(ភ្នំពេញ)៖ ផែនទីចំណាស់ៗមួយចំនួនត្រូវបានគេរកឃើញថាអាចមានអាយុកាលតាំងពីឆ្នាំ១៦៥០០មុនគ្រិស្តសករាជ ហើយរហូតដល់សតវត្សទី៦មុនគ្រិស្ដសករាជ ទើបជនជាតិក្រិកបុរាណចាប់ផ្ដើមគូរផែនទីពិភពលោកនៅលើក្រដាសដំបូងគេបង្អស់។ ក្រោយមកទៀត ផែនទីពិភពលោកក៏មានការកែសម្រួលជាបន្តបន្ទាប់រហូតដល់ពេលបច្ចុប្បន្ន ប៉ុន្តែតើអ្នកដឹងទេថា ប្រទេសកម្ពុជាយើងត្រូវបានបញ្ចូលទៅក្នុងផែនទីពិភពលោកដំបូងនៅឆ្នាំណា?
នៅសម័យអាណានិគមអឺរ៉ុប ពិសេសគឺពួកអាណានិគមចាស់ៗ ដូចជា ព័រទុយហ្កាល់ អេស្ប៉ាញ ហូឡង់ជាដើម ពួកគេបានមកដល់តំបន់អាស៉ីអាគ្នេយ៍មុនគេបង្អស់ ដោយនៅគ្រិស្ដសករាជ១៤៩៨ កងទ័ពរបស់ព័រទុយហ្កាល់បានចូលឈ្លានពានរដ្ឋហ្គោអា (Goa) របស់ឥណ្ឌា និងបានបន្តមកដល់ទឹកដីអាស៉ីអាគ្នេយ៍នៅគ្រិស្ដសករាជ១៥១១ ដើម្បីច្បាំងដណ្ដើមយកក្រុងម៉ាឡាកា។
នៅអំលុងចុងសតវត្សទី១៥ និងសតវត្សទី១៦នេះ ប្រទេសកម្ពុជាកំពុងស្ថិតក្នុងចន្លោះចុងសម័យចតុមុខ និងដើមសម័យលង្វែក ដែលកំពុងវឹកវរដោយសារសង្គ្រាមជាមួយគ្នាឯងផង និងសង្គ្រាមជាមួយសៀមនៅអយុធ្យាផង។
ពួកបស្ចិមលោកចាប់ផ្ដើមមានទំនាក់ទំនងលើកដំបូងជាមួយអាណាចក្រខ្មែរ គឺចាប់ពីដើមសតវត្សទី១៦ ពោលគឺនៅចុងរជ្ជកាលព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) និងដើមរជ្ជកាលព្រះបាទស្រីជេដ្ឋា-ស្ដេចកន (១៥១២-១៥២៥)។ ពួកអឺរ៉ុបចូលចិត្តរស់នៅប្រទេសកម្ពុជា និងបានកត់ត្រារឿងរ៉ាវជាច្រើនអំពីកម្ពុជាផងដែរ។ នៅគ្រិស្ដសករាជ១៥១១ ពួកព័រទុយហ្កាល់បានកត់ត្រាឈ្មោះប្រទេសកម្ពុជាចូលទៅក្នុងសៀវភៅរបស់ពួកគេ។ លុះដល់គ្រិស្ដសករាជ១៥២៧ ពួកគេបានគូរផែនទីប្រទេសកម្ពុជាទៅក្នុងផែនទីសមុទ្រ និងកំពង់ផែសំខាន់ៗ ដោយបានសរសេរឈ្មោះប្រទេសកម្ពុជាថា «Cambuxa»។
អ្នកប្រវត្តិសាស្ត្របានកត់ត្រាទុកថា នៅគ្រិស្ដសករាជ១៥១៥ ព្រះបាទចន្ទរាជា (១៥១៥-១៥៦៦) បានបញ្ជាទិញកាំភ្លើងធំ (Canon) ចំនួន១៥០គ្រឿង និងស្នាពិសេសចំនួន២,០០០ដើម ព្រមទាំងគ្រឿងសាស្ត្រាវុធទាន់សម័យមួយចំនួនទៀត ដើម្បីច្បាំងជាមួយកងទ័ពព្រះបាទស្រីជេដ្ឋា-ស្ដេចកន។ រហូតដល់គ្រិស្ដសករាជ១៥២៥ ទើបព្រះបាទចន្ទរាជាទទួលបានជ័យជម្នះលើព្រះបាទស្រីជេដ្ឋា ហើយក៏បានប្ដូររាជធានីទៅតាំងនៅក្រុងលង្វែក បច្ចុប្បន្នស្ថិតក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
នៅដើមសម័យលង្វែកនេះ ប្រទេសកម្ពុជាចាប់ផ្ដើមពង្រឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយពួកព័រទុយហ្កាល់ និងបន្តមានទំនាក់ទំនងជាមួយពួកអាណានិគមអឺរ៉ុបផ្សេងទៀត ដូចជា ហូឡង់ បារាំងជាដើម។
សូមជម្រាបថា នៅសម័យក្រោយៗមកទៀត ពេលខ្លះប្រទេសកម្ពុជាត្រូវបានពួកអឺរ៉ុបសរសេរនៅលើផែនទីថា «Camboya»៕