(ភ្នំពេញ)៖ នៅលើភពផែនដី គឺមានតែកំពូលភ្នំ Everest នោះទេ ដែលខ្ពស់ជាងគេជាមួយនឹងកម្ពស់ជិត៩,០០០ម៉ែត្រ ប៉ុន្តែបើនិយាយអំពីភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងវិញនោះ គឺមិនមែនជាភ្នំ Everest របស់យើងឡើយ។

ភ្នំដែលខ្ពស់ជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ គឺកំពុងស្ថិតនៅភពអង្គារ វាគឺមានឈ្មោះថា អូឡាំពុស (Olympus) ដែលភ្នំភ្លើងអកម្មមួយ។

យោងតាមទិន្នន័យពីអង្គការណាសា NASA ភ្នំភ្លើងអូឡាំពុសនេះមានកម្ពស់២២,៥០០ម៉ែត្រ និងបណ្តោយ៦២៤,០០០ម៉ែត្រ។ ភ្នំនេះមានកម្ពស់ខ្ពស់ជាងភ្នំ Everest បីដង និងមានបាតដ៏ធំមហិមា គឺវាអាចគ្របដណ្តប់លើរដ្ឋអារីហ្សូណា (Arizona state) នៃសហរដ្ឋអាមេរិក ឬក៏ប្រជុំកោះ Great Britain ទាំងមូលបានថែមទៀតផង។

ភ្នំអូឡាំពុសមានលក្ខណៈខុសប្លែកពីភ្នំភ្លើងដែលមនុស្សទូទៅធ្លាប់គិត ព្រោះមើលទៅវាមានលក្ខណៈដូចខ្ពង់រាបដ៏ធំមហិមាមួយនៅកណ្តាលមហាសមុទ្រដែលរីងស្ងួតហួតហែងទៅហើយ។ ជញ្ជាំងរបស់វាក៏ពុំសូវចោតប៉ុន្មានដែរ គឺមានចំណោតត្រឹមតែ១-៣ដឺក្រេប៉ុណ្ណោះ មានន័យថាប្រសិនបើអ្នកត្រូវឡើងភ្នំមួយនេះ អ្នកមិនចាំបាច់បញ្ចេញកម្លាំងច្រើនពេកទេ គ្រាន់តែប្រើពេលយូរ៕