(ពិភពលោក)៖ នៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិយើងនេះ មានប្រទេសជាច្រើនបានបាត់ឈ្មោះចេញពីផែនទីពិភពលោក ហើយក៏មានប្រទេសខ្លះទៀតត្រូវបាត់បង់ផ្នែកខ្លះទៅប្រទេសជិតខាង ឬប្រទេសដទៃទៀតដែរ។ ខាងក្រោមនេះជាប្រវត្តិរបស់អតីតប្រទេសចំនួន ៦ ដែលបានបាត់ឈ្មោះចេញពីផែនទីពិភពលោក ក្នុងពេលមួយសតវត្សរ៍ចុងក្រោយនេះ ក្នុងនោះរួមមាន៖
១៖ រាជាណាចក្រព្រុសស៉ី (Kingdom of Prussia)
ព្រុសស៉ី គឺជាអតីតព្រះរាជាអាណាចក្រដ៏ខ្លាំងក្លាមួយ ស្ថិតតាមបណ្ដោយឆ្នេរភាគអាគ្នេយ៍នៃសមុទ្របាល់ទិក (Baltic Sea) ពោលគឺគ្របសណ្ដប់លើផ្នែកភាគច្រើននៃប្រទេសអាល្លឺម៉ង់ និងប្រទេសប៉ូឡូញបច្ចុប្បន្ន។
ដំបូងឡើយ ជនជាតិព្រុសស៉ីបានបង្កើតអាណាចក្រដំបូងរបស់ខ្លួននៅគ្រិស្ដសករាជ ១៥២៥ ដែលមានរាជធានីនៅទីក្រុងខននិកស្បឺក (Königsberg) ក្រោយមកក៏បានប្ដូររាជធានីទៅកាន់ក្រុងប៊ែរឡាំង (Berlin) វិញ នៅគ្រិស្ដសករាជ ១៧០១។ លុះដល់គ្រិស្ដសករាជ ១៨៧១ ផ្នែកខាងលិចនៃអាណាចក្រព្រុសស៉ីក៏បានធ្លាក់ជារដ្ឋចំណុះរបស់ចក្រភពអាល្លឺម៉ង់ ដែលមានអធិការបតីអាល្លឺម៉ង់ម្នាក់ជាអ្នកគ្រប់គ្រង រីឯផ្នែកខាងកើតក៏បានទៅលើប្រទេសប៉ូឡូញ។ លុះដល់គ្រិស្ដសករាជ ១៩១៨ អាល្លឺម៉ង់បានរំលាយរបបរាជានិយមចោល ហើយក៏បានបង្កើតជាសាធារណរដ្ឋព្រុសស៉ីវិញ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់អធិការបតីអាល្លឺម៉ង់ដដែល។
នៅថ្ងៃទី២៥ ខែកុម្ភៈ គ្រិស្ដសករាជ ១៩៤៧ ប្រទេសព្រុសស៉ីក៏បានដល់នូវថ្ងៃអវសាន ដោយមានមហាអំណាចចំនួន ៤ មានសហរដ្ឋអាមេរិក សហភាពសូវៀត ចក្រភពអង់គ្លេស និងសាធារណរដ្ឋបារាំង បានរួមដៃគ្នារំលាយព្រុសស៉ីចេញពីផែនទីពិភពលោក តាមរយៈច្បាប់លេខ ៤៦ (Law No.46) ពោលគឺនៅក្រោយអាល្លឺម៉ង់ចាញ់សង្រ្គាមលោកលើកទី២។ បន្ទាប់ពីនោះមក ទឹកដីប្រទេសព្រុសស៉ីក៏ត្រូវបានបញ្ចូលទៅក្នុងរដ្ឋមួយចំនួននៃប្រទេសអាល្លឺម៉ង់។
២៖ សាធារណរដ្ឋសង្គមនិយមសហព័ន្ធយូហ្គោស្លាវី (SFR Yugoslavia)
យូហ្គោស្លាវី គឺជាអតីតរដ្ឋសហព័ន្ធមួយដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី០១ ខែវិច្ឆិកា គ្រិស្ដសករាជ ១៩១៨។ ប្រជាជនដែលរស់នៅក្នុងប្រទេសនេះ គឺចម្រុះទៅដោយជាតិសាសន៍ និងវប្បធម៌ផ្សេងៗពីគ្នា។ មេដឹកនាំយូហ្គោស្លាវីដែលល្បីល្បាញជាងគេនោះ គឺលោក ហ្សូស៊ីព ប្រូ ទីតូ (Josip Broz Tito) ដែលបានកាន់តំណែងជាប្រធានាធិបតីសហព័ន្ធយូហ្គោស្លាវី ចាប់ពីគ្រិស្ដសករាជ ១៩៥៣-១៩៨០។ លុះដល់គ្រិស្ដសករាជ ១៩៩២ សហព័ន្ធយូហ្គោស្លាវីក៏បានបែកខ្ញែកចេញពីគ្នា ហើយក្លាយជាប្រទេសថ្មីៗចំនួន ៧ ក្នុងនោះរួមមាន ស្លូវេនី (Slovenia) ក្រូអាស៉ី (Croatia) បូស្ន៉ី (Bosnia) ម៉ុងតេណេហ្គ្រោ (Montenegro) ស៊ែប៊ី (Serbia) កូសូវ៉ូ (Kosovo) និងម៉ាសេដ្វាន ឬម៉ាសេដូនីខាងជើង (North Macedonia)។
៣៖ រាជាណាចក្រទីបេ (Kingdom of Tibet)
ជនជាតិទីបេបានបង្កើតរដ្ឋដំបូងរបស់ខ្លួនតាំងពីឆ្នាំ ៥០០ មុនគ្រិស្ដសករាជមកម្ល៉េះ ដោយកាលណោះមានឈ្មោះថា អាណាចក្រចាងជុង (Kingdom of Zhangzhung)។ អាណាចក្រនេះបានបន្តអាយុកាលរហូតដល់គ្រិស្ដសករាជ ៦២៥ និងមានទំនាក់ទំនងយ៉ាងល្អជាមួយរាជវង្សថាង (Tang dynasty) ដែលកំពុងគ្រប់គ្រងប្រទេសចិន។ ទីបេក៏ធ្លាប់ជាចក្រភពដ៏ធំមួយផងដែរ (Tibetan Empire) ដោយនៅចុងសតវត្សទី៨ (គ.ស. ៧៨០-៧៩០) ទឹកដីនៃចក្រភពមួយនេះ គឺមានវិសាលភាពធំជាងពេលណាៗទាំងអស់។
នៅក្នុងសម័យកាលដែលពួកម៉ុងហ្គោលវាយត្រួតត្រាពិភពលោកនោះ ទីបេក៏បានធ្លាក់នៅក្រោមការត្រួតត្រារបស់អធិរាជវាលស្មៅមួយនេះដែរ។ ប៉ុន្តែបន្ទាប់ពីការដួលរលំនៃរាជវង្សយ័នរបស់ម៉ុងហ្គោលនៅប្រទេសចិន (Yuan dynasty) នាសតវត្សទី១៤ នោះមក ទីបេក៏បានទទួលឯករាជ្យរបស់ខ្លួនមកវិញ។
ភាពសុខសាន្តមានរយៈពេលតែជាង ៣០០ ឆ្នាំប៉ុណ្ណោះ ដោយក្នុងពេលដែលរាជវង្សម៉េង (Ming dynasty) និងរាជវង្សឆេង (Qing dynasty) គ្រប់គ្រងប្រទេសចិននោះ ទីបេនិងចិនបានធ្វើចម្បាំងនឹងគ្នាជាញឹកញាប់។ នៅសតវត្សទី១៨ កងទ័ពមហាឆេងបានវាយទន្ទ្រានយ៉ាងខ្លាំងក្លាទៅលើទីបេ ហើយបានដាក់ទីបេជានគរចំណុះរបស់ខ្លួន។ ប្រការនេះ ជាហេតុនាំឱ្យកើតមានសឹកចម្បាំងអស់កាលវេលាយ៉ាងយូរ ពោលគឺទាល់តែរាជវង្សឆេងដួលរលំនៅគ្រិស្ដសករាជ ១៩១២ ទើបទីបេទទួលបានឯករាជ្យរបស់ខ្លួនម្ដងទៀត។ ប៉ុន្តែក្រោយមក រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនក៏បានទាមទារយកទីបេមកវិញ និងដាក់ជាតំបន់រដ្ឋបាលស្វយ័តមួយរបស់ប្រទេសចិន ចាប់ពីគ្រិស្ដសករាជ ១៩៥០ រហូតដល់ពេលបច្ចុប្បន្ន។
៤៖ សាធារណរដ្ឋសហព័ន្ធឆេកូស្លូវ៉ាគី (Czecho-Slovakia)
ឆេកូស្លូវ៉ាគី ជាអតីតរដ្ឋសហព័ន្ធមួយនៅភាគកណ្ដាលនៃទ្វីបអឺរ៉ុប ដែលបានបង្កើតឡើងជាផ្លូវការនៅខែតុលា គ្រិស្ដសករាជ ១៩១៨ បន្ទាប់ពីទទួលបានឯករាជ្យពីចក្រភពអូទ្រីស-ហុងគ្រី (Austria-Hungary)។ ក្នុងសម័យសង្គ្រាមលោកលើកទី២ (១៩៣៩-១៩៤៥) របបណាហ្ស៉ីអាល្លឺម៉ង់ (Nazi Germany) បានចូលកាន់កាប់សហព័ន្ធឆេកូស្លូវ៉ាគីទាំងស្រុង ប៉ុន្តែនៅគ្រិស្ដសករាជ ១៩៤៥ កងទ័ពក្រហមរបស់សហភាពសូវៀតបានរំដោះប្រទេសនេះមកវិញ ហើយក៏ទទួលយកលទ្ធិសង្គមនិយមរបស់សហភាពសូវៀតផងដែរ។
ជាអកុសល នៅគ្រិស្ដសករាជ ១៩៩៣ សាធារណរដ្ឋមួយនេះក៏បានផ្ដាច់ខ្លួនចេញពីគ្នា ដោយភាគខាងកើតក្លាយជាសាធារណរដ្ឋឆែក (Czech Republic) និងខាងលិចក្លាយជាសាធារណរដ្ឋស្លូវ៉ាគី (Slovak Republic) រហូតដល់ពេលបច្ចុប្បន្ន។
៥៖ ចក្រភពអូតូម៉ង់ (Ottoman Empire)
អូតូម៉ង់ គឺជាអតីតចក្រភពដ៏មហាសាលមួយ ដែលគ្របដណ្ដប់លើភាគអាគ្នេយ៍នៃទ្វីបអឺរ៉ុប ភាគខាងកើតនៃទ្វីបអាស៉ី និងភាគខាងជើងនៃទ្វីបអាហ្វ្រិក។ ភាពខ្លាំងក្លារបស់ចក្រភពនេះ គឺកើតមានចាប់ពីសតវត្សទី១៣ ដល់សតវត្សទី២០។ ចក្រភពនេះបានបន្តរហូតដល់គ្រិស្ដសករាជ ១៩២២ ពោលគឺក្រោយបញ្ចប់សង្គ្រាមលោកលើកទី១ (១៩១៤-១៩១៨)។ បន្ទាប់ពីដួលរលំទាំងស្រុងបាត់ទៅ ចក្រភពអូតូម៉ង់នៅសល់តែប្រទេសតួកគីតែមួយគត់ ដែលបានបន្តរហូតមកដល់សព្វថ្ងៃ។
៦៖ រាជាណាចក្រស៉ីកឃីម (Kingdom of Sikkim)
ស៉ីកឃីម គឺជាអតីតនគរតូចមួយស្ថិតនៅលើភ្នំហិមាល័យ (Himalayas) ពោលគឺនៅចន្លោះប្រទេសប៊ូតង់ និងប្រទេសនេប៉ាល់បច្ចុប្បន្ន។ ព្រះរាជាណាចក្រមួយនេះកកើតឡើងតាំងពីគ្រិស្ដសករាជ ១៦៤២ មកម្ល៉េះ តែនៅក្នុងឆ្នាំគ្រិស្ដសករាជ ១៩៥០ ប្រទេសនេះបានស្ថិតនៅក្រោមការត្រួតត្រារបស់យក្សឥណ្ឌា និងបានក្លាយជារដ្ឋមួយនៃប្រទេសឥណ្ឌានៅថ្ងៃទី១៦ ខែមីនា គ្រិស្ដសករាជ ១៩៧៥។ ប្រជាជននៅក្នុងរដ្ឋមួយនេះ មានភិនភាគស្រដៀងទៅនឹងជនជាតិទីបេ ដោយអ្នកខ្លះកាន់សាសនាព្រះពុទ្ធ អ្នកខ្លះទៀតក៏កាន់សាសនាហិណ្ឌូជាដើម៕