(ភ្នំពេញ)៖ «សង្រ្គាមកូរ៉េ» បានចាប់ផ្តើមឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ នៅពេលដែលកងទ័ពកូរ៉េខាងជើងប្រមាណ ៧៥,០០០នាក់ បានឆ្លងខ្សែបន្ទាត់ស្របទី៣៨ (38th Parallel) ជាចំណុចខណ្ឌចែកព្រំដែន រវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ដែលមានសូវៀតនៅពីក្រោយ ហើយនិងសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលមានអាមេរិកគាំទ្រ។
ការឈ្លានពាននេះ ត្រូវគេចាត់ទុកថាជាការធ្វើសកម្មភាពយោធាដំបូងបំផុត ក្នុងសម័យសង្រ្គាមត្រជាក់។ នៅខែកក្កដា កងទ័ពរបស់អាមេរិកក៏បានចូលរួមក្នុងសង្រ្គាមកូរ៉េ ដើម្បីជួយកូរ៉េខាងត្បូង ហើយសម្រាប់សហរដ្ឋអាមេរិក វាជាសង្រ្គាមប្រឆាំងនឹងរបបកុម្មុយនិស្តផ្ទាល់តែម្តង។ បន្ទាប់ពីការវាយគ្នាទៅវិញទៅមកឆ្លងខ្សែបន្ទាត់ស្របទី៣៨ ការប្រយុទ្ធគ្នាក៏បាននៅជាប់ទ្រឹង ហើយភាគីទាំងសងខាងសុទ្ធតែមានមនុស្សស្លាប់យ៉ាងច្រើនសម្បើម។
នាពេលនោះ សហរដ្ឋអាមេរិកបានប្រឹងប្រែងជាខ្លាំង ដើម្បីសម្រេចឲ្យបានបទឈប់បាញ់ ក្នុងទម្រង់ណាមួយជាមួយកូរ៉េខាងជើង។ ព្រោះថាបើពុំដូច្នោះទេ ពួកគេខ្លាចថាសង្រ្គាមទ្រង់ទ្រាយធំ នឹងផ្ទុះឡើងជាមួយសហភាពសូវៀតនិងចិន ហើយអ្នកខ្លះបានព្រមានពី សង្រ្គាមលោកលើកទី៣តែម្តង។ ទីបំផុតនៅខែកក្កដា ឆ្នាំ១៩៥៣ «សង្រ្គាមកូរ៉េ» ក៏បានឈានដល់ទីបញ្ចប់ តាមរយៈបទឈប់បាញ់ គឺមិនមែនសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាផ្លូវការនោះឡើយ។
សរុបមក កងទ័ពនិងប្រជាជនស្លូតត្រង់រាប់លាននាក់ បានបាត់បង់ជីវិតនៅក្នុងសង្រ្គាមមួយនេះ ដែលមនុស្សភាគច្រើននៅអាមេរិកចាត់ទុកជា «សង្រ្គាមដែលត្រូវបានគេបំភ្លេច» ដោយសារវាពុំសូវទទួលមានការចាប់អារម្មណ៍នោះទេ បើប្រៀបធៀបជាមួយសង្រ្គាមដទៃទៀត ដូចជាសង្រ្គាមលោកលើកទី១ សង្រ្គាមលោកលើកទី២ និងសង្រ្គាមវៀតណាម។ ឧបទ្វីបកូរ៉េបានបែកជាពីររហូតមកទល់សព្វថ្ងៃ។
* កូរ៉េខាងត្បូង និង កូរ៉េខាងជើង
ឧបទ្វីបកូរ៉េបានស្ថិតក្រោមការត្រួតត្រារបស់ចក្រភពជប៉ុន ចាប់តាំងពីដើមសតវត្សរ៍ទី២០មកម្ល៉េះ ហើយនៅក្រោយសង្រ្គាមលោកលើកទី២ ជោគវាសនានៃឧបទ្វីបនេះ បានធ្លាក់ទៅក្នុងដៃរបស់សហរដ្ឋអាមេរិក និងសហភាពសូវៀត ជាអ្នកសម្រេច។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបែងចែកឧបទ្វីបកូរ៉េជាពីរ ជាបណ្តោះអាសន្នសិន ដោយមានខ្សែបន្ទាត់ស្របទី៣៨ ធ្វើជាព្រំដែនមិនផ្លូវការ។ តាមរយៈការបែងចែកនោះ គឺអាមេរិកត្រួតត្រានៅខាងត្បូង រីឯសូវៀតត្រួតត្រានៅខាងជើង។
ក្រោយមកនៅឆ្នាំ១៩៤៨ រដ្ឋថ្មីចំនួនពីរបានលេចរូបរាងឡើងនៅលើឧបទ្វីបកូរ៉េ។ នៅភាគខាងត្បូងគឺ សាធារណរដ្ឋកូរ៉េ ក្រោមការដឹកនាំរបស់លោក ស៉ីងម៉ាន់ រី (Syngman Rhee) ដែលប្រឆាំងរបបកុម្មុយនិស្ត និងទទួលបានការគាំទ្រមិនសូវជាធំដុំ នោះទេពីរដ្ឋាភិបាលអាមេរិក មុនពេលដែលកងទ័ពអាមេរិកត្រូវដកចេញទៅវិញ។ ចំណែកឯនៅភាគខាងជើង គឺសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យ ដឹកនាំដោយលោក គីម អ៉ីលស៊ុង (Kim Il Sung) ដែលប្រកាន់របបកុម្មុយនិស្ត និងទទួលការគាំទ្រជាច្រើនពីសហភាពសូវៀត មុនពេលដែលសូវៀតដកកងទ័ពចេញ។
មេដឹកនាំកូរ៉េទាំងពីរគឺនៅមិនសុខដូចគ្នា ដ្បិតខ្លួនសុទ្ធតែជាអ្នកស្នេហាជាតិ ដែលចង់បង្រួបបង្រួមកូរ៉េឲ្យទៅជាប្រទេសតែមួយវិញ ប៉ុន្តែមាននិន្នាការខុសគ្នា គឺម្នាក់តាមលោកខាងលិច និងម្នាក់តាមកុម្មុយនិស្ត។ ជម្លោះនៅខ្សែបន្ទាត់ស្របទី៣៨ បានកើតឡើងជាញឹកញាប់ ដោយកងទ័ពកូរ៉េទាំងពីរខាងសរុបជិត១ម៉ឺននាក់ បានស្លាប់ មុនពេលសង្រ្គាមផ្ទុះឡើងជាផ្លូវការទៅទៀត។ ដោយជៀសមិនផុត កូរ៉េខាងជើងក៏បានលើកទ័ពឈ្លានពានកូរ៉េខាងត្បូងក្នុងឆ្នាំ១៩៥០។
* សង្រ្គាមត្រជាក់និងសង្រ្គាមកូរ៉េ
ចំពោះសហរដ្ឋអាមេរិក ការឈ្លានពានរបស់កូរ៉េខាងជើងមកលើកូរ៉េខាងត្បូង មិនមែនគ្រាន់ជាជម្លោះផ្ទៃក្នុងធម្មតាៗ រវាងកូរ៉េទាំងពីរឡើយ ប៉ុន្តែវាអាចជាការបោះជំហានដំបូង នៃយុទ្ធនាការរបស់របបកុម្មុយនិស្ត ដើម្បីគ្រប់គ្រងពិភពលោកទាំងមូល។ ដោយសារហេតុផលនេះហើយ ទើបអាមេរិកយល់ថា ការមិនចូលអន្តរាគមន៍ គឺមិនបានជាដាច់ខាត។
ប្រធានាធិបតីអាមេរិកជំនាន់នោះ គឺលោក ហារី ទ្រូម៉ាន់ (Harry Truman) បាននិយាយថា ប្រសិនបើមិនជួយកូរ៉េខាងត្បូងទេ សូវៀតនឹងមិនបញ្ឈប់ត្រឹមកូរ៉េឡើយ ហើយបន្តវាតទីឥទ្ធិពលកុម្មុយនិស្តពាសពេញពិភពលោក។ ដូច្នេះហើយ សង្រ្គាមនៅឧបទ្វីបកូរ៉េ គឺជានិមិត្តសញ្ញានៃការប្រជែងឥទ្ធិពលគ្នា រវាងរបបសេរីនិងកុម្មុយនិស្តនៅលើសកលលោក ក្នុងសម័យសង្រ្គាមត្រជាក់។
នៅពេលដែលកងទ័ពកូរ៉េខាងជើង វាយចូលដល់រដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូង សហរដ្ឋអាមេរិកបានត្រៀមលក្ខណៈកងទ័ពរបស់ខ្លួន ដើម្បីធ្វើសង្រ្គាមប្រឆាំងនឹងរបបកុម្មុយនិស្តតែម្តង គឺមិនមែនតែកូរ៉េខាងជើងនោះឡើយ នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ពីដំបូងឡើយ វាគ្រាន់តែជាការទប់ទល់ធ្វើយ៉ាងណា ឲ្យកូរ៉េខាងជើងដកខ្លួនចេញពីកូរ៉េខាងត្បូងវិញ ហើយវាមិនងាយស្រួលអ្វីបន្តិចនោះទេសម្រាប់សម្ព័ន្ធមិត្តកូរ៉េខាងត្បូងនិងអាមេរិក។
បន្ទាប់មកលោក ទ្រូម៉ាន់ និងលោក ឌូគឡាស់ ម៉ាក់អាតសឺ (Douglas MacArthur) ដែលជាអគ្គមេបញ្ជាការយោធាអាមេរិកប្រចាំនៅអាស៉ី-ប៉ាស៉ីហ្វិក ក៏បានសម្រេចកំណត់គោលដៅថ្មីនៃសង្រ្គាមកូរ៉េ គឺលែងត្រឹមជាការទប់ទល់ទៀតហើយ ប៉ុន្តែជាការវាយរំដោះដែនដីភាគខាងជើងឧបទ្វីបកូរ៉េចេញរបបកុម្មុយនិស្តតែម្តង។
ក្នុងជំហានដំបូង ការដាក់គោលដៅយុទ្ធសាស្រ្តថ្មីនេះ គឺទទួលបានជោគជ័យគួរឲ្យកត់សម្គាល់។ សមរភូមិអ៉ីនឈាន់ បានរុញច្រានកងទ័ពកូរ៉េខាងជើងឲ្យចេញពីរដ្ឋធានីសេអ៊ូល ហើយត្រឡប់ទៅដែនម្ខាងទៀតនៃខ្សែបន្ទាត់ស្របទី៣៨វិញ។ អាមេរិកនិងកូរ៉េខាងត្បូងក៏បានឆ្លងខ្សែបន្ទាត់នេះ ហើយបន្តវាយទៅដល់រដ្ឋធានីព្យុងយ៉ាងរបស់កូរ៉េខាងជើង។
ប៉ុន្តែនៅពេលកងទ័ពសម្ព័ន្ធមិត្តឆ្ពោះទៅរកទន្លេយ៉ាលូ ដែលជាព្រំដែនរវាងកូរ៉េខាងជើងនិងចិន ចិនក៏បានចាប់ផ្តើមកើតក្តីបារម្ភថា ប្រសិនបើកូរ៉េខាងជើងត្រូវអាមេរិកវាយកាន់កាប់បាននោះ វានឹងក្លាយការគំរាមកំហែងដ៏ធំបំផុតនៅមាត់ទ្វារផ្ទះរបស់ខ្លួន។ ហេតុដូច្នេះ មេដឹកនាំចិន លោក ម៉ៅ សេទុង ក៏បានបញ្ជូនកងទ័ពចូលជួយកូរ៉េខាងជើង ហើយព្រមានសហរដ្ឋអាមេរិកឲ្យនៅឲ្យឆ្ងាយពីទន្លេយ៉ាលូ បើមិនចង់មានសង្រ្គាមទ្រង់ទ្រាយធំផ្ទុះឡើង។
សង្រ្គាមទ្រង់ទ្រាយធំជាមួយចិន ក៏ជាអ្វីដែលលោក ទ្រូម៉ាន់ មិនចង់បានដែរ ព្រោះវានឹងធ្វើឲ្យសូវៀតឆ្លៀតឱកាស ពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅអឺរ៉ុប ហើយដោយសារតែចិនជាសម្ព័ន្ធមិត្តរបស់សូវៀត នោះសូវៀតអាចនឹងចូលជួយ រហូតឈានដល់ការប្រើអាវុធនុយក្លេអ៊ែរដាក់គ្នា ដែលនឹងបណ្តាលឲ្យមនុស្សរាប់លាននាក់ស្លាប់ជាក់ជាមិនខាន។ ប៉ុន្តែសម្រាប់មេទ័ពអាមេរិក ម៉ាក់អាតសឺ គឺលោកមិនយល់ស្របជាមួយប្រធានាធិបតីខ្លួនឡើយ។
យ៉ាងណាមិញ បន្ទាប់ពីកងទ័ពចិនចូលមកដល់កូរ៉េខាងជើង កងទ័ពចិនក៏ទទួលបានជោគជ័យ ក្នុងការវាយបណ្តេញសហរដ្ឋអាមេរិក ចេញពីរដ្ឋធានីព្យុងយ៉ាង ហើយឲ្យអាមេរិកនិងកូរ៉េខាងត្បូង ថយទៅផុតខ្សែបន្ទាត់ស្របទី៣៨វិញ។ ទោះជាបែបនេះក្តី កងទ័ពចិននិងកូរ៉េខាងជើងក៏បានបន្តវាយលុកឆ្លងចូលកូរ៉េខាងត្បូង រហូតទៅដល់រដ្ឋធានីសេអ៊ូលជាថ្មីម្តង និងកាន់កាប់ទីនោះបានមួយរយៈ។ នាពេលនោះរដ្ឋាភិបាលអាមេរិក បានគំរាមចង់ប្រើអាវុធនុយក្លេអ៊ែរលើចិន ប៉ុន្តែទន្ទឹមគ្នាដែរ កងទ័ពអាមេរិកនិងកូរ៉េខាងត្បូង ក៏បានទទួលជោគជ័យក្នុងការវាយបណ្តេញកងទ័ពកូរ៉េខាងជើងនិងចិនឲ្យដកថយពីសេអ៊ូល ត្រឡប់ទៅដែនម្ខាងទៀតនៃខ្សែបន្ទាត់ស្របទី៣៨វិញ ប៉ុន្តែលើកនេះអាមេរិកបានសម្រេចថា មិនឆ្លងចូលទៅខាងកូរ៉េខាងជើងទៀតនោះទេ។
* សង្រ្គាមកូរ៉េឈានដល់ដំណាក់កាលជាប់គាំង និងការព្យាយាមចរចារកសន្តិភាព
នៅខែកក្កដា ឆ្នាំ១៩៥១ លោក ទ្រូម៉ាន់ និងមេបញ្ជាការថ្មីរបស់លោក (លោក ម៉ាក់អាតសឺ ត្រូវបានដកចោលកាលពីប៉ុន្មានខែមុន ព្រោះតែមិនស្តាប់បង្គាប់) បានចាប់ផ្តើមការចរចាគ្នាជាមួយចិននិងកូរ៉េខាងជើង នៅឯភូមិផានមុនជុម។ យ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នានៅតែបន្តកើតមានតាមបណ្តោយខ្សែបន្ទាត់ស្រប ដោយសារការចរចាមិនទៅមុខ។
ទីបំផុតក្រោយការខិតខំចរចាគ្នាអស់រយៈពេលដល់ទៅជាង២ឆ្នាំ គូបដិបក្ខក៏បានយល់ព្រមចុះហត្ថលេខាលើបទឈប់បាញ់ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣។ តាមរយៈបទឈប់បាញ់នោះ ខ្សែបណ្តោយព្រំដែនថ្មីនៃកូរ៉េទាំងពីរ ត្រូវបានគូរឡើងនៅក្បែរខ្សែបន្ទាត់ស្របទី៣៨ ហើយបង្កើតឲ្យមានតំបន់គ្មានកងទ័ព (Demilitarized Zone) ដែលមានទទឹងប្រវែងជាង៣គីឡូម៉ែត្រ។
* ចំនួនមនុស្សស្លាប់ក្នុងសង្រ្គាមកូរ៉េ
ការប្រយុទ្ធគ្នាខ្លាំងក្នុងសង្រ្គាមកូរ៉េមានរយៈពេលមិនសូវជាយូរប៉ុន្មានមែន ប៉ុន្តែការបង្ហូរឈាមគឺខ្លាំងក្លា ដោយមនុស្សសរុបជិត៥លាននាក់បានបាត់បង់ជីវិត ដោយក្នុងនោះ គឺជាងពាក់កណ្តាលជាជនស៉ីវិលស្លូតត្រង់កូរ៉េ។
គួរជម្រាបថា ទោះបច្ចុប្បន្នឧបទ្វីបកូរ៉េមានសុខសន្តិភាពក៏ដោយ បើតាមបច្ចេកទេសគឺកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅតែស្ថិតក្នុងសង្រ្គាមជាមួយគ្នាដដែល ដ្បិតប្រទេសទាំងពីរពុំមានសន្ធិសញ្ញាបញ្ចប់សង្រ្គាមជាផ្លូវការទេ គឺមានតែបទឈប់បាញ់ប៉ុណ្ណោះ។ ប្រទេសកូរ៉េខាងត្បូងឥឡូវស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី លោក មូន ចេអ៉ីន ខណៈប្រទេសកូរ៉េខាងជើងស្ថិតក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន ដែលត្រូវជាចៅរបស់លោក គីម អ៉ីលស៊ុង៕