(ភ្នំពេញ)៖ មានមនុស្សភាគច្រើនណាស់ដែលយល់ថា «សត្វទីទុយ» អាចងាកកងាកក្បាលបាន៣៦០ដឺក្រេ ប៉ុន្តែមតិមួយចំនួនទៀត គឺមិនយល់ស្របនឹងការយល់ឃើញនេះឡើយ រហូតដល់មានការសិក្សាស្រាវជ្រាវថ្មីរបស់អ្នកវិទ្យាសាស្ត្រ ហើយក៏បានបង្ហាញនូវភស្ដុតាង និងអំណះអំណាងថ្មីសម្រាប់បំភ្លឺចំពោះការមន្ទិលសង្ស័យ និងភាពមិនប្រាកដប្រជានេះ។
តាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រ «សត្វទីទុយពុំអាចងាកក្បាលបានជុំវិញនោះឡើយ ដោយវាអាចងាកបានត្រឹមតែ២៧០ដឺក្រេប៉ុណ្ណោះ»។
អ្វីដែលមនុស្សយើងមើលឃើញថាវាអាចងាកក្បាលបាន៣៦០ដឺក្រេនោះ អាចមកពីមានការភ័ន្តច្រឡំតាមរយៈការមើលដោយភ្នែកទទេ។ អ្នកវិទ្យាសាស្ត្របានបកស្រាយថា ការដែលសត្វទីទុយអាចធ្វើបែបនោះបាន គឺដោយសារតែឆ្អឹងខ្នង និងសាច់ដុំផ្នែកពិសេស រួមទាំងឆ្អឹងកងទាំង១៤កង់របស់វាដែលធម្មជាតិបានរចនាមកជាពិសេសឱ្យ បានជួយឱ្យឆ្អឹងអាចផ្លាស់ទីបានដោយសេរី។ ម្យ៉ាងទៀតក៏ដោយសារស្លាបដែលធំជាងខ្លួនទាំងសងខាង និងរោមដ៏ក្រាសរបស់វាជួយបំភ័ន្តភ្នែកយើងផងដែរ។
អ្នកវិទ្យាសាស្ត្របានពន្យល់ទៀតថា ដោយសារសត្វទីទុយពុំអាចរើគ្រាប់ភ្នែកបាន ទើបធម្មជាតិផ្តល់លក្ខណៈពិសេសខាងលើនេះឱ្យពួកវាវិញ ដូច្នេះប្រសិនបើពួកវាចង់សម្លឹងទៅទិសផ្សេងមួយទៀត ពួកវាត្រូវតែងាកក្បាលទាំងមូលជំនួស។ ភ្នែកទាំងសងខាងរបស់សត្វទីទុយត្រូវសម្លឹងត្រង់ទៅខាងមុខ ដើម្បីអាចមើលឃើញអ្វីមួយបាន។ ខុសពីភ្នែកមនុស្ស ភ្នែករបស់សត្វទីទុយមើលឃើញអ្វីមួយបានត្រឹមតែ «ត្រីវិមាត្រ ឬ 3D» ប៉ុណ្ណោះ ប៉ុន្តែលក្ខណៈនេះគឺជាគុណសម្បត្តិដ៏ពិសេស ដើម្បីប្រមាញ់រកចំណីនៅពេលយប់។ ភ្នែករបស់សត្វទីទុយមានលក្ខណៈមូលទ្រវែង គឺដើម្បីឱ្យកញ្ចក់ភ្នែកមានទំហំកាន់តែធំ។ ភ្នែករបស់ពួកវាអាចចាប់ពន្លឺបានលឿនរហ័សជាងភ្នែកមនុស្សយើងដល់ទៅ១០០ដងឯណោះ។ ពួកវាអាចមើលឃើញកណ្ដុរនៅលើដីបានក្នុងរយៈកម្ពស់៤៥ម៉ែត្រ ទោះបីជានៅក្នុងមជ្ឈដ្ឋានពន្លឺភ្លឺរ៉ឹមៗស្មើនឹងពន្លឺទៀនមួយដើមក៏ដោយ៕