(ភ្នំពេញ)៖ យន្តហោះដឹកអ្នកដំណើរតួខ្លួនធំប្រភេទ Widebody ដំបូងបំផុតរបស់ពិភពលោក គឺ Boeing 747 ត្រូវបានផលិតឡើង ដោយក្រុមហ៊ុនផលិតយន្តហោះអាមេរិក Boeing កាលពីឆ្នាំ១៩៧០។ រយៈពេលជាង៥០ឆ្នាំក្រោយមក ឧស្សាហកម្មអាកាសចរណ៍ពោរពេញទៅដោយយន្តហោះអ្នកដំណើរតួខ្លួនប្រភេទនេះ ដែលផលិតដោយក្រុមហ៊ុនផលិតយន្តហោះធំបំផុតទាំង២ នោះគឺ Boeing និងក្រុមហ៊ុនអឺរ៉ុប Airbus។

សព្វថ្ងៃយន្តហោះដឹកអ្នកដំណើរប្រភេទ Widebody ប្រហែល៤,៨០០គ្រឿង កំពុងស្ថិតក្រោមការប្រើប្រាស់នៅជុំវិញពិភពលោក ខណៈចំនួននេះត្រូវគេរំពឹងថានឹងបន្តកើនឡើងដល់ខ្ទង់៧,០០០គ្រឿង ក្នុងអំលុងទសវត្សរ៍ខាងមុខ។ ចំណែកកាលពីឆ្នាំ២០០៧ Airbus បានបញ្ចេញយន្តហោះ ដែលអាចផ្ទុកអ្នកដំណើរច្រើនបំផុតរបស់ពិភពលោក គឺ A380-800។

ខាងក្រោមនេះ គឺយន្តហោះដឹកអ្នកដំណើរធំៗបំផុតទាំង១០ ដែលផ្អែកលើសមត្ថភាពផ្ទុកចំនួនកៅអីអង្គុយរបស់ពួកវា៖

១០. Airbus A330-300

វាគឺជាយន្តហោះដំបូងគេនៃត្រកូល A330 ដែលបានធ្វើការហោះហើរជាលើកដំបូង កាលពីឆ្នាំ១៩៩៤។ យន្តហោះនេះ បច្ចុប្បន្ន​កំពុងត្រូវបានប្រើប្រាស់ដោយ ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន រួមមានទាំង Cathay Pacific, China Airlines, Korean Air និង Virgin Atlantic ជាដើម។ វាអាចផ្តល់កន្លែងអង្គុយជាអតិបរមាបានចំនួនសរុប ៤៤០កៅអី តែបើអាស្រ័យលើការបែងចែកកន្លែងអង្គុយរវាង​ក្រុមអ្នកដំណើរ៣ប្រភេទវិញនោះ គឺរវាង First Class, Business Class, Economy Class គឺវាអាចផ្តល់កន្លែងអង្គុយបានចន្លោះ ២៥០-២៩០កៅអី។ A330-300 មានបណ្តោយប្រវែង៦៣.៦៩ម៉ែត្រ, កម្ពស់១៧ម៉ែត្រ និងប្រវែងពីចុងស្លាបម្ខាងទៅម្ខាងគឺ ៦០.៣ម៉ែត្រ។

៩. Airbus A340-300

យន្តហោះនេះបានចាប់ផ្តើមការហោះហើរលើកដំបូងកាលពីឆ្នាំ១៩៩១។ មកទល់ឥឡូវវានៅសល់ប្រហែល៥៤គ្រឿង ដែលកំពុង​បន្តធ្វើប្រតិបត្តិការនៅលើពិភពលោក ហើយក្រុមហ៊ុនអាកាសចរណ៍ដែលប្រើប្រាស់យន្តហោះនេះ រួមមានទាំង Lufthansa របស់អាល្លឺម៉ង់។ A340-300 អាចផ្តល់កន្លែងអង្គុយអតិបរមា៤៤០កៅអី ខណៈបើបែងចែកតាមក្រុមអ្នកដំណើរ៣ប្រភេទវិញនោះ គឺបានចន្លោះ២៥០-២៩០កៅអី។ វាមានបណ្តោយប្រវែង៦៣.៦៩ម៉ែត្រ, កម្ពស់១៧ម៉ែត្រ និងប្រវែងពីចុងស្លាបម្ខាងទៅម្ខាង៦០.៣ម៉ែត្រ។

៨. Airbus A340-500

A340-500 ត្រូវបានបង្ហាញខ្លួនជាលើកដំបូងកាលពីឆ្នាំ២០០២ ដែលមានសមត្ថភាពផ្តល់កន្លែងអង្គុយជាអតិបរមាចំនួន៤៤០កៅអី និងបានចន្លោះ២៧០-៣១០កៅអី បើបែងចែករវាងក្រុមអ្នកដំណើរ៣ប្រភេទ។ បច្ចុប្បន្នមាន A340-500 តែចំនួន១គ្រឿងប៉ុណ្ណោះ ដែលកំពុងស្ថិតក្រោមការប្រើប្រាស់ គឺដោយក្រុមហ៊ុនអាកាសចរណ៍ Azerbaijan Air របស់អាស៊ែបៃហ្សង់។ វាមានបណ្តោយប្រវែង៦៨ម៉ែត្រ, កម្ពស់១៧.៥៣ម៉ែត្រ និងពីចុងស្លាបម្ខាងទៅម្ខាង៦៣.៤៥ម៉ែត្រ។

៧. Boeing 777-200LR

យន្តហោះនេះបានបង្ហាញខ្លួនលើកដំបូង នៅឆ្នាំ២០០៦ ហើយអាកាសចរណ៍ដូចជា Air Canada, Emirates និង Qatar Airways កំពុងបន្តប្រើប្រាស់វា។ យន្តហោះម៉ូដែលនេះ អាចផ្តល់កន្លែងអង្គុយ៤៤០កៅអីជាអតិបរមា និងបាន៣១៧កៅអី នៅពេលបែងចែក​រវាងក្រុមអ្នកដំណើរ២ប្រភេទគឺ Business Class និង Economy Class។ វាមានបណ្តោយប្រវែង៦៣.៧ម៉ែត្រ, កម្ពស់១៨.៦ម៉ែត្រ និងពីចុងស្លាបម្ខាងទៅម្ខាង៦៤.៨ម៉ែត្រ។

៦. Airbus A350-900

វាជាយន្តហោះជំនាន់ដំបូងនៃត្រកូល A350 ដែល Airbus អភិវឌ្ឍឡើងដើម្បីប្រកួតប្រជែងជាមួយ Boeing 787 Dreamliner។ កន្លែងអង្គុយអតិបរមារបស់យន្តហោះនេះ គឺ៤៤០កៅអី ខណៈក្រោយការបែងចែករវាងក្រុមអ្នកដំណើរ៣ប្រភេទគឺបានចន្លោះ ៣០០-៣៥០កៅអី។ អាកាសចរណ៍ដែលប្រើយន្តហោះនេះ រួមមាន Singapore Airlines, Delta Airlines, Qatar Airways និង Cathay Pacific។ វាមានបណ្តោយប្រវែង៦៦.៨ម៉ែត្រ, កម្ពស់១៧.០៥ម៉ែត្រ និងប្រវែងលាតសន្ធឹងនៃស្លាប ៦៤.៧៥ម៉ែត្រ។

៥. Airbus A340-600

វាគឺជាម៉ូដែលដែលផ្ទុកអ្នកដំណើរបានច្រើនជាងគេ ក្នុងចំណោមយន្តហោះត្រកូល A340 ទាំងអស់។ ម៉ូដែលនេះមានសមត្ថភាព ផ្តល់កន្លែងអង្គុយបាន៤៧៥កៅអីជាអតិបរមា ហើយបានចន្លោះ៣២០-៣៧០កៅអី នៅពេលបែងចែករវាងអ្នកដំណើរ៣ប្រភេទ។ ក្រុមហ៊ុនដែលប្រើប្រាស់យន្តហោះនេះ រួមមានទាំងអាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់។ វាមានបណ្តោយប្រវែង ៧៥.៣៦ម៉ែត្រ, កម្ពស់១៧.៩៣ម៉ែត្រ និងប្រវែងលាតសន្ធឹងនៃស្លាប៦៣.៤៥ម៉ែត្រ។

៤. Boeing 777-300ER

យន្តហោះ 777-300ER ដែលជាសំណៅដំបូងនៃត្រកូល 777 របស់ Boeing ត្រូវបានប្រគល់ឱ្យអតិថិជនកាលពីឆ្នាំ២០០៤។ អាកាសចរណ៍ដូចជា Singapore Airlines និង United Airlines នៅមានប្រើប្រាស់យន្តហោះអ្នកដំណើរម៉ូដែលនេះ។ កៅអីអង្គុយ​អតិបរមារបស់វាគឺ៥៥០កៅអី ខណៈបែងចែងរវាងក្រុមអ្នកដំណើរ២ប្រភេទ គឺ Business និង Economy គឺអាចផ្តល់៣៩៦កៅអី។ វាមានបណ្តោយប្រវែង៧៣.៩ម៉ែត្រ, កម្ពស់១៨.៥ម៉ែត្រ និងប្រវែងលាតសន្ធឹងនៃស្លាប៦៤.៧៥ម៉ែត្រ។

៣. Boeing 747-8

វាបានបង្ហាញខ្លួនលើកដំបូងកាលពីឆ្នាំ២០១២ ជាមួយបណ្តោយប្រវែង៧៦.៣ម៉ែត្រ, កម្ពស់១៩.៤ម៉ែត្រ និងស្លាបលាតសន្ធឹងប្រវែង៦៨.៤ម៉ែត្រ។ Boeing 747-8 អាចផ្តល់កន្លែងអង្គុយក្នុងកម្រិតអតិបរមាចំនួន៦០៥កៅអី ហើយអាចផ្តល់បាន៤៦៧កៅអីនៅពេល​បែងចែករវាងក្រុមអ្នកដំណើរ៣ប្រភេទ។ អាកាសចរណ៍ដែលកំពុងបន្តធ្វើប្រតិបត្តិការយន្តហោះម៉ូដែលនេះ រួមមាន Air China, Korean Air និង Lufthansa ជាដើម។

២. Boeing 747-400

យន្តហោះ 747-400 ត្រូវបានបញ្ចេញជាលើកដំបូងតាំងតែពីឆ្នាំ១៩៨៩។ សព្វថ្ងៃពួកវាភាគច្រើនត្រូវបានប្រើប្រាស់ជាទូទៅសម្រាប់ការងារដឹកជញ្ជូនទំនិញ ប៉ុន្តែអាកាសចរណ៍មួយចំនួនរួមមាន Asiana Airlines និង Lufthansa នៅបន្តប្រើប្រាស់ម៉ូដែលនេះសម្រាប់ជើងហោះហើរដឹកអ្នកដំណើរនៅឡើយ។ វាមានបណ្តោយប្រវែង៧០.៦៦ម៉ែត្រ, កម្ពស់១៩.៤០ម៉ែត្រ, និងប្រវែងពីចុងស្លាបម្ខាងទៅម្ខាង៦៤.៤៤ម៉ែត្រ។ កន្លែងអង្គុយអតិបរមារបស់វាគឺ៦៦០កៅអី ខណៈបើបែងចែងរវាងក្រុមអ្នកដំណើរ៣ប្រភេទគឺបាន៤១៦កៅអី។

១. Airbus A380-800

វាត្រូវបានបង្ហាញខ្លួនដល់ពិភពលោកកាលពីឆ្នាំ២០០៧ ហើយមកទល់បច្ចុប្បន្ន គឺជាយន្តហោះអ្នកដំណើរធំជាងគេបំផុត។ ខណៈ​ការផលិតយន្តហោះម៉ូដែលនេះត្រូវបានបញ្ឈប់កាលពីឆ្នាំ២០២១ក៏ដោយ A380-800 នៅកំពុងត្រូវបានបន្តប្រើប្រាស់ដោយ​អាកាសចរណ៍ដូចជា Emirates, Singapore Airlines និង British Airways ជាដើម។ គិតជាសរុប A380-800 ចំនួន២៥៤គ្រឿង ត្រូវបានផលិតឡើង។ វាមានបណ្តោយប្រវែង៧២.៧ម៉ែត្រ, កម្ពស់២៤.១ម៉ែត្រ និងប្រវែងស្លាបលាតសន្ធឹង៧៩.៨ម៉ែត្រ។ កន្លែងអង្គុយជាអតិបរមារបស់យន្តហោះនេះ គឺរហូតដល់៨៥៣កៅអី ខណៈក្រោយការបែងចែកកន្លែងអង្គុយរវាងក្រុមអ្នកដំណើរ៤ប្រភេទ រួមមាន First Class, Business Class, Premium Economy Class និង Economy Class គឺបាន៥៤៥កៅអី៕