆ្នាំ១៩៧៦ មិនឲ្យមានប្រតិបត្តិការធ្វើឃាត រដ្ឋាភិបាលលោក ចច ដាបេលយូ ប៊ូស (George W. Bush) (២០០១-២០០៩) បានលើកឡើងថា បម្រាមនេះមិនមានសុពលភាពពេលសង្រ្គាមឡើយ ដូច្នេះ CIA អាចសម្លាប់ក្រុមភេរវករអាល់កៃដា ទាំងឡាយណា ដែលគំរាមកំហែងដល់សហរដ្ឋអាមេរិក។ ចំណែករដ្ឋបាលលោក បារ៉ាក់ អូបាម៉ា ដែលបន្តពីលោក Bush ក៏មានការយល់ឃើញដូចគ្នាដែរ។
ការត្រៀមលក្ខណៈរួចជាស្រេចដើម្បីធ្វើឃាតរបស់ CIA ត្រូវបានបង្ហាញឲ្យឃើញកាលពីឆ្នាំ២០១១ តាមរយៈការសម្លាប់មេដឹកនាំអាល់កៃដា លោក អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) ដែលជាមេក្លោងនៃភេរវកម្ម «១១/កញ្ញា» ដោយកងកម្លាំងពិសេសរបស់អាមេរិក ដែលស្ថិតក្រោមការបញ្ជាដឹកនាំរបស់ CIA ។ ប៉ុន្តែភាគច្រើនគឺ CIA សម្លាប់សមាជិកអាល់កៃដា តាមរយៈការប្រើមីស៉ីលវាយប្រហារពីយន្តហោះដ្រូន។ មិនតែប៉ុណ្ណោះយុទ្ធនាការរបស់ CIA ប្រឆាំងនឹងអាល់កៃដា ក៏រួមមានការធ្វើទារុណកម្ម និងការឃុំឃាំងជនសង្ស័យភេរវកម្ម ដោយពុំមានពេលកំណត់ច្បាស់លាស់ ថែមទៀតផង។
* ការរិះគន់និងការវាយតម្លៃលើ CIA
ទីភ្នាក់ងារ CIA ក៏បានទទួលរងការរិះគន់មិនតិចផងដែរ ដោយសារការធ្វើប្រតិបត្តិការសម្ងាត់ដែលអសីលធម៌ ឬក៏ខុសច្បាប់តែម្តង នៅក្រោមច្បាប់អន្តរជាតិ , ដោយសារការរក្សាទំនាក់ទំនងជិតស្និទ្ធិជាមួយក្រុមរំលោភបំពានសិទ្ធិមនុស្ស និងក្រុមឧក្រិដ្ឋជនផ្សេងៗ, ដោយសារភាពបរាជ័យក្នុងការធានាការពារនូវប្រតិបត្តិការរបស់ខ្លួន ហើយបើគិតចាប់តាំងពីឆ្នាំ២០០១វិញ គឺដោយសារការចាប់ជំរិត ការធ្វើទារុណកម្ម និងឃុំឃាំង ជនបរទេសដោយខុសច្បាប់ជាដើម។
CIA ជារឿយៗត្រូវក្រុមអ្នករិះគន់ខ្លួនយល់ឃើញថា ជាទីភ្នាក់ងារចារកម្មមួយដែលធ្វើប្រតិបត្តិការសម្ងាត់ ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលអាមេរិក។ ប៉ុន្តែការយល់ឃើញនេះគឺមិនត្រឹមត្រូវនោះទេ ព្រោះថារាល់ប្រតិបត្តិការសម្ងាត់ទាំងអស់របស់ CIA សុទ្ធតែត្រូវមានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាលអាមេរិក។ បន្ទាប់ពីទទួលបានការអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខជាតិ គម្រោងសម្រាប់ធ្វើប្រតិបត្តិការសម្ងាត់នានា ត្រូវបញ្ជូនទៅកាន់គណៈកម្មាធិការនៃព្រឹទ្ធសភា និងសភាតំណាងរាស្រ្តអាមេរិក ដែលទទួលខុសត្រូវលើប្រតិបត្តិការរបស់ CIA។ រីឯ បច្ចេកទេសនៃការធ្វើទារុណកម្មដែល CIA ប្រើលើជនសង្ស័យភេរវកម្ម ក៏ត្រូវបានរដ្ឋាភិបាលប្រកាសទទួលស្គាល់ថា ស្របច្បាប់ដែរ។
គួរជម្រាបថា មកទល់ពេលនេះ ទីភ្នាក់ងារចារកម្មអាមេរិក CIA មានអាយុកាលជាង៧០ឆ្នាំហើយ ដោយបច្ចុប្បន្ននាយករបស់ទីភ្នាក់ងារនេះ គឺលោក វីលៀម ជេ បឺន (William J. Burns) នៅក្រោមរដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន៕